លោក ហ៊ុន សែន ប្រកាសថា លោកធានាចេញលុយផ្ទាល់ខ្លួនសម្រាប់ធ្វើផ្សារមួយកន្លែងនៅខេត្តស្ទឹងត្រែងឡើងវិញ ក្រោយពីមានអគ្គិភ័យឆាបឆេះផ្សារនោះ ឆេះតូបអាជីវករអស់ជាង១ពាន់តូបនៅសប្តាហ៍នេះ។
ក្នុងកម្មវិធីមួយនៅវិមានសន្តិភាព ថ្ងៃទី១០ខែមេសានេះ លោក ហ៊ុន សែន ថ្លែងថា លោកបានបញ្ជាទៅអភិបាលខេត្ត និងអគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្ម ឲ្យបញ្ជូនកម្លាំងចុះសិក្សាដើម្បីសាងសង់ផ្សារនោះឡើងវិញ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសាងសង់ផ្សារនិងធ្វើតូបអាជីវករឡើងវិញនោះ អស់ថវិកាប៉ុន្មានលោក សុខចិត្តចំណាយថវិការផ្ទាល់ខ្លួន។
លោកថា៖“ឆេះផ្សារនៅខេត្តស្ទឹងត្រែង ខ្ញុំប៉ាវធ្វើផ្សារ យើងធ្វើរួចហើយអត់មានអ្នកវិនិយោគទៅយកលុយពីគាត់ទេ ធ្វើឲ្យគាត់លក់ដោយមិនមានការបង់ថ្លៃឈ្នួល ឬក៏គិតថ្លៃតូបទេ សូមតែគាត់បង់ពន្ធ តាមច្បាប់របស់រដ្ឋ ប៉ុន្តែរឿងថ្លៃតូបដែលគាត់ធ្លាប់ជួល ឬថ្លៃតូបដែលគាត់ធ្លាប់ទិញ គឺអត់ត្រូវបង់លុយទេ ព្រោះលុយខ្ញុំជាអ្នកចេញ”។
កាលពីថ្ងៃទី៧ ខែមេសា មានអគ្គិភ័យមួយបានឆាបឆេះផ្សារមួយកន្លែង នៅខេត្តស្ទឹងត្រែង។ ក្រោយឆាបឆេះសមត្ថកិច្ចអះអាងថា តូបលក់ដូររបស់អាជីវករជាង១២០០តូប នៅក្នុងផ្សារនោះ ត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង៕