ប្រជាសហគមន៍ព្រៃឡង់ឲ្យដឹងថាបទល្មើសព្រៃឡង់នៅតែបន្តកើតមានឡើងដោយពួកគេអះអាងថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើធ្វើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។
ក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព ថ្លែងថាក្រោយពីក្រុមសហគមន៍ចុះល្បាតបទល្មើសព្រៃឡង់៥ថ្ងៃនៅដើមខែកុម្ភៈក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ លោកថាពួកគេបានរកឃើញបទល្មើសព្រៃឈើជាក់ស្តែង៤៣ករណីនិងរឹបអូសម៉ាស៊ីនរណាយន្ត១៩គ្រឿង ឈើជ្រៀករួចមាន៧៥ម៉ែត្រគូប និងឈើមិនទាន់ជ្រៀកមាន១៥៩ដើម។ ពួកគេក៏បានឃើញគល់ឈើកាប់រួចថ្មីមាន៧៨៧គល់និងការកាប់រានដីព្រៃ២៨៣ហិកតា។ លោកថាក្នុងចំណោមខេត្តទំាងនោះខេត្តកំពង់ធំមានបទល្មើសព្រៃឈើច្រើនជាងគេ។ លោក ហឿន សុភាព បង្ហាញការព្រួយបារម្ភចំពោះធនធានធម្មជាតិនៅក្នុងព្រៃឡង់នោះដោយលោកថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើបន្ទាប់ពីបានដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា៖ ”យើងឃើញបទល្មើសដែលកើតឡើងចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលគាត់មានអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលផ្តល់ឲ្យគឺគាត់មានរោងចក្រអាឈើនៅក្នុងតំបន់នីមួយគឺគាត់បានធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ចូលមកក្នុងរោងចក្រ ហើយគាត់ដឹកចេញរបៀបណាឬគាត់ដឹកចេញផ្សេងៗមានឡានធំៗដឹកផងដែរ”។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត សុំមិនអត្ថាធិប្បាយលើករណីនេះដោយលោកបង្វែរសំនួរឲ្យទៅសួរប្រធានរដ្ឋបាលព្រៃឈើលោក ឆេង គឹមស៊ុន វិញ។ ប៉ុន្តែVODមិនទាន់សុំការបំភ្លឺពីលោក ឆេង គឹមស៊ុនបានទេនៅថ្ងៃចន្ទនេះ។
បើតាមវេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ (www.prelang.net) បង្ហាញថាព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ព្រៃដ៏ធំមួយនោះមានប្រជាពលរដ្ឋរស់នៅរួមទាំងជនជាតិដើមភាគតិចផងប្រហែលជា២០ម៉ឺននាក់ដែលអ្នកទាំងនោះរស់នៅអាស្រ័យអនុផលពឹងលើព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ៕