តំណាងអ្នកភូមិបឹងកក់មួយរូបអះអាងថា សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ដីឲ្យពលរដ្ឋវិញចំនួន ២២គ្រួសារ បន្ថែមទៀត មុនពិធីចូលឆ្នាំខ្មែរមកដល់ក្រោយពីអ្នកភូមិតវ៉ាជិត១០ឆ្នាំ។
លោក ច័ន្ទ ពុទ្ធិស័ក្តិ តំណាងអ្នកតវ៉ា នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី១០ ខែមេសានេះថា នៅថ្ងៃទី៩ម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានអនុញាតិឲ្យពលរដ្ឋដែលតវ៉ារឿងដីធ្លី ចាប់ឆ្នោតទទួលយកដីឡូត៍ ដែលពួកគេរស់នៅយូរមកហើយនោះ ធ្វើជាកម្មសិទ្ធិវិញ។
លោក ច័ន្ទ ពុទ្ធិស័ក្ត ឲ្យដឹងទៀតថា ការចាប់ឆ្នោតកំនត់ទីតាំងដីសម្រាប់ជាកម្មសិទ្ធិនោះ លោកបញ្ជាក់ថា មានពលរដ្ឋ២២គ្រួសារព្រមទទួលយកតាមការស្ម័គចិត្ត យកដីមួយឡូត៍ដែលមានទំហំដី៤គុណ១៦ ស្នើនឹង៧២ម៉ែត្រការ៉េ និងខ្លះទៀត៤គុណ១៨។ លោកថា ចំណែកពលរដ្ឋ ១៥គ្រួសាទៀត ដែលមានដីធំៗពី៨០០ទៅជាង១០០០ម៉ែត្រការ៉េ។ លោកថា ពួកគេមិនទាន់ទទួលយកដំណោះស្រាយជាដីមួយឡូត៍ឬពីរឡូត៍នេះទេ។
បើតាមរបាយការណ៍របស់អង្គការលីកាដូ បង្ហាញថា ការដែលរដ្ឋាភិបាលប្រគល់បឹងធម្មជាតិនៅតំបន់បឹងកក់ទំហំ១៣៣ហិកតាឲ្យទៅក្រុមហ៊ុនវិនិយោគ ប៉ះពាល់ដល់អ្នកភូមិរស់នៅតំបន់នោះជាង៤ពាន់គ្រួសារ។
ក្នុងនោះលីកាដូថា ជាង៣ពាន់គ្រួសារ បង្ខំឲ្យទទួលយកគោលនយោបាយជាប្រាក់៨០០០ពាន់ដុល្លារ និងលុយ២លានរៀល រួចបណ្តេញចេញ ចំណែកជិត១០០០គ្រួសារ មិនព្រមចាកចេញ បន្តតវ៉ាទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង។
ប៉ុន្តែក្រោយមកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីនៅតំបន់នោះ ទំហំជាង១២ហិកតាពីក្រុមហ៊ុន ឲ្យប្រជាពលរដ្ឋដែលមិនព្រមចាកចេញវិញ។
ប៉ុន្តែអ្នកភូមិថា អនុក្រិត្យកាត់ដីរបស់នាយករដ្ឋមន្ត្រីជាង៥ឆ្នាំមកនេះ ពួកគេថា អាជ្ញាធរថ្នាក់ក្រោមទាំងនោះនូវមិនទាន់បានឲ្យពួកគេវិញបានគ្រប់គ្នានៅឡើយ ធ្វើឲ្យការតវ៉ានៅតែបន្តផ្ទុះឡើង៕