សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឲ្យតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ដោយអះអាងថា ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈឹមដែលតុលាការថា ច្បាប់កំណត់ដាក់ពន្ធនាគារស្មើឬលើសពី១ឆ្នាំ។
ក្នុងដីកាសម្រេចចុះថ្ងៃទី២២ ខែមេសា ចៅក្រមស៊ើបសួរ លោក តុប ឈុនហេង បានលើកឡើងថា ដើម្បីបង្កាបទល្មើសកុំឲ្យកើតឡើងជាថ្មី រក្សាភស្តុតាង ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ដែលចៅក្រម ថាដើម្បីធានារក្សាសណ្តាប់ធ្លាប់សាធារណៈ កុំឲ្យមានភាពច្របូកច្របល់បណ្តាលមកពីបទល្មើសជាដើមនោះ។
លោក តុប ឈុនហេង អះអាងថា មិនព្រមដោះលែងជនត្រូវចោទលោក អ៊ុំ សំអាន ឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីការពារក្តីទេ។
បើតាមដីកាសម្រេចដដែលឲ្យដឹងដែលថា កាលពីថ្ងៃទី២១ ខែមេសា មេធាវី៣រូប គឺមានលោក ជូង ជូងី លោក សំ សុគង់ និងលោក ហែម សុជាតិ បានដាក់ពាក្យសុំឲ្យតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន បាននៅក្រៅឃុំ។
មេធាវីមួយរូបគឺលោក ជូង ជូងី ធ្លាប់ឲ្យវីអូឌី(VOD)ដឹងថាការដែលលោកដាក់ពាក្យសុំធានាកូនក្តីលោក អ៊ុំ សំអាន បាននៅក្រៅឃុំនេះ លោកថា ដោយសារកូនក្តីលោកជាតំណាងរាស្ត្រនៅមានអភ័យឯកសិទ្ធិ។
ទោះជាយ៉ាងណាលោក ហ៊ុន សែន បានការពារភាពត្រឹមត្រូវរបស់ខ្លួនទៅលើវិធានការច្បាប់ ចាប់ខ្លូនតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន ទាំងមិនដកអភ័យឯកសិទ្ធិនេះ។ ប៉ុន្តែសង្គមស៊ីវិល អ្នកតាមដានសង្គម និងអ្នកច្បាប់ខ្លះ យល់ថា ការចាប់ឃុំខ្លួនតំណាងរាស្ត្របក្សប្រឆាំង ពួកគេថា រដ្ឋាភិបាលបានរំលោភរដ្ឋធម្មនុញ្ញ និងធ្វើឲ្យលំហូរប្រជាធិបតេយ្យរួមតូច។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។