ធនាគារជាតិនៃកម្ពុជា រំឮកឲ្យគ្រឹះស្ថានដែលផ្តល់ប្រាក់កម្ចីដល់អតិថិជន ឈប់យកលិខិតយថាភូត ឬ ឯកសារសម្គាល់លក្ខណៈប្រជាពលរដ្ឋសម្រាប់ទុកជាវត្ថុធានាលើការផ្តល់ឥណទាននោះ ដោយអះអាងថា ខុសពីនីតិវិធីច្បាប់។
ក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា អគ្គនាយក អគ្គនាយិកាគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដែលផ្តល់ប្រាក់កម្ចីដល់អតិថិជនរបស់ខ្លួន ដោយទទួលយកលិខិតយថាភូត គឺអត្តសញ្ញាណបណ្ណ ឬសៀវ ភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ពីពួកគេសម្រាប់ទុកជាវត្ថុធានាក្នុងការផ្តល់ប្រាក់ឥណទាន ត្រូវបញ្ឈប់ជាបន្ទាន់ ដោយអះអាងថា អនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី និងបទបញ្ញត្តិច្បាប់ជាធរមានទេ។
សេចក្តីជូនដំណឹងបញ្ជាក់ថា លិខិតយថាភូតដែលអាជ្ញាធរមានសមត្ថកិច្ចចេញឲ្យប្រជាពលរដ្ឋនោះ គឺសម្រាប់បញ្ជាក់ពីអត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនមែនសម្រាប់ដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់ឥណទានឡើយ ដោយថាលិខិតនោះមិនមានតម្លៃ សេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្មនោះទេ។
សេចក្តីជូនដំណឹងដដែលក៏បានព្រមានថា បើគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងប្រតិបត្តិការឥណទានជនបទទាំងអស់មិនគោរពតាមច្បាប់ទេ នោះធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការច្បាប់ ដោយធ្វើការផាកពិន័យតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕