មន្ត្រីរដ្ឋាករទឹកអះអាងថាប្រហែលម៉ោង១២ អាចនឹងមានទឹកប្រើប្រាស់វិញហើយ ដោយថាការដាច់ទឹកនេះ ដោយសារខូចឧបករណ៍អគ្គិសនីសម្រាប់បញ្ជូនទឹក។
អគ្គនាយករដ្ឋាករទឹក លោក ស៊ឹម ស៊ីថា ប្រាប់វីអូឌីនៅព្រឹកថ្ងៃអង្គារនេះថាការដាច់ទឹកនេះ ដោយសារខូចឧបករណ៍អគ្គិសនីដែលជាឧបករណ៍សម្រាប់ធ្វើការបញ្ជូនទឹកមកឲ្យប្រើប្រាស់។ លោកមានប្រសាសន៍ថា៖ “ដោយសារឧបករណ៍វាខូច អគ្គិសនីគឺខ្សែភ្លើងដែលគេហៅថាវ៉ាកូអូសៀឃ្វីប្រេឃ៍សម្រាប់ទទួលចរន្ត ២២គីឡូវ៉ុលចូលមកត្រង់ស្វូ២២គីឡូវ៉ុល”។ លោកបន្តថាការដាច់ទឹកនេះ មិនមែនទូទាំងរាជធានីភ្នំពេញគឺមានតែនៅខាងទួលសង្កែ ទួលគោកនិងពោធិ៍ចិនតុង ដែលលោកថាកម្លាំងទឹកខ្សោយ។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃអង្គារនេះ ប្រជាពលរដ្ឋមួយចំនួនបានបង្ហោះលើហ្វេសប៊ុកថាខ្លួនមិនមានទឹកប្រើប្រាស់ចាប់តាំងពីយប់ថ្ងៃចន្ទ និងអ្នកខ្លះទៀតមិនមានទឹកប្រើប្រាស់រហូតមកដល់ពេលនេះ៕