អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងតំណាងរាស្ត្រមណ្ឌលកណ្តាល លោក តុ វ៉ាន់ចាន់ ត្រូវព្រះរាជអាជ្ញាអបសាលាដំបូងរាជធានីភ្នំពេញ កោះហៅជាលើកទី២ ឲ្យចូលបំភ្លឺនៅតុលាការ នាពាក់កណ្តាលខែឧសភានេះម្តងទៀត ទាក់ទិននឹងបណ្តឹងពីរផ្សេងគា្ន បន្ទាប់ពីដីកាលើកមុខត្រូវច្រានចោល។
ក្នុងដីកាកោះចុះថ្ងៃទី ២ខែឧសភា របស់ព្រះរាជអាជ្ញារង លោក សៀង សុខ បង្គាប់ឲ្យលោក កឹម សុខា បង្ហាញមុខនៅតុលាការនៅថ្ងៃទី១៧ ខែឧសភា ដើម្បីឆ្លើយបំភ្លឺទៅនឹងបណ្តឹងចោទ ពីបទចោទសញ្ចារកម្ម។
ចំណែកលោក តុ វ៉ាន់ចាន់ ត្រូវព្រះរាជអាជ្ញារូបនោះ បង្គាប់ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ទាក់ទិននឹងបណ្តឹងចោទពីបទអំពើបេស្យាចារ្យ។
កាលពីពេលមុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានបង្គាប់ឲ្យលោក កឹម សុខា ចូលបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ទាក់ទិននឹងបណ្តឹងបរិហាកេរ្តិ៍ របស់កញ្ញា ធី សុវណ្ណថា។
ចំណែកតំណាងរាស្ត្របក្សប្រឆាំងពីររូបទៀតគឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា លោក កែវ សុជាតិ បង្គាប់ឲ្យចូលបំភ្លឺ នៅថ្ងៃ១៦ខែឧសភា ចោទពីបទអំពើបេស្យាចារ ដូចដីកាបង្គាប់របស់លោក សៀង សុខ ដែរ។
ប៉ុន្តែដីកាលើកទី១របស់លោក កែវ សុជាតិ នោះ ត្រូវគណបក្សសង្គ្រោះជាតិ ប្រកាសច្រានចោល ដោយមិនអនុញ្ញាតិឲ្យតំណាងរាស្ត្ររបស់ខ្លួនចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះ ដោយអះអាងថា នីតវិធីរបស់តុការនេះ បានរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវ កញ្ញាខុម ចាន់តារ៉ាទី ប្តឹងទារសំណង៣០ម៉ឺនដុល្លារ និងកញ្ញា ធី សុវណ្ណាថា ប្តឹងទារសំណង១លានដុល្លារ ចោទពីបទបរិហាកេរ្តិ៍។