បុរសម្នាក់នៅខេត្តព្រៃវែងបានអំពាវនាវតាមរយៈវីដេអូឃ្លីបដែលគេថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានការដោះលែង ខណៈបុរសរូបនោះត្រូវបានគេដាក់ច្រវ៉ាក់ដៃ និងជើងទាំងសងខាង ដោយអាក្រាតរាងកាយ នៅក្រោមដើមឈើ។
ក្នុងវីដេអូឃ្លីបជិត១០នាទី ត្រូវបានគេថតបង្ហោះលើបណ្តាញហ្វេសប៊ុក បុរសស្គមស្កាំងរូបនោះ បានរៀបរាប់ថា គាត់ឈ្មោះ នុត ប៉ោ នៅភូមិគោកច្រះ ឃុំអង្កុលស ស្រុកមេសាង ខេត្តព្រៃវែង។ លោក នុត ប៉ោ បានអំពាវនាវតាមរយៈវីដេអូឃ្លីបនោះថា សុំឲ្យមានការដោះលែងរូបលោកឲ្យមានសេរីភាពវិញ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគ្មានម៉ែឪបង្កើត គ្មានប្អូនប្រុស ប្អូនស្រីបង្កើត ប្រពន្ធគេលែងលះហើយ កូនក៏ទៅនៅខាងគេដែរ ខ្ញុំសូមអំពាវនាវទៅតាមអង្គការ តាមលោក ចា រិទ្ធី (សំដៅលើលោក មាស រិទ្ធី) នៃប៉ុស្តិ៍ហង្សមាស អំពាវនាវទៅអង្គការគ្រប់ស្ថាប័នទំាងអស់ មានអង្គការលីកាដូ នៃអង្គការទំាងអស់ និយាយរួមឲ្យតែថានៃមនុស្សធម៌ជួយសង្គ្រោះតែប៉ុណ្នឹង”។
លោក នុត ប៉ោ បន្តថា បើទោះជាគាត់លួចលុយគេ ក៏នគរបាលមិនត្រូវដាក់ច្រវ៉ាក់គាត់ទេ គួរតែយកគាត់ទៅដាក់នៅពន្ធនាគារខេត្តព្រៃវែង។
ស្នងការនគរបាលខេត្តព្រៃវែងលោក ស្រេង ជា មានប្រសាសន៍ថា លោកបានចាត់ក្រុមការងារនៅតាមមូលដ្ឋានចុះសាកសួរជុំវិញការដាក់ច្រវ៉ាក់បុរសនោះដែរ។ ប៉ុន្តែលោកថា ម្តាយ និងប្រពន្ធរបស់បុរសនោះ បានអះអាងថា មូលហេតុដែលពួកគេដាក់ច្រវ៉ាក់ ដោយសារបុរសនោះជាមនុស្សវិកលចរិត(មនុស្សឆ្កួត)និងដើរវាយធ្វើបាបប្រពន្ធ កូន និងសាច់ញាតិ។
នៅពេលសួរថា តើអាជ្ញាធរនឹងមានវិធានការជួយអន្តរាគមន៍យ៉ាងដូចម្តេចចំពោះករណីដាក់ច្រវ៉ាក់បុរសរូបនោះ? លោកស្នងការឆ្លើយយ៉ាងខ្លីថា គាត់មិនមានវិធានការអ្វីនោះទេ ព្រោះតាមច្បាប់ បើសមត្ថកិច្ចចាប់បុគ្គលណាមួយដាក់ពន្ធនាគារ លុះត្រាតែបុគ្គលនោះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ លោកមានប្រសាសន៍ថា៖”ខ្ញុំមិនទាន់ថាម៉េច មិនទាន់ដឹងដែរទេ ឥឡូវយល់ម៉េចទៅពន្ធនាគារ គាត់មានទោសអី នៅក្នុងក្រមព្រហ្មទណ្ឌមនុស្សឆ្កួតមានទោសអី ទោះបីប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ បទមជ្ឈិមក៏ដោយ ទៅចាប់មនុស្សឆ្កួតដាក់គុកម៉េច មានតែអ្នកចាប់មនុស្សឆ្កួតដែរ”។
អ្នកសម្របសម្រួលនៅសមាគមអាដហុកប្រចំាខេត្តព្រៃវែងលោកស្រី អ៊េង គឹមលី មានប្រសាសន៍ថា ការដាក់ច្រវ៉ាកលើបុគ្គលណាមួយជាការរំលោភសិទ្ធិមនុស្ស ទោះជាបុគ្គលនោះជាមនុស្សវិកលចរិត ឬមិនមែនជាមនុស្សវិកលចរិតក៏ដោយ។ លោកស្រីថា បើបុគ្គលនោះជាមនុស្សវិកលចរិតពិតមែន ជម្រើសល្អអាណាព្យាបាល ត្រូវតែយកទៅព្យាបាលនៅមន្ទីរពេទ្យ ជាជាងដាក់ច្រវ៉ាក់បែបនេះ៕