ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលលោកអះអាងថាមានឈ្មោះជនជាតិវៀតណាមនៅក្នុងបញ្ជីទាំងនោះ។
ក្នុងលិខិតស្នើមួយចុះថ្ងៃទី៤ ខែកក្កដា ប្រធានគណបក្សអំណាចខ្មែរបានបញ្ជាក់ថា៖ ”យើងបានតាមដាននិងពិនិត្យឃើញថាក្នុងបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតដែលបន្សល់ទុកកាលពីឆ្នាំ២០១៣នោះគឺមានឈ្មោះជនជាតិយួនខុសច្បាប់ជាច្រើននាក់ បានបន្លំខ្លួនចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់មួយក្នុងដែនដីដែលពួកនិគមន៍ជនយួន ខុសច្បាប់ទាំងនេះកំពុងរស់នៅ”។ លោកបានស្នើឲ្យគ.ជ.ប ពិនិត្យនិងលុបឈ្មោះជនជាតិវៀតណាមទាំងនោះ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាមូលហេតុដែលគណបក្សរបស់លោកស្នើបែបនេះ ដោយសារលោកមិនដែលឃើញគណបក្សណាស្នើឲ្យគ.ជ.ប ពិនិត្យលើបញ្ជីឈ្មោះបោះឆ្នោតដែលមានឈ្មោះជនជាតិវៀតណាម។ លោកបានបញ្ជាក់ថា៖ “គណបក្សអំណាចខ្មែរមិនទាន់បានចូលរួមបោះឆ្នោត។ មែនទែនភារកិច្ចនេះជាភារកិច្ចរបស់គណបក្សដែលធ្លាប់ចូលរួមបោះឆ្នោត។ ប៉ុន្ដែខ្ញុំមិនដែលឃើញមានគណបក្សណាស្នើឲ្យគ.ជ.ប លុបឈ្មោះពួកយួនចេញពីបញ្ជីឈ្មោះបោះឆ្នោត”។
មេគណបក្សរូបនោះក៏បានរិះគន់ថាគ.ជ.ប បច្ចុប្បន្ន ដែលមានសមាជិក៤រូបមកពីគណបក្សកាន់អំណាច ៤រូបមកពីគណបក្សសង្រ្គោះជាតិនិង១រូបមកពីសង្គមស៊ីវិល មិនមានភាពឯករាជ្យនោះទេ។ លោកមានប្រសាសន៍ថា៖ “តាមដែលយើងធ្លាប់ស្គាល់គ.ជ.បគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោត តែសម្រាប់ខ្ញុំវិញ ឝ.ជ.បគឺគណៈកម្មការជួយបក្ស តាំងពីកើតគ.ជ.ប មកមិនដែលរៀបចំបោះឆ្នោតអោយសេរី យុត្ដិធម៌ បោះឆ្នោតហើយទាំងអ្នកបោះឆ្នោតទំាងបេក្ខភាពប្រកួតប្រជែងមិនអាចទទួលយកបានទេហើយក៏មិនដែលហ៊ានទទួលយកការពិតនៃការទាមទាររបស់ម្ចាស់ឆ្នោត មកដល់ឥឡូវនៅតែប៉ុណ្ណឹង”។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថាគ.ជ.ប លែងប្រើបញ្ជីឈ្មោះបោះឆ្នោតចាស់ហើយ ដោយបានប្រើប្រព័ន្ធទំនើបសម្រាប់ចុះឈ្មោះបោះឆ្នោត។ លោកមានប្រសាសន៍ថា៖ ”មិនមានការលុបឈ្មោះអីទេ ដោយសារតែបញ្ជីចុះឈ្មោះបោះឆ្នោតចាស់ ឈប់ប្រើប្រាស់តទៅទៀតហើយ ពលរដ្ឋគ្រប់រូបត្រូវតែអញ្ជើញមកចុះឈ្មោះបោះឆ្នោតជាថ្មីម្ដងទៀត តាមបែបអេឡិចត្រូនិចថ្មី”។
បក្សប្រឆាំងនិងសង្គមស៊ីវិលធ្លាប់អះអាងថាការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣មានភាពមិនប្រក្រតីច្រើន ជាពិសេសការបាត់ឈ្មោះអ្នកបោះឆ្នោតនិងឈ្មោះស្ទួនជាង១លាននាក់។
បើតាមគ.ជ.ប អ្នកមានសិទ្ធិឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៦ អាចឡើងដល់ជាង១០លាននាក់។ បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។
គួររបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់រយៈពេល៣ខែសម្រាប់ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕