រដ្ឋសភាឲ្យដឹងថាមេដឹកនាំបក្សប្រឆំាង លោក កឹម សុខា មិនបានឆ្លើយតបជុំវិញញត្តិរបស់យុវជនមួយក្រុម ដែលដាក់ទៅរដ្ឋសភាទាមទារឲ្យបកស្រាយរឿងខ្សែអាត់សំឡេងដែលគេចោទថាមានស្នេហាលួចលាក់នោះទេ។
អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី៥ខែមេសាម្សិលមិញ បានចេញលិខិតមួយជម្រាបទៅឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាតំណាងនិស្សិតដោយប្រាប់ថារដ្ឋសភាពុំបានទទួលប្រតិកម្មឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា ឡើយ។
នៅពេលសួរថា តើសភានិងធ្វើអ្វីបន្តទៀត បើលោក កឹម សុខា មិនឆ្លើយតប? អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថាសភានឹងរង់ចំារហូតមានការឆ្លើយតបពីលោក កឹម សុខា ដើម្បីសភាមានព័ត៌មានផ្តល់ទៅក្រុមយុវជន ដែលដឹកនាំ ដោយលោក ស្រី ចំរើន នោះ។
គួរបញ្ជាក់ថារយៈពេលជិត២ខែនេះ ក្រុមយុវជនដឹកនាំដោយលោកស្រី ចំរើន នេះបានដាក់ញត្តិជាបន្តបន្ទាប់ទៅកាន់រដ្ឋសភា អង្គភាពប្រឆាំងអំពើពុករលួយ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងស្នាក់ការគណបក្សសង្គ្រោះជាតិជាដើមនោះ ដើម្បីឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមយុវជនទាំងនេះសង្ស័យថា ជាសំឡេងសាសងស្នេហារបស់លោក កឹម សុខា និងស្រីស្នេហ៍។ ប៉ុន្តែ អ្នកវិភាគថា ការបញ្ចេញខ្សែអាត់សំឡេង និងទាមទារឲ្យលោក កឹម សុខា ចេញមុខបកស្រាយជាសាធារណៈនោះ គឺរឿងនយោបាយដដែលៗ៕