បទយកការណ៍៖ ការ​យល់ដឹង​របស់ប្រជាពលរដ្ឋមួយចំនួន​ពីថវិកាជាតិនៅមានកម្រិត

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ថវិកា​ជាតិជាប្រភពចំណូលបាន​មកពីការប្រមូល​​ពន្ធ-អាករនានាពីប្រជាពលរដ្ឋទូទំាងប្រទេស។​ ពន្ធ-អាករនេះ មានការ​កើនឡើងជារៀងរាល់​ឆ្នាំ គិត​ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦នេះ។

កាលពីឆ្នាំ២០១១ រដ្ឋាភិបាលចំណាយថវិកាជាតិ២៤៦៣លានដុល្លារ ឆ្នាំ២០១២ចំណាយអស់២៧៧៥លានដុល្លារ ឆ្នាំ២០១៣ចំណាយអស់៣១០០លានដុល្លារ ឆ្នាំ២០១៤ចំណាយអស់៣៣៥៧លានដុល្លារ និងឆ្នាំ២០១៥ចំណាយអស់៣៩០០លានដុល្លារ។

ក្នុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ។

ប៉ុន្តែ ពលរដ្ឋខ្មែរភាគច្រើន ​ បានអះអាងប្រហាក់​ប្រហែលគ្នាថា ពួកគេ​មិន​ទាន់​ដឹង​​ច្បាស់ពីចំណូលនិ​ងចំណាយថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបាននោះ យកទៅបែងចែកលើផ្នែកអ្វីខ្លះ ដើម្បីធ្វើការ​អភិវឌ្ឍន៍ប្រទេស​​នៅឡើយ។

មន្ទិលទំាងនេះ ធ្វើឲ្យពលរដ្ឋភាគច្រើន​បង្ហាញការ​ព្រួយបារម្ភថា ការ​ចាត់ចែងនិង​ចាយវាយថវិកាជាតិដែលរដ្ឋាភិបាលប្រមូលបានពីពលរដ្ឋនោះមិនមានតម្លាភាព។

ឈរនៅមុខ​កន្លែងលក់ដូរមួយក្នុង​រាជធានីភ្នំពេញ​ ដៃវិចខ្ចប់អីវ៉ាន់លក់ជូនភ្ញៀវ អ្នកស្រី ណូវ សុភី បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មានថា គាត់មិនដឹង​ថា អ្វីជាថវិកាជាតិនោះទេ ដោយអ្នកស្រី​ថា ជាប់រវល់​ប្រកបមុខ​របររកប្រាក់ចិញ្ចឹមគ្រួសារ​៖ ”អត់ដឹង អត់ដែលចាប់អារម្មណ៍ បើគិតតែពីរកស៊ីខ្លួនឯង ដឹងតែចំណាយ ចំណូលក្នុងគ្រួសារ តែដ៏ថវិកាជាតិ ខ្ញុំអត់ដែលដឹង អត់ដែលចាប់អារម្មណ៍ ចាប់អារម្មណ៍សំខាន់នៅក្នុងគ្រួសារ ព្រោះអីខ្ញុំអត់ដឹង​ គ្រាន់តែរកស៊ីតិចតួចប៉ុណ្នឹង”។

នៅពេលអ្ន​ក​សារព័ត៌មាន​សួរប្រជាពលរដ្ឋមួយចំនួនថា តើរដ្ឋាភិបាលប្រមូលថវិកាជាតិពីអ្នកណា? ហើយថវិកាដែលប្រមូលបាន រដ្ឋាភិបាលយកទៅបែងចែកទៅឲ្យក្រសួងណាខ្លះ ដើម្បីធ្វើការ​អភិវឌ្ឍន៍ប្រទេសជាតិ?

ពលរដ្ឋ៨នាក់ ក្នុង​ចំណោម១០នាក់ ​បានឆ្លើយសំនួរនេះប្រហាក់ប្រហែលគ្នាថា ពួកគេមិនចាប់អារម្មណ៍ហើយក៏មិនដឹងថាថវិកាជាតិដែលរដ្ឋប្រមូលពន្ធពីពលរដ្ឋ យកទៅបែងចែកឲ្យក្រសួងណាប៉ុន្មាន ដើម្បីធ្វើការ​អភិវឌ្ឍលើគម្រោង​អ្វីនោះទេ។

បុរសម្នាក់​ក្នុង​ចំណោមមនុស្ស​១០នាក់ ឈរក្បែរចិញ្ចឹមផ្លូវក្នុង​រាជធានីភ្នំពេញ​ បានរៀបរាប់ថា ពួកគេបានបង់ពន្ធឲ្យទៅរដ្ឋជារៀងរាល់ឆ្នាំ ប៉ុន្តែពួកគេមិនដឹងថារដ្ឋាភិបាលយកថវិកានោះទៅអភិវឌ្ឍន៍លើផ្នែកអ្វីខ្លះនោះទេ៖ ”ស្តាប់ខាងនយោ​បាយ ប៉ុន្តែរឿងលុយហ្នឹងមិនសូវដឹង ចាត់ចែងទៅណាៗ អត់សូវដឹងនឹង​គេ ដូចអត់ឃើញផ្សព្វផ្សាយឲ្យ​ច្បាស់ថា ត្រូវថវិកានេះយកទៅ មក​ពីណា អីពីណា​ អត់សូវ​ដឹងចាត់ចែងទៅណាៗ”។

ចំណែក អ្នកជំនាញ​សេដ្ឋកិច្ចលើកឡើងថា ថវិកាជាតិដែលរដ្ឋប្រមូលបានពីការបង់ពន្ធ-អាករពីពលរដ្ឋនោះ រដ្ឋាភិបាលជាអ្នកយកថវិកានោះទៅបែងចែកទៅតាមក្រសួងនីមួយៗធ្វើការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ក្រុង និងរាជធានីជាដើម។

អ្នកជំនាញសេដ្ឋកិច្ចបញ្ជាក់ថា​ ការប្រមូលពន្ធមានពីរប្រភេទគឺពន្ធប្រយោលនិងពន្ធផ្ទាល់។ ពន្ធប្រយោលគេហៅថាអាករ រួមមានការទិញស្រានិងបារី ពោលអ្នកលក់ជាអ្នកយកទៅបង់ពន្ធ។  រីឯពន្ធផ្ទាល់រួមមានពន្ធលើប្រាក់ចំណូល ប្រាក់ចំណេញ ពន្ធប្រថាប់ត្រា ពន្ធផ្ទេរកម្មសិទ្ធិជាដើម ពោលអ្នកដែលរកចំណូលបានត្រូវយកទៅបង់ពន្ធជូនរដ្ឋ ដូចជាការបង់ពន្ធប្រាក់ខែជាដើម។

បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ លោក ឌៀប មុនី អះអាងថា គាត់នៅតែមិនអស់ចិត្ត ពីចំណូលនិង​ចំណាយថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបានពីការបង់ពន្ធពីពលរដ្ឋនោះ។ លោកថា ដើម្បីកុំឲ្យពលរដ្ឋ​មួយចំនួនមានការ​សង្ស័យថា រដ្ឋាភិបាលនិងមន្ត្រី ចាយវាយថវិកាមិនមានតម្លាភាពនោះ លោកថា    រដ្ឋាភិបាលត្រូវបញ្ជាទៅក្រសួងនិមួយៗ ធ្វើការ​ផ្សព្វផ្សា​យតាមរយៈហ្វេសប៊ុក​របស់ក្រសួង ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសទូរទស្សន៍ជាតិ៖ ”ឲ្យ​ផ្សព្វផ្សាយ​ដូច​ថា តាមទូរទស្សន៍ ទទក វិទ្យុជាតិ តាមហ្វេសប៊ុកក៏បាន និយាយឲ្យចំថា​ការ​ផ្សព្វផ្សាយ​របៀបណាក៏ដោយឲ្យបានទូលំទូលាយឲ្យដល់អ្នកស្តាប់ អ្នកមើល​ ដើម្បីឲ្យ​ដឹងថវិកានេះ យកទៅធ្វើអីខ្លះ បានមក​ពីណា កុំឲ្យ​ប្រជាពលរដ្ឋសង្ស័យថា យកមក​ធ្វើអញ្ចេះ មក​ធ្វើអញ្ចុះ នាំតែមានពាក្យគិតថារដ្ឋាភិបាលពុក​រលួយ យកមក​ធ្វើនេះ ធ្វើនោះ ឲ្យ​គេ​ដឹង​ថា ធ្វើនេះអស់ប៉ុន្មានផង​ទៅ ព្រោះឮសូជំពាក់គេ រួច​ហើយមិនដឹងថាជំពាក់របៀបម៉េច ផ្លូវ​ណា​​ផង​”។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានវាយតម្លៃបង្ហាញថា កម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០ សម្រាប់ សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង។

បណ្ឌិតសេដ្ឋកិច្ចនិងជាមន្ត្រីផ្នែកស្រាវជ្រាវនៅបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ពន្យល់ថា ប្រភពថវិកាជាតិដែលរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋរួមមានការបង់ពន្ធដីធ្លី ផ្ទះ ពន្ធប្រថាប់ត្រា ពន្ធលើប្រាក់ខែមន្ត្រីរាជការ និងបុគ្គលិកអង្គការ រួមទំាងពន្ធនាំចេញ និងពន្ធនាំចូលទំនិញជាដើម។

លោក គី សេរីវឌ្ឍន៍ យល់ថាចំណូលនិងចំណាយថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋជារៀងរាល់ឆ្នាំនោះ​ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយពីថវិកាជាតិជាពិសេសឲ្យតំណាងរាស្ត្របានដឹងនិងងាយស្រួលពំានាំយកព័ត៌មានពីការចំណូលនិងចំណាយថវិកាជាតិយកទៅផ្សព្វផ្សាយបន្ថែមឲ្យប្រជាពលរដ្ឋបានដឹងពីករណីនោះ។

អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនបាន​លាក់បំាងពីចំណូល​និង​ចំណាយថវិកាជាតិ ដូចការ​សង្ស័យរបស់ឲ្យ​ប្រជាពលរដ្ឋនោះទេ ដោយលោកថា ថវិកា​ដែលប្រមូលបានពីការបង់ពន្ធ-អាករនានាពីពលរដ្ឋនោះ ត្រូវបាន​បង្ហោះនៅលើវេបសាយក្រសួ​ង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។

លោកថា សុខ ឥសាន បន្តថា ចំណែកថវិកា​ដែល​បែងចែកទៅឲ្យក្រសួងនIមួយៗធ្វើការ​អភិវឌ្ឍទំា​ង​ថ្នាក់​ជាតិ ​និង​ថ្នាក់​​ក្រោមជាតិក្នុងមួយឆ្នាំៗនោះ ត្រូវ​បានបង្ហោះនៅក្នុងវេបសាយ​​ក្រសួងសាមីជាង២០ក្រសួង​ ដូចជា ក្រសួង​ការងារ ក្រសួង​ការពារជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ និង​ក្រសួង​សុខា​ភិបាល​ជាដើម​។ លោកថា បើ​ពលរដ្ឋដែលចង់ដឹងព័ត៌មាននេះ អាចចូលក្នុង​គេហ​ទំព័រ​របស់​ក្រសួង​ខាង​លើ​។

នៅពេលសួរថា ហេតុអ្វីបានជារដ្ឋាភិបាលមិនធ្វើការ​ផ្សព្វផ្សាយពីចំណូល និង​ចំណាយតាមក្រសួង​និមួយៗ​តាម​ វិទ្យុ និងទូរទស្សន៍ ជាពិសេសទូរទស្សន៍ជាតិ ឲ្យបានទូលំទូលាយជាងនេះ? លោក សុខ ឥសាន ឆ្លើយថា រដ្ឋាភិ​បាល​មិន​មាន​ពេល​ក្នុង​​ការ​ផ្សព្វផ្សាយ​ តាមវិទ្យុនិង​ទូរទស្សន៍នោះបានទេ៖ “មានពេលណា បើសិនជាអង្គុយផ្សាយអាហ្នឹង(ថវិកាជាតិ) ហើយមានពាណិជ្ជកម្មឯណាចូលឧបត្ថម្ភកម្មវិធី ចំណូល​ចំណាយទូរទស្សន៍ វិទ្យុ ខ្ញុំយល់ថា​ ដួលអស់ហើយ រាល់ថ្ងៃបានផ្សាយពាណិជ្ជកម្មយកមក​បង្វិល​ទុនសម្រាប់ផ្សាយជាព័ត៌មានផង ផ្សាយជាសីល្បៈផង បើសិន​ណាគ្រាន់តែផ្សាយ​ ដើម្បីផ្សាយ ហើយអត់មានចំណូល​ចំណាយ​ពីពាណិជ្ជកម្មទេ ខ្ញុំយល់ថាមិនមានតុល្យភាពក្នុងការ​ចំណូល​ចំណាយនេះ នាំឲ្យស្ថាប័ន អង្គភាព ទូរទស្សន៍ អង្គភាពវិទ្យុមិនអាច​រស់រានមានជិវិតបានទេ”។

ចំណែក​ អ្នក​ស្រាវជ្រាវសេដ្ឋ​កិច្ច​កម្ពុជា​លោក ចាន់ សុផល យល់ថា រដ្ឋាភិបាលមិនមានចេតនាលាក់បំាងព័ត៌មានថវិកាជាតិនោះទេ។ ប៉ុន្តែលោកសង្កេតឃើញថា ការ​ផ្សព្វផ្សាយ​ពីចំណូលនិងចំណា​យ​ថវិកាជាតិនោះ មិនទាន់បានទូលំទូលាយនៅឡើយ។ លោកថា ជម្រើស​ល្អសម្រាប់ការ​អប់រំប្រជាពលរដ្ឋ រដ្ឋាភិបាលគួរតែសង្ខេបព័ត៌មានទាក់ទងនឹងថវិកាជាតិនេះ ដើម្បី​ចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយ ឬនៅក្នុង​វេបសាយរបស់ក្រសួងនិមួយៗ ឬបញ្ជូល​ក្នុង​កម្មវិធីសិក្សានៅថ្នាក់ទី៩ឡើងទៅ ដើម្បីឲ្យសិស្សយល់ដឹងច្រើន​ពីបញ្ហា​នេះ​៖ ”អ្វីៗដែលអាចជ្រួតជ្រាបទៅលើប្រជាពលរដ្ឋបានច្រើនបំផុតគឺមានតែតាមរយៈកម្មវិធីសិក្សាថ្នាក់ទី៩ ទី១០ សូម្បីតែថ្នាក់ទី៩ ទី១០ ទី១១ ក៏មិនបានគ្រប់គ្នាដែរ ពីព្រោអ្នកខ្លះឈប់បាត់ហើយតំាងពី៦ទី៥ផង ទោះយ៉ាងណាក៏គ្រាន់បើដែរ ហើយត្រូវមានកម្រិតមួយចេះដឹងគ្រប់គ្រាន់ហើយបានស្វែងយល់បន្ថែមទៀតពីរឿងស៊ីជម្រៅ”។

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងពីថវិកាជាតិ រដ្ឋាភិបាលត្រូវបង្ហាញឯកសារថវិកាដោយសាមញ្ញ មិនមានលក្ខណៈបច្ចេកទេស ដើម្បីពួកគេយល់ដឹងអំពីហិរញ្ញវត្ថុសាធារណៈ ។

របាយការណ៍ដដែលបន្តថាចាប់តំាងពីឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយ “ថវិកាសង្ខេប” ដែលមានតួលេខចំណូល ចំណាយ និងការវាស់វែងម៉ាក្រូសេដ្ឋកិច្ចសរុបមួយចំនួន ប៉ុន្តែថវិកាសង្ខេបនោះមិនត្រូវបានចាត់ទុកជាឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋអាចយល់បានដ៏ល្អនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ