មេដឹកនាំគណបក្សប្រឆាំងលើកឡើងថា ដៃគូប្រកួតប្រជែងរបស់ខ្លួននៅមិនទាន់បើកសេរីភាពពេញលេញឲ្យគណបក្សសង្គ្រោះជាតិ ទៅបំរើប្រជាពលរដ្ឋនិងប្រយោជន៍ជាតិនោះទេ ដោយលោកថា បើទោះជាគណបក្សនេះប្តេជ្ញាមិនយកខ្មែរណាធ្វើសត្រូវក៏ដោយ។
ក្នុងពិធីបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងទៅកាន់សមាជិក សមាជិកាប្រមាណ១៥០០នាក់ ដែលមកពី២៥រាជធានី/ខេត្តថា គណបក្សខ្លួននៅតែឆ្លងកាត់ព្យុះភ្លៀងជាមួយដៃគូប្រជែងរបស់ខ្លួនជាច្រើនទៀត រហូតដល់ការបោះឆ្នោត២០១៧នឹង២០១៨ខាងមុខ។ ដៃគូប្រជែងនោះទំនងជាលោក កឹម សុខា សំដៅទៅគណបក្សកាន់អំណាច៖”សូមចង់ចាំថា ដរាបណាគូប្រកួតរបស់យើងដឹងថាប្រជាពលរដ្ឋខ្មែរភាគច្រើនងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិហើយ គេនិងមិនឲ្យយើងឈ្នះដោយងាយៗនោះទេ គេនិងមិនទុកឱកាសឲ្យយើងច្រើនសម្រាប់ធ្វើការដោយសេរីនោះទេ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគោលនយោបាយរបស់យើងគឺផ្សះផ្សារជាតិ មិនគំគួន មិនសងសឹក មិនយកខ្មែរណាធ្វើជាសត្រូវ គណបក្សសង្គ្រោះជាតិឈ្នះ ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ”។
យ៉ាងណាក៏ដោយលោកថា ដើម្បីប្រជាពលរដ្ឋ នឹងប្រយោជន៍ជាតិ លោកស្នើទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ត្រូវតស៊ូដោយអហិង្សា ទើបទទួលបានផលវិជ្ជមាននៅថ្ងៃអនាគតដូចការរំពឹកទុក៖ “ខ្ញុំយល់ថា បើយើងតស៊ូអត់ធ្មត់បានច្រើនប៉ុណ្ណា ជោគជ័យក៏នឹងកើនឡើងច្រើនប៉ុណ្ណោះដែរ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបើស្រលាញ់យុត្តិធម៌ គាត់និងអាណិតយើង ស្រឡាញ់យើង ជឿយើង ជួយយើង ហើយនឹងចូលរួមជាមួយយើង បោះឆ្នោតឲ្យយើងដោយសម្រេចគោលដៅ ដោយប្រជាពលរដ្ឋប្រាថ្នាចង់បាន និងដែលគណបក្សសង្គ្រោះជាតិកំណត់ជាមុនរួចទៅហើយ”។
លោក កឹម សុខា ចាត់ទុកថា អ្នកដែលបំបែកបំបាក់ជាតិ បុគ្គលនោះមិនមែនជាខ្មែរទេ ដោយលោកថា ខ្មែរត្រូវការរួបរួមជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែបើកសិទ្ធិសេរីភាពឲ្យគណបក្សនយោបាយទាំងអស់បញ្ចេញមតិ និងប្រើសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញដោយលោកថា មិនដូចការលើកឡើងរបស់លោក កឹម សុខា ដែលថារដ្ឋាភិបាលមិនទាន់បើកសេរីភាពពេញលេញឲ្យគណបក្សប្រឆាំងទៅបំរើប្រជាពលរដ្ឋនិងប្រយោជន៍ជាតិនោះទេ។
បច្ចុប្បន្នមន្ត្រីគណបក្សសង្គ្រោះជាតិជាង១០រូបជាប់ក្នុងពន្ធនាគារ ចំណែកប្រធានគណបក្សនេះ កំពុងគេចខ្លួនទៅក្រៅប្រទេសគេចចេញទៅរស់នៅក្រៅប្រទេស ដើម្បីគេចពីអំណាចតុលាការនៅភ្នំពេញ។ បញ្ហាទាំងនេះ គណបក្សប្រឆាំង រួមទាំងមន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនចាត់ទុកជារឿងនយោបាយ ប៉ុន្តែគណបក្សកាន់អំណាចថា ជាការអនុវត្តច្បាប់។