យុវជនមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញលើកឡើងថា ពួកគេព្រួយបារម្ភពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិលើបណ្តាញសង្គមរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។
ក្រុមយុវជននៅថ្ងៃអាទិត្យនេះ បានលើឡើងពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិរបស់ខ្លួនក្នុងវេទិកាជជែកពិភាក្សាស្តីពី “ទស្សនៈយុវជនចំពោះសេចក្តីសម្រេចរបស់តុលាការលើករណីយុវជន គង់ រ៉ៃយ៉ា“ ដោយមានយុវជន និង ព្រះសង្ឃចូលរួមប្រមាណជាង៦០អង្គ/នាក់។
លោក គង់ រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ដោយសារយុវជនរូបនោះ សរសេរតាមហ្វេសប៊ុកប្រកាសធ្វើបដិវត្តន៍ព័ណ៌ប្រឆាំងនឹងរដ្ឋាភិបាល។
និស្សិតមកពីសកលវិទ្យាលឯកជនមួយលោក ម៉ូត គឹមរី ថ្លែងថា ក្រោយពីតុលាការសម្រេចផ្តន្ទាទោសលោក គង់ រ៉ៃយ៉ា ធ្វើឲ្យរូបគាត់និងយុវជនផ្សេងទៀតព្រួយបារម្ភពីសុវត្ថិភាព ដោយអះអាងថា ពួកគេមិនហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលនោះទេ ព្រោះខ្លាចជួបបញ្ហាប្រឈមដូចករណីយុវជន គង់ រ៉ៃយ៉ា៖ “ខ្ញុំគិតថា យុវជនផ្សេងទៀតកំពុងព្រួយបារម្ភទាក់ទងទៅនឹងសុវត្ថិភាព ទាក់ទងទៅនឹងការបញ្ចេញមតិរបស់គាត់ ពីព្រោះនៅពេលដែលពួកគេហ៊ាននិយាយពាក្យពិតទៅកាន់សាធារណៈជន ឬក៏តាមហ្វេសប៊ុក គាត់នឹងត្រូវដាក់ទោសទណ្ឌ នេះជាការបញ្ចេញមតិមួយស្ថិតនៅក្រោមការកៀបសង្កត់ ឬក៏ការរឹតបន្តឹងមែនទែន អញ្ចឹងយុវជនផ្សេងទៀតគាត់មានការភ័យខ្លាច មិនហ៊ានបញ្ចេញមតិទាំងអស់នោះទេ”។
និស្សិតច្បាប់មកពីសាកលវិទ្យាល័យរដ្ឋ លោក លី យុងប៊ូ មានប្រសាសន៍ប្រហាក់ប្រហែលនិងលោក គឹមរីដែរ ប៉ុន្តែលោកថា ដើម្បីកុំឲ្យយុវជននិងនិស្សិតផ្សេងទៀតជួបបញ្ហាប្រឈមដូចយុវជនគង់ រ៉ៃយ៉ា លោកថា មុននិងបញ្ចេញមតិរិះគន់បុគ្គលណាមួយ ជាពិសេសរឿងនយោបាយ ត្រូវប្រុងប្រយ័ត្ន៖”នៅរាល់ពេលការលើកឡើង ការបញ្ចេញមតិរបស់ខ្លួន អ្វីមួយដែលសកម្មភាពចង់ចូលរួមការពារសកម្មភាពត្រឹមត្រូវរបស់សង្គម ត្រូវតែគិតគូឲ្យបានម៉ត់ចត់អំពីពាក្យសម្តីរបស់ខ្លួន មិនមែនប្រើពាក្យសម្តីរបស់ខ្លួនតាមតែអំពើចិត្ត ប៉ះពាល់ដល់អ្នកដទៃនោះទេ”។
ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ យល់ថា ការសម្រេចរបស់តុលាការផ្តន្ទាទោសយុវជនគង់ រ៉ៃយ៉ា ជារឿងអយុត្តិធម៌និងជាសារគំរាមកំហែងដល់យុវជនផ្សេងទៀតមិនឲ្យនិយាយរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា យុវជនគង់ រ៉ៃយ៉ា មិនមានសមត្ថភាព ឬគៀគរកំលាំងដឹកនាំក្រុមមនុស្សផ្តួលរំលំរដ្ឋាភិបាលបាននោះទេ។
លោក ម៉ាឡៃ បន្ថែមថា ការសម្រេចរបស់តុលាការផ្តន្ទាទោសលោក គង់ រ៉ៃយ៉ា ធ្វើឡើងក្រោយហេតុផលនយោបាយច្រើនជាង លោកជំរុញទៅតុលាការពីចារណាឡើងវិញចំពោះករណីយុវជនគង់ រ៉ៃយ៉ា ដើម្បីបង្ហាញពីឯករាជ្យភាពរបស់តុលាការ៖ “បើសិនជាមានរឿងអញ្ចឹងកើតឡើង ធ្វើឲ្យករណីមួយមិនមានយុត្តិធម៌ បើសិនជាចង់ឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តឡើងវិញ តុលាការគួរតែមានការគិតពិចារណា វិនិច្ឆ័យឲ្យបានត្រឹមត្រូវជាងសព្វមួយដងដែលបានធ្វើរួចរាល់ហើយ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថាតុលាការរបស់កម្ពុជា ជាតុលាការមិនទាន់ឯករាជ្យនៅឡើយ”។
គួរបញ្ជាក់ថាយុវជន គង់ រ៉ៃយ៉ា ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថា ញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីតុលាការប្រកាសសាលក្រមដាក់ទោស១ឆ្នាំកន្លះ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិត សាកលវិទ្យាល័យខេមរៈបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្តឹងឧទ្ធរណ៍លើករណីនេះ។ លោកបញ្ជាក់ថា៖ “តុលាការខ្មែរតែប៉ុណ្ណឹង”។ លោកថារឿងនេះវាអយុត្តិធម៌សម្រាប់ពលរដ្ឋទូទៅដែរ។
ទោះជាយ៉ាងណា ក្រុមយុវជនដែលមកពីសាកលវិទ្យាល័យនានា បង្ហាញពីការមិនអស់ចិត្តលើការសម្រេចរបស់តុលាការដែលផ្តន្ទាទោសលោក គង់ រ៉ៃយ៉ា ដោយពួកគេអះអាងថា ករណីនេះធ្វើឲ្យយុវជនមួយចំនួនព្រួយបារម្ភពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិក្នុងប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ៕