ពលរដ្ឋនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ អះអាងថា ពួកគេ៣០សហគមន៍ នឹងឡើងមករាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ធ្វើយុទ្ធនាការដាក់ញត្តិ ជំរុញឲ្យរដ្ឋាភិបាល កាត់ឃ្វៀលដីជិត៣០ហិកតា ចេញពីដីចំការកៅស៊ូ របស់ក្រុមហ៊ុនមួយ ដែលពួកគេថាដើម្បីទប់ស្កាត់ការបណ្តេញចេញ។
អ្នកស្រី អ៊ុន ស៊ូចេង ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី២៤ ខែមេសានេះថា នៅថ្ងៃទី២៧ ខែមេសា ពួកគេនឹងឡើងមកដាក់ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលស្ត្រីរូបនោះថា ដើម្បីជំរុញឲ្យស្ថាប័នទាំងនោះ កាត់ដីទំហំជាង២៨ហិកតាជូនពួកគាត់ជិត៧០០គ្រួសារ ធ្វើជាកម្មសិទ្ធិស្របច្បាប់ ទប់ស្កាត់ការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនចំការកៅស៊ូមេមុត។
អ្នកស្រី អ៊ុន ស៊ូចេង អះអាងទៀតថា ពួកគាត់ជិត៧០០គ្រួសារនោះបានមករស់នៅភូមិខ្នងក្រពើកើត និងក្រពើកើត ឃុំទ្រមូង ស្រុកមេមុត នេះតាំងពីឆ្នាំ១៩៧៩ បានកើតជាភូមិឃុំ ដែលស្ត្រីរូបនោះថា មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។
ប៉ុន្តែ អ្នកស្រី អ៊ុន ស៊ូចេង ថានៅឆ្នាំ២០០៨ទើបមានក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលមកប្រាប់ពួកគាត់ឲ្យចាកចេញទៅនៅកន្លែងផ្សេង ដោយអះអាងតំបន់នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ។
ស្រី្តរូបនោះថា៖តំបន់នេះកន្លងមកពីសង្គមចាស់នឹងជាចំការកៅស៊ូ របស់បារាំង ដល់ក្រោយមកឆ្នាំ១៩៨២ហ្នឹងរដ្ឋាភិបាលយើងបានប្រម៉ែប្រមូលប្រជាជនយើងនឹងមកនៅវិញ ដើម្បីបង្កើតចំការកៅស៊ូសាមគ្គីឡើងវិញ។ ចេះតែនៅៗទៅក្រទៅៗមានអ្នកណាទៅណារួច មាននរណាមានលុយទៅទិញដីឯណានៅ ងាប់ឳពុកកូនចេះតែធ្វើការបន្តទៀតទៅ ប៉ុន្តែមួយរយៈដែលមានការបណ្តេញចេញហ្នឹងប្រជាពលរដ្ឋភ្ញាល់ផ្អើល ដូចថាវាអត់ន័យ។
VODមិនទាន់អាចទាក់ទងភាគីក្រុមហ៊ុនចំការកៅស៊ូមេមុតដើម្បីពន្យល់ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះបានទេ។
ប៉ុន្តែតាមអ្នកភូមិអះអាងថា កន្លងទៅពួកគេធ្លាប់ឡើងមកដាក់ញត្តិនៅក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ផងដែរ ដែលពួកគេថា រហូតមានលិខិតអន្តរាគមន៍ ពីរដ្ឋសភា ប៉ុន្តែពួកគេថា អាជ្ញាធរខេត្តបែរជាឆ្លើយថា ពួកគេមិនហ៊ានដោះស្រាយទេ ដោយអះអាងថា មិនមានលទ្ធិភាពដោះស្រាយ។
បើតាមពលរដ្ឋគិតថា យុទ្ធនាការដាក់ញត្តិជាថ្មីទៀតរបស់ពួកគេនេះនិងជំរុញឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយ ដែលអាជ្ញាធរខេត្ត មិនហ៊ានចេញមុខដោះស្រាយជូនពូកគេ និងជំរុញឲ្យមានដំណោះស្រាយ។