បក្ស​ប្រឆាំង​គ្រោង​ស្នើ​រដ្ឋសភាបកស្រាយ​​លក្ខន្តិកៈតំណាងរាស្ត្រ ករណីចោទប្រកាន់តំណាងរាស្រ្ត​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ថ្លែង​នៅព្រឹកថ្ងៃ​ចន្ទនេះ នៅទីស្នាក់ការគណបក្ស​នៅ សង្កាត់ចាក់អង្រែលើ

គណបក្សសង្រ្គោះជាតិគ្រោងនឹងដាក់លិខិតទៅប្រធានរដ្ឋសភា ដោយស្នើឲ្យរដ្ឋសភាពន្យល់មាត្រា៧នៃលក្ខន្តិកៈតំណាងរាស្ត្រ ខណៈប្រធានស្ដីទី លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តបក្សប្រឆាំង លោក សុន ឆ័យ បានថ្លែងថាបើតាមលក្ខន្តិកៈតំណាងរាស្រ្ត អាជ្ញាធរសមត្ថកិច្ចមុននឹងអនុវត្តនីតិវិធី ចាប់ខ្លួន ឃាត់ខ្លួននិងចោទប្រកាន់តំណាងរាស្រ្ត  ត្រូវលើកអភ័យឯកសិទ្ធិសភា ដោយការបោះឆ្នោតជាសម្ងាត់សំឡេងភាគច្រើននៃសមាជិកសភាទាំងអស់។ លោកមានប្រសាសន៍ថា៖”ដូចខ្ញុំបានបញ្ជាក់ចឹង លក្ខន្តិកៈតំណាងរាស្ត្រមាត្រា៧ និយាយថាអត់ប៉ះពាល់ សូម្បីតែចោទក៏ចោទមិនបានផង ទាល់តែលើកអភ័យឯងសិទ្ធិសភា ដោយសំឡេង២ ភាគ៣នៃសំឡេងសមាជិកសភាទាំងមូល អាហ្នឹងសូមឲ្យគាត់បញ្ជាក់ដែរ ។ ថាតើហេតុអីបានជារឿងរ៉ាវវាមិនចេះចប់ចឹង ឲ្យគាត់បញ្ជាក់ជាផ្លូវការមកវិញ ពន្យល់មាត្រា៧ ហ្នឹងផង ព្រោះពីដើមយើងនិយាយតែមាត្រា៨០នៃរដ្ឋធម្មនុញ្ញទេ ហើយមាត្រា៨០នោះនិយាយលន្លង់លន្លោច មានករណីខ្លះយកទៅបកស្រាយខុសៗគ្នា”។

ច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រមាត្រា៧ចែងថាតំណាងរាស្រ្តបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន។

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថារដ្ឋសភាមិនសិទ្ធិបកស្រាយច្បាប់នោះទេ មានតែក្រុមប្រឹក្សាធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “សភាអត់មានសិទ្ធិបកស្រាយ ព្រោះច្បាប់អត់មានចែងទេ អ្នកដែលមានសិទ្ធិបកស្រាយគឺមានតែក្រុមប្រឹក្សាធម្មនុញ្ញគឺមានតែមួយហ្នឹងគត់ ចឹងឲ្យគាត់មើលច្បាប់ឡើងវិញកន្លែងរដ្ឋធម្មនុញ្ញ ជំពូកក្រុមប្រឹក្សាធម្មនុញ្ញ មើលទៅគេសរសេរក្នុងណុងហើយ  ចឹងឲ្យគ្នាគាត់កុំចេះតែប៉ាតណាប៉ាណីឲ្យរៀនសូត្រច្បាស់លាស់ មើលច្បាប់ទម្លាប់ច្បាស់លាស់”

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ទៅតាមសំណើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើឲ្យក្រសួងយុត្តិធម៌ចាត់នីតិវិធីបន្តក្នុងការស្នើសុំលើកអភ័យឯកសិទ្ធិសភាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលលោក តុ វ៉ាន់ចាន់និងតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ពិន រតនា។ បើតាមលិខិតរបស់ក្រសួងយុត្តិធម៌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសង្ស័យអ្នកទាំងពីរថាបានប្រព្រឹត្តអំពើសញ្ចារកម្មដែលជាបទល្មើសព្រហ្មទណ្ឌ។ លោក ឈាង វុន បញ្ជាក់ថារដ្ឋសភាអាចលើកអភ័យឯកសិទ្ធិបាន ទាល់តែមានសំឡេងពីរភាគបីនៃសមាជិក១២៣រូប ដោយលោកថានេះមិនមែនជាការប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ