សុវត្ថិភាពនិងសិទ្ធិឯកជនត្រូវបានប្រជាពលរដ្ឋជាពិសេសយុវជនមួយចំនួនយកទៅធ្វើជាប្រធានបទជជែកគ្នាយ៉ាង “ក្តៅគគុក” នៅតាមហាងកាហ្វេ សាលារៀន និងទីសាធារណៈ។
យ៉ាងណាមិញគេសង្កេតឃើញថាជិតមួយខែមកនេះខ្សែអាត់សំឡេងសន្ទនាគ្នាជាឯកជននោះត្រូវបានគេអះអាងថាជារបស់លោក កឹម សុខា សន្ទនាគ្នាជាមួយគូស្នេហ៍ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ។ ខ្សែអាត់សំឡេងនោះត្រូវបានអ្នកលេងហ្វេសប៊ុកយកទៅបង្ហោះលើបណ្តាញសង្គមជាហូរហែ រហូតដល់បុគ្គលខ្លះដែលគេដឹងថាគំាទ្ររដ្ឋាភិបាលបានយកទៅបកស្រាយលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងដាក់ពាក្យបណ្តឹងទៅតុលាការនិងអង្គភាពប្រឆំាងអំពើពុករលួយជាបន្តបន្ទាប់ទៀតផង។
ក្រោយពីសង្កេតឃើញបញ្ហាចម្រូងចម្រាស់នេះធ្វើឲ្យប្រជាពលរដ្ឋជាពិសេសក្រុមយុវជមួយចំនួនបង្ហាញពីការព្រួយបារម្ភនៅពេលពួកគេជជែកគ្នាពីនេះពីនោះជាពិសេសរឿងសម្ងាត់ឬអាថ៌កំបំាងរបស់ខ្លួនតាមប្រព័ន្ធទូរស័ព្ទ ហើយត្រូវបានក្រុមហ៊ុនឬបុគ្គលណាមួយលួចថតនិងបញ្ចេញខ្សែអាត់សំឡេងនោះទៅខាងក្រៅដោយពុំបានសុំសិទ្ធិពីអ្នកសន្ទនាមុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ។
ឈរនៅក្បែរច្រកចូលសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញនិស្សិត ចាន់ សុម៉ាលី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថាកញ្ញាមិនចាប់អារម្មណ៍ថាក្រុមហ៊ុនទូរស័ព្ទឬបុគ្គលណាមួយអាចថតសំឡេងដែលពួកគេកំពុងនិយាយទុកបាននោះទេ។ ប៉ុន្តែកញ្ញាថាក្រោយការបញ្ចេញការសន្ទនាដែលជាគេអះអាងថាជាសំឡេងលោក កឹម សុខា ជាមួយស្រីម្នាក់នោះក៏ធ្វើឲ្យគាត់កាត់បន្ថយនិយាយសម្ងាត់ឬរឿងសំខាន់ៗជាច្រើនតាមទូរស័ព្ទ។ កញ្ញាបន្តថា៖ “នឹងអាចប្រយ័ត្នជាងមុនហើយព្រោះអីឃើញតែគេ គេអាចយករបស់យើងទៅផ្សព្វផ្សាយបន្ដបានចឹងដល់ពេលនិយាយអីក៏លែងហ៊ានដូចមុនដែរ ព្រោះអត់ដឹងថាគេអាចយកសំឡេងយើងអារឿងអាថ៌កំបាំងបស់យើងយកទៅផ្សាយបានពីមុនយើងអត់ដែលធ្លាប់បានដឹងថាចឹង ដល់លូវដល់ពេលឃើញគេយកបានចឹងយើងមានការភ័យព្រួយបារម្ភដែរ ហើយក៏មិនហ៊ាននិយាយអីដូចមុនទៀតដែរខ្លាចគេយកថតសំឡេងថតអីយកបានយកទៅបន្ដផ្សាយបន្ដអីចឹង”។
អង្គុយនៅហាងការហ្វេមួយកន្លែងស្ថិតនៅម្តុំគិរីរម្យរាជធានីភ្នំពេញយុវជនលោក សុង សំណាង មានប្រសាសន៍ប្រហាក់ប្រហែលនិងនិស្សិតខាងលើដែរ។ លោកថាបើសិនជាក្រុមហ៊ុនឬបុគ្គលណាមួយលួចថតសំឡេងសន្ទនាជាមួយមិត្តភ័ក្តិ ក្រុមការងារ និងរឿងសម្ងាត់ក្នុងគ្រួសារយកទៅផ្សព្វផ្សាយសាធារណៈនោះដោយគ្មានការអនុញ្ញាតគឺធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គល។ លោកបន្តថា៖ “អាហ្នឹងព្រួយបារម្ភដែរហ្នឹងបើការសំងាត់របស់យើងហើយយកផ្សាយយកអីចឹងព្រួយបារម្ភដែរ អាហ្នឹងគួរមានការអនុញ្ញាតពីខ្ញុំដែលអ្នកនិយាយហ្នឹងឲ្យថតឲ្យនិយាយបានអាចនិយាយបាន បើខ្ញុំអត់មានឲ្យថតឲ្យនិយាយផង ហើយដល់យកទៅនិយាយចឹងវាប៉ះពាល់ដែរហ្នឹង”។
បើតាមមន្រ្តីរដ្ឋាភិបាលគិតត្រឹមឆ្នាំ២០១៤ចំនួនអ្នកប្រើប្រាស់ស៊ីមប្រព័ន្ធទូរស័ព្ទមានជាង២០លានស៊ីម។
បុគ្គលិកក្រុមហ៊ុនឯកជនលោក មាស សក្កដា បង្ហាញទស្សនៈថាគាត់មិនមានការព្រួយបារម្ភពីសុវត្ថិភាពនិងសិទ្ធិឯកជននៅពេលនិយាយរឿងសម្ងាត់តាមទូរស័ព្ទនោះទេដោយអះអាងថាលោកមិនដែលនិយាយប៉ះពាល់សិទ្ធិឯករបស់បុគ្គលណាមួយឡើយ។ យ៉ាងណាក៏ដោយលោកថា លោកមិនជំទាស់នឹងការបញ្ចេញខ្សែអាត់សំឡេងសន្ទនារបស់បុគ្គលណាមួយទេ ប៉ុន្តែលោកថាមុននឹងក្រុមហ៊ុនឬបុគ្គលណាមួយបញ្ចេញខ្សែអាត់លុះត្រាតែមានការអនុញ្ញាតពីម្ចាស់សំឡេងឬករណីមានការស្នើសុំពីសមត្ថកិច្ចនៅពេលរកឃើញថាការសន្ទនានោះពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសណាមួយ។
យ៉ាងណាក៏ដោយVODបានទាក់ទងទៅក្រុមហ៊ុនទូរស័ព្ទមួយចំនួនដូចជាក្រុមហ៊ុនមិត្តហ្វូននិងក្រុមហ៊ុនសែលខាតដើម្បីសុំឲ្យជួយបំភ្លឺជុំវិញករណីនេះដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។
អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា ស្នើទៅអាជ្ញាធរត្រូវតាមដាននិងឃ្លំាមើលក្រុមហ៊ុនទូរស័ព្ទដែលលួចបញ្ចេញសំឡេងសន្ទនាសំងាត់ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិឯកជនដើម្បីស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកថាការលួចថតសំឡេងសន្ទនាតាមទូរស័ព្ទដោយគ្មានការអនុញ្ញាតដែលជាហានិភ័យខ្ពស់បំផុតសម្រាប់ជាសិទ្ធិឯកជនរបស់បុគ្គលឬរបស់ស្ថាប័នណាមួយ។ លោកមានប្រសាសន៍ថា៖ “ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋហ្នឹងជារឿងត្រឹមត្រូវហើយសូម្បីតែយើងការងាររបស់យើងដែលជាក្រុមការងារធ្វើការលើរឿងសិទ្ធមនុស្សសេរីភាពផ្សេងៗក៏មានការព្រួយបារម្ភពីរឿងបញ្ហាខ្សែអាត់សំឡេងហ្នឹងដែរ ហើយធ្វើឲ្យយើងមានការបារម្ភក្នុងការប្រាស្រ័យទាក់ទងក្នុងការងារផ្សេងៗដែលយើងហៅថាជារឿងរសើប រឿងបញ្ហាសិទ្ធមនុស្ស រំលោភសិទ្ធមនុស្សអីហ្នឹងជារឿងរសើបរំលោភដីធ្លីអីហ្នឹង ហើយរឿងទាំងអស់នេះគឺវាមិនស្របនឹងច្បាប់ ហើយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ យើងហៅថាសិទ្ធហើយព័ត៌មានសំងាត់របស់បុគ្គលនីមួយៗ”។
លោក ណៃវ៉ង់ដា ស្នើទៅក្រុមហ៊ុនទូរស័ព្ទទំាងអស់ត្រូវជួយរក្សាការសម្ងាត់ដល់អតិថិជនដើម្បីឲ្យពួកគេជឿទុកចិត្តនិងបន្តប្រើប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុនបានយូរអង្វែង។
លោកមេធាវី សុក សំអឿន បានបញ្ជាក់ថាការលួចថតសំឡេងអ្នកដទៃដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនឬតុលាការទេជាបទល្មើសព្រហ្មទណ្ឌ។
មាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ មានខ្លឹមសារថាអំពើស្ដាប់ឬថតសម្ដីដែលនិយាយជាឯកជនឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ ២លានរៀល៕