បណ្តុំអង្គការសង្គមស៊ីវិលនិងបណ្តាញសហគមន៍នៅកម្ពុជាចំនួន១៦ធ្វើការផ្នែកសុខភាព បានបង្ហាញជំហរជំទាស់នឹងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៃឱសថជាមួយសមាជិកស៊ាន ដោយថាកិច្ចព្រមព្រៀងនោះធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។
ក្នុងលិខិត ចុះថ្ងៃទី១៤ខែតុលានេះ បណ្តុំអង្គការ សមាគមចំនួន១៦ ក្នុងចំណោមបណ្តុំអង្គការសង្គមស៊ីវិល និងសហគមន៍ជាង៨០នៃប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចពេញលេញថ្នាក់តំបន់(RCEP) បានឲ្យដឹងថា ពួកគេបានដាក់លិខិតនេះដាច់ឡែកពីគ្នាទៅស្ថាប័នរដ្ឋាភិបាលកម្ពុជាចំនួន៣ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមិនចង់ឲ្យមានកិច្ចព្រមព្រៀងនោះទេ។
តំណាងសហគមន៍ផ្នែកសុខភាព អ្នកស្រី កែវ ថា មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា បើរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរឿងកម្មសិទ្ធិបញ្ញានៃឱសថ ជាមួយសមាជិកស៊ាន អ្នកស្រីថានឹងធ្វើឲ្យប្រជាពលរដ្ឋនៅកម្ពុជាជួបបញ្ហាប្រឈម ខណៈក្រុមហ៊ុនបរទេសដែលមកវិនិយោគនៅកម្ពុជា ប្រើកម្មសិទ្ធិបញ្ញាក្នុងការផលិតឱសថលក់ឲ្យប្រជាពលរដ្ឋខ្មែរ ដោយថាអាចលក់នៅតម្លៃខ្ពស់៖«ពួកខ្ញុំខាងសហគមន៍មានការព្រួយបារម្ភខ្លាចខាងប្រទេសយើង(កម្ពុជា)ចូលជាពាណិជ្ជកម្មសេរីទាក់ទងនិងកម្មសិទ្ធិបញ្ញា អាចឲ្យអ្នកផលិតថ្នាំចូលមកស្រុកយើងទៅ គាត់អាចធ្វើថ្នាំ អាចលក់តម្លៃថ្លៃ យើងអ្នកក្រអត់មានលុតទិញទេ គឺគេផលិតបានគេផ្តាច់មុខអត់ឲ្យអ្នកណាចម្លងរូបមន្តពីគេ គេអាចលក់តម្លៃថ្លៃតាមចិត្តរបស់គេ«។
អ្នកស្រី កែវ ថា បញ្ជាក់ថា ឱសថសម្រាប់ព្យាបាលប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នរួមមាន ឱសថប្រឆំាងជម្ងឺអេដស៍ របេង លើសឈាម និងគ្រុញចាញ់ជាដើម។
អ្នកសម្របសម្រួលសកម្មភាពសង្គម ដើម្បីផ្លាស់ប្តូរ កញ្ញា លី ពិសី ដែលបានចូលរួមផ្តល់យោបល់ក្នុងលិខិតនោះ បានឲ្យដឹងដែរថា កញ្ញាមិនចង់ឲ្យរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៃឱសថជាមួយសមាជិកស៊ាននោះទេ ដោយកញ្ញាថា អ្នកដែលខាតប្រយោជន៍ប្រជាពលរដ្ឋក្រីក្រី ហើយអ្នកចំណេញគឺវិនិយោគបរទេស៖”អត់ចង់ឲ្យរដ្ឋាភិបាលចុះពាណិជ្ជកម្មសេរីទេ ព្រោះយើងនៅលើពិភពលោកបានរៀនសួត្រច្រើនឆ្នាំហើយថា ពាណិជ្ជកម្មសេរី គឺអត់បានអីចំណេញដល់ប្រជាជនក្រីក្រទេ ដោយឡែកចំណេញដល់អ្នកជំនួញ ឬក៏វិនិយោគទុនបរទេស”។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ សុំមិនបកស្រាយលើករណីនេះ ដោយលោកថាមិនទាន់ទទួលបានព័ត៌មាននេះពីថ្នាក់លើនៅឡើយ។ ចំណែក អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក កែន រដ្ឋា ទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។
របាយការណ៍របស់បណ្តុំអង្គការនិងសហគមន៍ បានឲ្យដឹងថា មូលនិធិសកលប្រឆំាងមេរោគអេដស៍ របេង និងគ្រុញចាញ់ បានផ្តល់ជំនួយមកកម្ពុជាសម្រាប់ជួយដល់ពលរដ្ឋខ្មែរ មានប្រមាណជា៥៨លានដុល្លារក្នុងមួយឆ្នាំ ដែលជាង៣៣លានដុល្លារ ត្រូវបានចំណាយលើកម្មវិធីព្យាបាល ថែទំា និងគំាទ្រ៕