មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សមិនទាន់មានគម្រោងតវ៉ាឬដង្ហែជាក្បួនអ្វីនោះទេ ដោយថារង់ចាំការវិវត្តស្ថានការណ៍នយោបាយ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងបែបនេះទៅកាន់អ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំនៅទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ ខណៈលោក កឹម សុខា មិនចូលខ្លួនទៅតុលាការតាមដីកាកោះហៅ។ លោកមានប្រសាសន៍ថាគណបក្សរង់ចាំមើលការវិវត្តនៃស្ថានការណ៍នយោបាយ មុននឹងឈានទៅដល់ការដង្ហែជាក្បួនអ្វីមួយ។ លោកបន្តថាគណបក្សរង់ចាំព័ត៌មានពីមេធាវីរបស់លោក កឹម សុខា ដែលកំពុងជួបជាមួយចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថាលោកចង់ឲ្យមានការដោះស្រាយដោយសន្តិវិធីហើយថាគណបក្សមិនចង់ឃើញការផ្តាច់ជំនួយពីបរទេសនោះទេ ដោយលោកយល់ថាបើផ្តាច់ជំនួយ ប្រជាពលរដ្ឋក្រីក្រជាអ្នកប៉ះពាល់។
ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូល ជំនួស។
អ្នកស្រី យឹម នូ អះអាងថាជាអ្នកគាំទ្រមកពីខេត្តតាកែវ ប្រាប់វីអូឌីថាលោកមកទីស្នាក់ការបក្សដើម្បីតាមដានចំណាត់ការរបស់តុលាការនិងប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា។ ពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ហេង ហ៊ីម មានប្រសាសន៍ថាលោកមកទីស្នាក់ការគណបក្សដើម្បីរារាំងការចាប់ខ្លួនលោក កឹម សុខា។
លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។
រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាតើការដាក់កម្លាំងសមត្ថកិច្ចដើម្បីត្រៀមចាប់ខ្លួនលោក កឹម សុខាឬយ៉ាងណា? សមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារនេះ បានប្រមូលផ្តុំនៅសង្កាត់ចាក់អង្រែក្រោមនិងរនាំងដែកមួយចំនួនត្រូវបានដាក់ត្រៀមនៅចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ២។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។
គណបក្សសង្គ្រោះជាតិបានឲ្យដឹងថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយទេ៕