មេធាវីមួយរូបបង្ហើបឲ្យដឹងថា បុរសពីរនាក់ដែលសមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួនពេលពួកគេតវ៉ាជំរុញលក្ខខណ្ឌការងារ នៅក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរនោះ លោកថាតុលាការអាចនឹងដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមរយៈការសុំធានារបស់មេធាវីការពារក្តី។
កាលពីថ្ងៃទី៦ ខែកុម្ភៈ អ្នកតវ៉ាជំរុញលក្ខខណ្ឌការងារនៅក្រុមហ៊ុនកាពីតូលពីរនាក់ មានលោក ណន វណ្ណា និងលោក រស់ ស៊ីផៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីការតវ៉ាបានប៉ះទង្គិចគ្នាដោយហិង្សាជាមួយភាគីម្ខាងទៀតដែលគាំទ្រក្រុមហ៊ុន។
ព្រះរាជអាជ្ញារងលោក ស្រី ម៉ាកនី ពេលនោះបានសម្រេចឲ្យឃុំខ្លួនបុរសជាជនសង្ស័យទាំងពីរនាក់នៅក្នុងពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ចោទពីបទ«ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ»។
មេធាវីលោក គីម សុជាត ដែលការពារជនសង្ស័យ ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី៣ ខែមេសា នេះថា កូនក្តីលោកទាំងពីរអាចនឹងត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃចន្ទទី៤ស្អែកនេះ ដោយលោកអះអាងថា តាមរយៈការផ្តល់ភ័ស្តុតាងដោះបន្ទុក និងដំណើរការនីតិវិធីរបស់តុលាការ សាកសួរទៅភាគីពាក់ព័ន្ធ លោកថា កូនក្តីលោកមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់ទេ។
មេធាវីរូបនោះមានជំនឿថា កូនក្តីលោក គឺ លោក ណន វណ្ណា និងលោក រស់ ស៊ីផៃ នឹងត្រូវបានចេញពីពន្ធនាគារវិញ។
កាលពីចុងឆ្នាំ២០១៥ក្រុមហ៊ុនកាពីតូលបានបញ្ឈប់អ្នកបើកបរ៤៥នាក់ ដោយចោទថា អ្នកទាំងនោះបានលួចដាក់ភ្ញៀវតាមផ្លូវខុសពីបទបញ្ជាផ្ទៃក្នុង ធ្វើឲ្យភ្ញៀវមិនសប្បាយចិត្ត និងប៉ះពល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុន។
ប៉ុន្តែសម្រាប់អ្នកបើកបររថយន្តដែលក្រុមហ៊ុនបញ្ឈប់ពីការងារ អះអាងថា ការដែលភាគីក្រុមហ៊ុនបណ្តេញពួកគេចេញពីការងារ ពួកគេថា ក្រុមហ៊ុននោះបានធ្វើឡើងក្រោយពីពួកគេ ចងក្រងគ្នាជាក្រុមបង្កើតសហជីព ទាមទាលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុន។
ការអះអាងផ្សេងគ្នារវាងក្រុមហ៊ុន និងបុគ្គលិកដែលបានបញ្ឈប់ពីការងារនេះ ធ្វើឲ្យមានបាតុកម្មតវ៉ា ជាបន្តបន្ទាប់នៅមុខស្នាក់ការក្រុមហ៊ុនរហូតផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ារបួសធ្ងន់យ៉ាងតិចជាង១០នាក់ និងពីរនាក់ត្រូវចាប់ខ្លួន ចំណែកភាគីម្ខាងទៀត ដែលគាំទ្រក្រុមហ៊ុនមកដល់ពេលនេះ ពុំមាននរណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនទេ។