ក្រសួងមហាផ្ទៃច្រានចោលសំណើររបស់លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ នៃគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើសុំមោឃភាពលទ្ធផលសមាជគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីដើមឆ្នាំ២០១៥ ដោយអះអាងថា សមាជនោះធ្វើឡើងស្របតាមច្បាប់។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦លើកឡើងថា ខ្លឹមសារលក្ខន្តិកៈរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានតម្កល់ទុកនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ក្នុងជំពូកទី៤ ត្រង់ប្រការ១៥ ចែងថា សមាជ គឺជាអង្គការកំពូលរបស់គណបក្ស ហើយសមាជិកចូលរួមសមាជទៅតាមការអញ្ជើញរបស់ប្រធានគណបក្សឬប្រធានគណបក្សស្តីទី នៅពេលប្រធានបក្សអវត្តមាន។ លិខិតបញ្ជាក់ថា សមាជរបស់គនបក្សហ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នាពេលនោះ បានប្រព្រឹត្តទៅត្រឹមត្រូវ និងស្របតាមការកំណត់។
ម្យ៉ាងទៀត លិខិតដដែលឲ្យដឹងទៀតថា បច្ចុប្បន្ននេះ លោក ញឹម ប៊ុនឆៃ និងសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចចាស់មួយចំនួនបានរួមគ្នាបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សខ្មែររួបរួមជាតិ ហើយត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយផងដែរ។
យ៉ាងណាក៏ដោយ វីអូឌី(VOD) មិនទាន់សុំការបំភ្លឺជុំវិញករណីនេះ ពីអតីតអនុប្រធានទី២នៃគណបក្សហ្វ៊ុនស៊ិន លោក ញឹក ប៊ុនឆៃ បានទេ។
គួរបញ្ជាក់ថា ការបង្កើតគណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃ កើតឡើងក្រោយពេលដែលវិវាទផ្ទៃក្នុង គណបក្សហ្វ៊ុនស៊ិនប៉ិចបានឡើងកម្ដៅជាថ្មី ក្រោយការរួបរួមគ្នាឡើងវិញ។ កាលពីចុងខែមករា សម្ដេចក្រុមព្រះបានមានព្រះបន្ទូលរិះ គន់ដោយមិន ចំឈ្មោះ ថា “កុំទទួលទានបាយហើយ បោកឆ្នាំងចោល” ដោយបន្ទូលសម្តេចក្រុមព្រះទំនង ជាសំដៅទៅលើលោក ញឹក ប៊ុនឆៃ ដែលជាដៃគូជម្លោះដ៏ជូរចត់ពីអតីតកាល។ ចំណែកលោក ញឹក ប៊ុនឆៃ ក៏ធ្លាប់រិះគន់ថា ក្រោមការដឹកនាំរបស់ព្រះអង្គរយៈពេល១ឆ្នាំ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនមានការរីកចម្រើន និងនាំឲ្យប្រជាប្រិយភាពរបស់បក្សធ្លាក់ចុះ។
លោក ញឹក ប៊ុនឆៃ ក៏បានស្នើឲ្យសម្តេចក្រុមព្រះរៀបចំសិក្ខាសាលាមួយ ដែលមេដឹកនាំបក្សរូបនោះថា ដើម្បីបានជម្រះមន្ទិលពីការចោទប្រកាន់គ្នាទៅវិញទៅមក ទាក់ទិននឹងជម្លោះបែកបាក់ផ្ទៃក្នុងពីអតីតកាល តែសម្ដេចក្រុមព្រះបានបដិសេធ ដោយអះអាងថា របៀបវារៈដែលស្នើដោយលោក ញឹក ប៊ុនឆៃ គឺជាបញ្ហាដែលកើតឡើងពេលព្រះអង្គមិននៅក្នុងប្រទេស៕