អ្នកសារព័ត៌មានស្នើឲ្យបកស្រាយខ្លឹមសារមាត្រាខ្លះក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន

អ្នកសារព័ត៌មានសម្ដែងការព្រួយបារម្ភខ្លាចមានការចោទប្រកាន់ ករណីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលពួកគេថាមិនបានចែងច្បាស់លាស់អំពីលក្ខណៈនៃប្រភេទព័ត៌មានសម្ងាត់ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។

នៅក្នុងវេទិកាពិភាក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយលើសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន កាលពីម្សិលមិញអ្នកព័ត៌មានមកពីស្ថាប័នផ្សេងចូលរួម ជាង ៣០ នាក់  ក្នុងនោះមាន វិទ្យុអាស៊ីសេរី វីអូឌី  វីអូអេ  វិទ្យុបារាំង  វិទ្យុអូស្រ្តាលី និងវ៉ិបសាយមួយចំនួនទៀត។

អ្នកសារព័ត៌មានដែលចូលរួមក្នុងវេទិកានោះ បានលើកឡើងថា ខ្លឹមសារសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន  បានចែងអំពីព័ត៌មានសម្ងាត់ ដែលមិនអាចផ្ដល់ឲ្យអ្នកសារព័ត៌មានតាមការស្នើសុំដើម្បីយកទៅចុះផ្សាយ ដោយខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ុន្តែនៅក្នុងច្បាប់នេះមិនបានបកស្រាយឲ្យច្បាស់ថា អ្វីជាព័ត៌មានដែលចាត់បញ្ចូលនៅក្នុងលក្ខណៈនៃព័ត៌មានសម្ងាត់នោះទេ ។ ការចែងមិនបានច្បាស់លាស់នេះ អ្នកសារព័ត៌មានថាអាចធ្វើឲ្យមានការបកស្រាយផ្សេងៗគ្នា ហើយវានឹងធ្វើឲ្យអ្នកព័ត៌មានកាន់តែមានការពិបាកក្នុងការទទួលបានព័ត៌មានពីមន្ត្រីរដ្ឋាភិបាល  ។

អ្នកសារព័ត៌មាន៖”   តើព័ត៌មានអ្វីដែលចាត់បញ្ចូលថាជាព័ត៌មានសម្ងាត់ហ្នឹង ឧទាហរណ៍៖ថាលូវយើងមើលនៅក្នុងចំណុច(ក) គេថា ព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ សំដៅដល់ព័ត៌មានសម្ងាត់ទាំងឡាយណា  ដែលអាចមានគ្រោះថ្នាក់បូរណភាពទឹកដី ។ ចឹងអ្វីខ្លះដែលនាំគ្រោះថ្នាក់ ពីព្រោះការចែងទូលាយមិនសម្រួលឲ្យវាមានខ្លឹសារជាក់លាក់នាំឲ្យមានការបកស្រាយទូលាយដែរ ។ ការបកស្រាយទូលាយហ្នឹងហើយដែលជាបញ្ហាអ្នកដែលជាមន្ត្រីសាធារណៈគឺគាត់អាចមានលេសបកស្រាយហើយយើងអត់ទទួលបានព័ត៌មានជាដើម”។

ក្រៅពីការលើកឡើង និងការព្រួយបារម្ភពីពាក្យថា ព័ត៌មានសម្ងាត់នេះ អ្នកព័ត៌មានក៏បានលើកឡើងឲ្យមានការពិនិត្យចំណុចផ្សេងទៀតនៅក្នុងសេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ដូចជា ការដាក់ទោស  ការកម្រិតសេរីភាពនៃការទទួលបានព័ត៌មាន ខណៈស្ថាប័នព័ត៌មានមួយអាចសុំព័ត៌មានពីរដ្ឋាភិបាលបានតែមួយដងគត់ ក្នុងយៈពេល ៤ ខែ។

នៅកិច្ចពិភាក្សានោះដែរ អ្នកសារព័ត៌មានម្នាក់ទៀតក៏បានលើកឡើងដែរថា ក្រសួងព័ត៌មាននិងភាគីពាក់ព័ន្ធគួរតែ ធ្វើការបកស្រាយ ខ្លឹមសារឲ្យច្បាស់លាស់នៅក្នុងមាត្រានីមួយៗ នៃច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ខណៈដែលច្បាប់នេះ ក៏មានចែងអំពីទោសបញ្ញាត្តិនោះ។

អ្នកសារព័ត៌មានថា៖” យើងដឹងហើយថា ចំណងជើងនៃសេចក្ដីព្រាងច្បាប់នេះ  គឺសិទ្ធិទទួលបានព័ត៌មាន  ហើយបើយើងមើលទៅចំណុចទោសបញ្ញាត្តិនេះ ជាការរាំងមួយ ជាការបន្ទុចបង្អាក់មួយ មិនឲ្យពលរដ្ឋទូទៅ ហើយហ្នឹងអ្នកសារព័ត៌មានហានក្លាហាន ក្នុងការសុំទេ ព្រោះសុំទៅខ្លាចជាប់ អស់លុយហើយជាប់គុកទៀត។   ដូច្នេះនេះ ខ្ញុំយល់ថានេះជា ចំណុចបញ្ហា ចំណុចបញ្ហាផ្សេងទៀតដែលយើងបានលើកនៅក្នុងសិក្ខាសាលានេះ ទាក់ទងបញ្ញាត្តិព័ត៌មានសម្ងាត់នោះ  ចំណុចមួយទៀត ប្រសិនបើយើងមានច្បាប់មិនល្អ អត់ច្បាប់វិញប្រសើរជាង”។

អ្នកសារព័ត៌មានដែលចូលរួមក្នុងវេទិកាពិភាក្សាបានស្នើឲ្យក្រសួងព័ត៌មាន បកសា្រយពីការដាក់ទោសទណ្ឌដល់អ្នកបញ្ចេញព័ត៌មាន បើគ្រាន់តែមានការបកស្រាយថា ជាព័ត៌មានសម្ងាត់។ ”ការដាក់ទោសទណ្ឌទៅលើមន្ត្រីសាធារណៈ ប៉ុន្តែយើងមិនអាចកម្រិបានថា ពីទំហំនៅក្នុងមាត្រានោះ បានទេ ព្រោះយើងមើលទៅគាត់ដាក់ទោសទណ្ឌមន្ត្រីសាធារណៈគ្រាន់តែ ការបញ្ចេញព៌តមានរបស់គាត់ គ្រាន់តែការផ្ដល់ព័ត៌មាន និងទទួលបានព៍ត៌មានក៏គាត់មានទោសដែរ។ ចឹងគឺសិទ្ធិទទួលបានព័ត៌មានគឺបិទទាំងស្រុងតែម្ដង  ចឹងនៅក្នុងនេះ យើងស្នើសុំគួរបញ្ជាក់ វិន័យរដ្ឋបាល នៅក្នុងមាត្រា ២៥ វិន័យរដ្ឋបាលអ្វីខ្លះដែលគាត់មានទោសត្រូវដាក់ទោសជាប់គុកគាត់ហើយ មានទោសព្រហ្មទណ្ឌទៀត គ្រាន់តែស្នើសុំព័ត៌មាន ដូចជាវាធ្ងន់ធ្ងរពេកហើយ។ ស្នើសុំឲ្យបញ្ជាក់ពីមាត្រាមួយនៅក្នុងក្រមព្រហ្មទណ្ឌ ថាមាត្រាមួយណាដែលគាត់(ត្រូវមានទោស)ព្រហុ្មទណ្ឌនោះបញ្ជាក់ឲ្យច្បាស់មក ទោសអីគេនៅក្នុងមាត្រាណា បានត្រូវ(ជាប់ទោស)ព្រហ្មទណ្ឌនោះ គ្រាន់តែស្នើសុំព័ត៌មានធ្លាក់ដល់ទោសព្រហ្មទណ្ឌដែរ”

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក  អ៊ុក គឹម សេង មានប្រសាសន៍ថា ប្រសិនបើអ្នកសារព័ត៌មានយល់ថាច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមានលក្ខណៈ មិនសមស្របនោះ អាចដាក់សំណើរមកក្រសួង ដើម្បីធ្វើការពិនិត្យលើចំណុចណាមួយនៅក្នុងមាត្រានៃសេចក្ដីព្រាងច្បាប់នេះបាន។

លោកមានប្រសាសន៍ថា៖”ការសម្ងាត់មានបី បួនប្រភេទ ថាអាហ្នឹងអាចលាក់ការ មិនឲ្យអ្នកដទៃដឹង អាមួយទៀតសម្ងាត់មិនឲ្យគេដឹងតែម្ដង  អាការសម្ងាត់មួយទៀតគេអាចមានពេលវេលាណាមួយឲ្យគេដឹង ទាល់តែពីនិយមន័យហ្នឹងបើសិនជាពួកគាត់ឆ្ងល់  គាត់យ៉ាងម៉េចគាត់ប្រជុំព្រឹកមិញគាត់បានផ្លាស់ប្ដូរយោបល់គ្នាហើយខ្ញុំសង្ឃឹមថាក្រសួង ហ្នឹងបានសំណើរ  សំណូមពរក្រុមអ្នកសារព័ត៌មានព្រឹកមិញនេះ មកពិចារណា ប៉ុនអាលូវនេះ ខ្ញុំមិនមានអត្ថាធិប្បាយអីទេ ព្រោះអីអត់ទាល់មានឃើញលាយលាក់អក្សរថាគាត់ចង់បានអីទេ”។

កាលពីថ្ងៃទី៨ខែកញ្ញា ឆ្នាំ ២០១៦ តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោកស្រី វ៉ាន ហ៊ីលី បានជំរុញភាគីពាក់ព័ន្ធ របស់កម្ពុជា ធ្វើយ៉ាងណា ឲ្យខ្លឹមសារច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវការពារសិទ្ធិអ្នករាយការណ៍ព័ត៌មាន ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម ប្រកបដោយតម្លាភាព ជាជាងបិទបាំងទង្វើរបស់មន្ត្រីខិលខូចមួយចំនួន។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មាន៣៦ មាត្រា ហើយបច្ចុប្បន្ននេះក្រសួងព័ត៌មានកំពុងធ្វើការពិនិត្យសេចក្ដីព្រាងបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ