ក្រសួង​មហាផ្ទៃ​មិន​មាន​វិធានការ​បង្ក្រាប​លើ​អ្នកធ្វើ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ​មុខ​ពន្ធនាគារ​ព្រៃ​ស

ក្រសួងមហាផ្ទៃបង្ហាញជំហថា ខ្លួនមិនមានវិធានការបង្ក្រាបលើមន្ត្រីសង្គមស៊ីវិល ដែលមានគម្រោងធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅជួបជុំគ្នាមុខពន្ធនាគារព្រៃស ប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក នោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់វីអូឌី(VOD)នៅថ្ងៃសៅរិ៍នេះថា សមត្ថកិច្ចមិនមានវិធានការបង្ក្រាបលើមន្ត្រីសង្គមស៊ីវិល ប្រជាសហគមន៍មានជម្លោះដីធ្លី យុវជន ដែលគ្រោងជួបជុំគ្នាមុខពន្ធនាគារព្រៃសនោះទេ ដោយលោក អះអាងថា ឲ្យតែការតវ៉ានោះគោរពច្បាប់ មិនបង្កឲ្យមានចលាចលក្នុងសង្គម។

លោកថា៖”សមត្ថកិច្ចនិងរដ្ឋាភិបាល ប្តេជ្ញាចិត្តធ្វើឲ្យប្រទេសមានសន្តិភាព ស្ថេរភាព មិនអនុញាតឲ្យជនណាម្នាក់ ក្រុមណាម្នាក់ ឬក៏គណបក្សនយោបាយណាមួយធ្វើអីប្តេសផ្តាសខុសច្បាប់ ដើម្បីនាំប្រទេសជាតិធ្លាក់ទៅរកភាពវឹកវបានទេច្បាប់បាតុកម្មមាន ច្បាប់ហែក្បួនមាន ច្បាប់កូដកម្មមាន សូមឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ហើយកុំលោតលើបន្ទាត់ក្រហមឲ្យសោះ”។

បើតាមសង្គមស៊ីវិល យុទ្ធនាការពាក់អាវពណ៌ខ្មៅ ដែលគ្រោងធ្វើជួបជុំគ្នានៅមុខពន្ធនាគារព្រៃសនោះ ពួកគេគ្រោងជួបជុំគ្នានៅថ្ងៃចន្ទទី៩ខែឧសភាដើមសប្តាហ៍ក្រោយ។

យុទ្ធនាការពាក់អាវខ្មៅនោះ ពួកគេថា ជាការតស៊ូមតិដោយសន្តិវិធី ជំរុញឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ឲ្យមានសេរីភាពវិញ។

យុទ្ធការពាក់អាវពណ៌ខ្មៅនោះពួកគេថា ក៏ជាសារបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

លើសពីនេះទៀត សង្គមស៊ីវិល បានអំពាវនាវឲ្យពលរដ្ឋ ដែលចង់ចូលរួម តស៊ូមតិប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនេះ ពួកគេអាចពាក់អាវខ្មៅ ក្នុងមួយអាទិត្យម្តង រៀងរាល់ថ្ងៃចន្ទ នៅកន្លែងធ្វើការ ការធ្វើដំណើរ នៅកន្លែងលក់ដូរ និងតាមផ្ទះក៏បាន ដែលសង្គមស៊ីវិលថា ដើម្បីជំរុញឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុកដែលតុលាការបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនោះ មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី និងអតីតមន្ត្រីការពារសិទ្ធិមនុស្សមួយរូបទៀត ដែលទើបទទួលតំណែងជាអគ្គលេខាធិការរង គជប គឺលោក នី ចរិយា ។

អ្នកទាំងនោះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិត ឲ្យសាក្សីផ្តល់ចម្លើលមិនពិតដល់តុលាការ ទាក់ទិននឹងសំនុំរឿងស្នេហាជាលក្ខណឯកជន របស់ ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដែលគេចោទថា មានទំនាក់ទំនងជាមួយមេបក្សប្រឆាំងមួយរូបគឺលោក កឹម សុខា។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិរិះគន់ថា ជាចេតនានយោបាយ និងអំពាវនាវឲ្យមានការដោះលែង ដោយឥតលក្ខខណ្ឌ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ