រដ្ឋសភាឲ្យដឹងថា ស្ថាប័ននេះនឹងបន្តបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅថ្ងៃស្អែកទៀត ដោយថាដើម្បីជជែកគ្នាលើរបៀបវារៈពាក់ព័ន្ធនឹងវិជ្ជាជីវៈផ្នែកវិស័យសុខាភិបាលនិងកិច្ចព្រមព្រៀងស្តីពី អាស៊ាន។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់VODនៅថ្ងៃច័ន្ទនេះថា សភានឹងបើកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃអង្គារស្អែកនេះ វេលាម៉ោង៩ព្រឹក ដោយថាសភានឹងលើករបៀបវារៈទំាងពីរខាងលើនេះ ដើម្បីសម្រេចថាត្រូវបញ្ជូនទៅប្រជុំនៅសភាពេញអង្គឬយ៉ាងណា ខណៈសភាចូលកងវិញហើយក្រោយថ្ងៃបុណ្យភ្ជុំ។
លោក ឡេង ប៉េងឡុង ឲ្យដឹងទៀតថា សភាបានផ្តល់ព័ត៌មានទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទំាងពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យដឹងពីថ្ងៃប្រជុំនេះហើយ តែលោកថា ការសម្រេចចូលប្រជុំឬមិនចូល អាស្រ័យលើសមាជិកទំាងនោះ។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលោក ឈាង វុន អះអាងថា សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាទំាង៧រូបនឹងចូលរួមនៅថ្ងៃស្អែកនេះ។
ចំណែកសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលោក យ៉ែម បុញ្ញឬទ្ធិ មកពីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិនឹងចូលរួមប្រជុំនៅថ្ងៃស្អែកដែរ តែលោកមិនបានបញ្ជាក់ពីចំនួនអ្នកចូលរួមនោះទេ ដោយថាគណបក្សនឹងប្រជុំសម្រេចនៅល្ងាចថ្ងៃច័ន្ទនេះ៕