ប្រជាពលរដ្ឋមកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នានៅវត្តភ្នំក្នុងរាជធានីភ្នំពេញ ដើម្បីសុំឲ្យរដ្ឋាភិបាលជួយដោះលែង តំណាងរបស់ពួកគេពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួន និងជួយស្វែងរកដំណោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រូច ប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំបានថ្លែងថា តំណាងរបស់ពួកគាត់ពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី។
ប្រជាពលរដ្ឋទាំងនេះបញ្ជាក់ពីគោលបំណងដូចៗគ្នាថា ពួកគេធ្វើដំណើរពីខេត្តកំពង់ស្ពឺ មកកាន់រាជធានីភ្នំពេញនេះ គឺដើម្បីសុំឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋជួយអន្តរាគមន៍ដោះលែងតំណាងពួកគេវិញ និងជួយដោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយ តាំងពីឆ្នាំ២០០៧នេះ ឲ្យបានឆាប់ដើម្បីអាចធ្វើស្រែបង្កបង្កើនផលបានដោយមិនមានការភ័យខ្លាច។
ស្ត្រីជាសកម្មជនដីធ្លី២នាក់ គឺអ្នកស្រី យូ រ៉ុន អាយុ៥១ឆ្នាំ និងអ្នកស្រី អ៊ីត រុំ អាយុ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលពួកគេត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលបំភ្លឺ ទាក់ទិននឹងជម្លោះដីធ្លីមួយកន្លែងនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៦៥គ្រួសារនៅភូមិថ្មី ជាមួយអាជ្ញាធរមូលដ្នានកើតមានតាំងពីឆ្នាំ២០០៧ លើទំហំដីចំនួនជាង១០០០ហិកតា នៅមិនទាន់ដំណោះស្រាយនៅឡើយទេ បើទោះជាធ្លាប់មានអន្តរាគមន៍ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ៕