អង្គការខុមហ្វ្រែលថាពលរដ្ឋនៅភ្នំពេញដែលពេញចិត្តការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលមានការកើនឡើង

រូបភាព Comfrel កាលពីពេលកន្លងទៅ

អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលបានឲ្យដឹងថា របាយការណ៍ឃ្លាំមើល និងការផ្ដល់ពិន្ទុពីប្រជាពលរដ្ឋបង្ហាញថា ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលពេញចិត្តនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាបាលកើនឡើង៥%ក្នុងឆ្នាំ២០១៥ បើធៀបនឹងឆ្នាំ២០១៤។

របាយការណ៍របស់អង្គការខុមហ្វ្រែលដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបង្ហាញថា បើប្រៀបធៀបលទ្ធផលផ្ដល់ពិន្ទុឆ្នាំ២០១៤ និងឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដោយប្រើវិធីសាស្ត្រដូចគ្នានោះ ចំនួនប្រជាពលរដ្ឋមិនពេញចិត្តនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលធ្លាក់ចុះពី៥៥%នៅក្នុងឆ្នាំ២០១៤ មកនៅត្រឹម៥០% ខណៈចំនួនពលរដ្ឋដែលពេញចិត្តនឹងការអនុវត្តរបស់រដ្ឋាភិបាលនៅដដែលគឺ២០%។ របាយការណ៍បន្តថា ប្រជាពលរដ្ឋដែលផ្ដល់ពិន្ទុនៅរាជធានីភ្នំពេញចំនួន៥% បានប្រែប្រួលពីមិនពេញចិត្តទៅពេញចិត្តខ្លះ។

របាយការណ៍ដដែលឲ្យដឹងដែរថា ក្នុងឆ្នាំទី២នៃរដ្ឋាភិបាលនីតិកាលទី៥ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចពេញលេញនូវការអនុវត្តគោលនយោបាយបានតែចំនួន៦នៃ១៦ចំណុច ឬស្មើនឹង៣៧,៥%នៃគោលនយោបាយដែលមានសូនាករច្បាស់លាស់ដែលមានដូចជា កំណើនសេដ្ឋកិច្ចបាន៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រក្នុង១% ក្នុងមួយឆ្នាំ ការបញ្ឃប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុង គោលដៅនៃចំនួនទេសចរណ៍ពីក្រៅប្រទេស និងការបង្កើតគោលនយោបាយជាតិស្ដីពីមុខរបប និងការងារ។

របាយការណ៍បន្តថា គោលនយោបាយ៧ចំណុចដែលរដ្ឋាភិបាលអនុវត្តសម្រេចបានខ្លះរួមមាន ការរក្សាផ្ទៃទឹកនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ការកសាងគោលនយោបាយជាតិស្ដីពីសិទ្ធិលំនៅស្ថាន ប្រជាជនទទួលសេវាទឹកស្អាត ពង្រឹកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យដល់ភូមិ បន្តកសាងអនុវិទ្យាឲ្យបានគ្រប់ឃុំ និងការនាំចេញអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥។ ឯគោលនយោបាយចំនួន៣ទៀត រដ្ឋាភិបាលបានអនុវត្តតែមិនអាចសម្រេចបាន ឬបានតិចតួច។

សម្រាប់ការផ្ដល់ពិន្ទុលើគោលនយោបាយដែលមិនមានសូចនាករច្បាស់លាស់ ប្រជាពលរដ្ឋ២៦%ពេញចិត្ត ប្រមាណ៦២%ពេញចិត្តខ្លះ និងប្រមាណ១២%មិនពេញចិត្តនឹងលទ្ធផលនៃការអនុវត្តគោលនយោបាយទាំងនោះ។

នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យដឹងថា របាយការណ៍ស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ត្រូវបានធ្វើឡើងដោយផ្អែកលើការវិភាគព័ត៌មាន ឬទិន្នន័យដែលមានស្រាប់មកពីប្រព័ន្ធផ្សព្វផ្សាយ និងអង្គការជាតិអន្តរជាតិ ព្រមទាំងការផ្ដល់ពិន្ទុពីប្រជាពលរដ្ឋ៧៩៧នាក់ ក្នុង២៤រាជធានីខេត្ត រយៈពេល៩ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ