របាយការណ៍មួយថាកុមារសហគមន៍ក្រីក្រក្នុងរាជធានីជួបបញ្ហាកង្វះអនាម័យ

របាយការណ៍របស់អង្គការក្នុងស្រុក រកឃើញថា កុមារនៅសហគមន៍ក្រីក្រចំនួន៣៤០ក្នុងរាជធានីភ្នំពេញ រស់នៅក្នុងស្ថានភាពលំបាក កង្វះខាតអនាម័យ  កង្វះខាតសេវាគ្រប់គ្រងកាកសំណល់ និងភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ជាដើម។

របាយការណ៍នេះត្រូវបាន សមាគមធាងត្នោត និងអង្គការភីពផលអ៊ីននីត (PIN) លើកឡើងក្នុងពេលប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ឆ្នាម២០១៦ ក្រោមប្រធានបទ “ទីក្រុងដ៏ស្រស់សោភា” ដែលប្រារព្ធឡើងនៅមុខវិហារធំឥស្លាមក្នុងខណ្ឌឬស្សីកែវ ដោយមានកុមារខ្មែរ និងខ្មែរឥស្លាមចូលរួមប្រមាណជាង២០០នាក់ ។

មន្ត្រីសិក្សាស្រាវជ្រាវសមាគមធាងត្នោត លោក ពុំ សិលា ដែលជាអ្នករៀបចំកម្មវិធីនេះ ថ្លែងថា ផ្ទំាងគំនូរ   បរិស្ថានរស់នៅក្នុងទីក្រុង ដែលកុមារគូសចេញជារូបភាពមានដូចជា ផ្លូវ ទឹកស្អាត មន្ទីរពេទ្យ និងសាលារៀនជាដើម។ លោកថា រូបភាពនេះមានសារៈសំខាន់ និងជាសារបង្ហាញទៅរដ្ឋាភិបាលមុននឹងធ្វើការអភិវឌ្ឍនៅតំបន់ណាមួយត្រូវសិក្សាឲ្យបានច្បាស់លាស់ កុំឲ្យប៉ះពាល់ដល់បរិស្ថាន និងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសកុមារដែលងាយរងគ្រោះ។ លោកបន្តថា៖ ជាចំណែកមួយជំរុញដល់សាលាក្រុងឲ្យជួយមើលសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ ព្រោះយើងឃើញកន្លងមក ក្នុងសហគមន៍ក្រីក្រមិនមែនថាគាត់បំភ្លេចចោលទេ គ្រាន់តែថា ការអភិវឌ្ឍវាប៉ះពាល់ដល់សហគមន៍ក្រីក្រច្រើន ទោះបីគាត់ក្រីក្រ ទោះបីគាត់យ៉ាងណាក៏ដោយ សុំពេលអភិវឌ្ឍន៍យើងត្រូវពិចារណាមើលតំបន់ហ្នឹង តើធ្វើម៉េចដើម្បីឲ្យថា បើសិនជាគាត់រស់នៅតំបន់យូរហើយ គាត់អភិវឌ្ឍកន្លែងហ្នឹង ឬក៏ផ្លាស់ទីគាត់យ៉ាងម៉េច ដើម្បីឲ្យគាត់សមស្របអ្វីដែលគាត់អភិវឌ្ឍ”។

កុមារី ហ៊ីម រ៉ូហ្វីយ៉ា ជាជនជាតិខ្មែរឥស្លាម ដែលចូលរួមក្នុងពិធីនោះលើកឡើងថា នៅក្នុងសហគមន៍របស់គាត់មានសាលារៀន មន្ទីរពេទ្យ។ ប៉ុន្តែកុមារីរូបនោះថា ការថែរក្សាបរិស្ថានមិនទាន់បានល្អនៅឡើយ។ ប្អូនស្រីបន្តថា៖ វាអត់ទាន់ល្អពេកទេ ព្រោះនៅសំរាម នៅពេញ ហើយពេលអ្នកខ្លះទៅពេលញាំុអី បោះសំរាមពេញ អត់ចេះមានធុងសំរាម ធ្វើឲ្យប៉ះពាល់សុខភាពអ្នកនៅជុំវិញ”។

មន្ត្រីសាលារាជធានីភ្នំពេញ លោក ហួត ហៃ ទទួលស្គាល់ថា បញ្ហាអនាម័យរបស់កុមារនៅតែជាកង្វល់និងជាបញ្ហាប្រឈមមួយ ប៉ុន្តែលោកថារដ្ឋាភិបាលបានបង្កើនថវិកាជាតិអប់រំ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ លោកបន្តថា៖ ”រាជរដ្ឋាភិបាលបានបង្កើនថវិកាលើវិស័យសង្គមកិច្ច អប់រំ សុខាភិបាល អភិវឌ្ឍជនបទ កសិកម្ម និងវិស័យមួយចំនួនទៀតក្នុងគោលដៅធ្វើឲ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរឡើង ជាពិសេសចំពោះកុមារ និងសម្រេចបានគោលដៅជាច្រើននៃគោលដៅអភិវឌ្ឍន៍សហវត្ស”។

ក្នុងរបាយការណ៍ស្រាវជ្រាវដែលបោះពុម្ពដោយភីន កាលពីឆ្នំាកន្លងទៅបានឲ្យដឹងថា កុមារម្នាក់ក្នុងចំណោមបីនាក់ដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ គឺគ្មានអាហារហូបចុកគ្រប់គ្រាន់ មានភាពស្លេក  ស្លំាង ខ្សោយកម្លំាង និងរៀនមិនបានពូកែ។

នៅក្នុងឆ្នំា២០១៦ សមាគមធាងត្នោត អង្គការភីន អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយបានចាប់ផ្តើមជំហានទី២នៃកិច្ចសហប្រតិបត្តិការ “ទីក្រុងសម្រាប់យើងទំាងអស់គ្នា”។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ដើម្បីផ្សព្វផ្សាយពីវិធីសាស្ត្រទាក់ទងនឹងសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុង ដែលបច្ចុប្បន្ន គម្រោងនេះកំពុងអនុវត្តនៅក្នុងភូមិក សង្កាត់ច្រំាងចំរេះទី២ ខ័ណ្ឌឬស្សីកែវ ដែលជាសហគមន៍កំពុងប្រឈមមុខនឹងការបញ្ចេញចេញ។ នៅឆ្នាំខាងមុខនេះ គម្រោងនេះនឹងត្រូវធ្វើនៅក្នុងតំបន់បឹងទំពុនផងដែរ ដើម្បីឲ្យអាជ្ញាធរសហការជាមួយសហគមន៍ ផ្តល់ឲ្យប្រជាពលរដ្ឋនូវការវាយតម្លៃទាក់ទងនឹងការកាន់កាប់ដីធ្លីស្របច្បាប់ និងរៀបចំផែនការទីក្រុងថ្មី ដើម្បីកែលម្អសហគមន៍នៅនឹងកន្លែង៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ