មេដឹកនាំបក្សប្រឆាំងនៅថ្ងៃអាទិត្យនេះ បានបន្តរិះគន់ចំៗ និងប្រើពាក្យធ្ងន់ៗទៅមេដឹកនាំបក្សកាន់អំណាច ដោយអះអាងថា បានបំភ្លៃសន្លឹកឆ្នោតក្លែងក្លាយ ឬLikeក៍ក្លែងក្លាយដែលលោកថា ដើម្បីបានគ្រប់គ្រងអំណាចបែបផ្តាច់ការ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ខែមីនានេះថា ៖ «LIKEs ទំព័រ FACEBOOK ដែល ហ៊ុន សែន ទទួលបានថ្មីៗនេះ មានតែ ២០ ភាគរយ ទេ មកពីកម្ពុជា។ ឯ ៨០ ភាគរយ ទៀត គឺទិញពីបរទេស»។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា រឿងដែលគណបក្សលោកចាត់ទុកថា មានប្រយោជន៍សម្រាប់ប្រទេសជាតិ ហើយគួរយកមកនិយាយនោះគឺ រឿងដែលប៉ះពាល់ដល់អាយុជីវិត ឬសេរីភាពរបស់ប្រជាពលរដ្ឋ ទី២-រឿងដែលប៉ះពាល់ដល់ទ្រព្យសម្បត្ដិជាតិ ឬថវិកាជាតិ ដែលបានមកពីញើសឈាមប្រជារាស្ដ្រទាំងមូល។
មេដឹកនាំបក្សប្រឆាំងរូបនោះបន្តរិះគន់ខ្លាំងៗថា ៖«រឿងដែលប៉ះពាល់ដល់ការគោរពឆន្ទៈប្រជារាស្ដ្រ ពីព្រោះអ្នកដឹកនាំទុច្ចរិត បំភ្លៃឆន្ទៈប្រជារាស្ដ្រ តាមរយៈសន្លឹកឆ្នោតក្លែងក្លាយ ឬ Like ក្លែងក្លាយ ដើម្បីបន្តប្រើអំណាចផ្ដាច់ការ»។
កន្លងទៅមេដឹកនាំបក្សប្រឆាំងដែលកំពុងនីរទេសខ្លួនរូបនេះ ធ្លាប់ផ្ញើសារសុំទោស លោក ហ៊ុន សែន ម្តងហើយពីការប្រើពាក្យ ចោទលោក ហ៊ុន សែន ថា ដឹកនាំបែបផ្តច់ការនេះ ក្រោយពីមានប្រតិកម្មខ្លាំងៗពីមេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន។
ជាងនេះទៅទៀតករណីលោក សម រង្ស៊ី រិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន ថាមានអ្នកLike ភាចច្រើនត្រូវបានគេទិញទឹកចិត្តពីក្រៅប្រទេសនេះ ត្រូវបានមន្ត្រីបក្សកាន់អំណាចមួយរូបប្តឹងទៅតុលាការឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារប្រាក់ជម្ងឺចិត្ត២០លាន។