អាជ្ញាធរមិនឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវត្តី

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យបូជាសព លោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវត្តីដោយអះអាងថា សពតំណាងរាស្ត្រមិនអាចយកទៅបូជានៅទីនោះបានឡើយ គឺមានតែថ្នាក់ដឹកនាំជាន់ខ្ពស់តែប៉ុណ្ណោះ។

គណបក្សសង្គ្រោះជាតិគ្រោងយកសព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺទៅបូជានៅមុខវត្តបទុមវត្តី។ ប៉ុន្តែប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅថ្ងៃនេះថា មុខវត្តបទុមវត្តី អនុញ្ញាតបានតែថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ តែលោកមិនមានបញ្ជាក់ថា ថ្នាក់ដឹកនាំឋានៈណាទេ ក៏ប៉ុន្តែសម្រាប់តំណាងរាស្ត្រវិញ គឺមិនទាន់អនុញ្ញាតឲ្យបូជានៅទីនោះទេ។

លោកមានប្រសាសន៍ថា៖ “ជាទូទៅតំណាងរាស្រ្ត យើងមិនទាន់បានអនុញ្ញាតឲ្យមានការបូជាសពនៅកន្លែងនោះទេ ដូចសពឯកត្ដម……និងលោកជំទាវ …..ដែលស្លាប់កន្លងមក តំណាងរាស្ត្រក្នុងនាមតំណាងរាស្រ្ត គឺយើងមិនបានអនុញ្ញាតឲ្យធ្វើនៅមុខវត្តបទុមវត្តីនោះទេ“។

វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មាធិការរៀបចំបុណ្យសពដែលចាត់តាំងដោយរដ្ឋសភាបាននៅឡើយទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។ ប៉ុន្តែបើតាម លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការបដិសេធរបស់អាជ្ញាធរនេះ មិនសមហេតុផលឡើយ ព្រោះមន្ត្រីដែលមានឋានៈខ្ពស់ជាងគេ គឺមានតែតំណាងរាស្ត្រ។

លោកមានប្រសាសន៍ថា៖ “តំណាងរាស្ត្រជាសមាជិកព្រឹទ្ធសភា ជាមន្ត្រីផុតលេខ វាអត់មានលេខលើសពីនេះទៀតទេ គឺថាផុតលេខហើយ បើនិយាយចឹងទី១។ ទី២ កន្លងមកនេះក៏មានអ្នកតំណាងរាស្ត្រជាច្រើនដែលទទួលមរណភាពនោះ ហើយត្រូវបានបូជានៅទីនោះ លើកលែងតែក្រុមគ្រួសារ ប្រសិនបើក្រុមគ្រួសារយកទៅបញ្ចុះ …….ហើយពេលថ្មីៗនេះឯកឧត្តម មិន ឈិន លោកបានបូជានៅទីនោះដែរ លោកគ្រាន់តែជាសមាជិករដ្ឋាភិបាលហ្នឹង លោកមិនមែនជាតំណាងរាស្ត្រផងហ្នឹង។ ចឹងដូច្នេះ បើកាលណាយើងនិយាយមន្ត្រីជាន់ខ្ពស់នោះ គឺខ្ញុំគិតថា វាមិនមានឋានៈណាខ្ពស់ជាងតំណាងរាស្ត្រទេ បើរដ្ឋធម្មនុញ្ញអី(តំណាង)ជាឧត្តមមន្ត្រីផុតលេខហើយ“។

អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល ចាត់ទុកការមិនអនុញ្ញាតនេះថា ជារឿងនយោបាយច្រើនជាង។

លោកមានប្រសាសន៍ថា៖ “ឲ្យតែរដ្ឋមន្ត្រីខាងគណបក្សកាន់អំណាចលោកទទួលមរណភាព លោកបានទទួលសិទ្ធិហ្នឹង ចឹងវាជាសំណួរហេតុអ្វីបានជាតំណាងរាស្ត្រមកពីបក្សប្រឆាំងមិនទទួលបានសិទ្ធិហ្នឹង។ អាហ្នឹងជាសំណួរសំខាន់ណាស់ ចឹងឯងតែងតែទទួលបានការចោទប្រកាន់ថា ការប្រើប្រាស់មានស្ដង់ដាពីរនេះ វានៅតែជាសញ្ញាមិនល្អទេ សម្រាប់ភាពរួបរួមសុខដុមរមនារបស់សង្គមជាតិ។ យើងមិននិយាយតែរឿងច្បាប់ទេ ប៉ុន្តែយើងនិយាយពីសាសនានិងភាពសុខសាន្តរបស់ជាតិ ………….យើងមិនបាច់ទៅជជែងវែកញែកដល់រឿងច្បាប់ទេ ព្រោះច្បាប់វាអាស្រ័យទៅលើអ្នកបកស្រាយទេ ព្រោះកម្ពុជាកំពុងរងការរិះគន់អំពីនីតិរដ្ឋ។ ចឹងការប្រើប្រាស់អំណាចរបស់រដ្ឋជាបព្វហេតុនយោបាយនេះ ជាសំណួរសំខាន់មួយទៅហើយ ប៉ុន្តែបើយើងនិយាយពីភាពសមស្រប សាមគ្គីភាពជាតិ ហើយនិងវប្បធម៌សាសនាវិញថា តើវាមានលក្ខណៈសមស្របទេ ដែលអាជ្ញាធរធ្វើការបដិសេធបែបនេះ?“។

បើតាមគណៈកម្មការបុណ្យ សពលោក ប៉ែន សុវណ្ណ នឹងហែពីចេញខេត្តតាកែវ ដើម្បីយកមកតម្កល់នៅវត្តថាន់ក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកា ហើយគ្រោងបូជានៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា វេលាម៉ោង៩ព្រឹក។

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ដែលមានអាយុ៨០ឆ្នាំដោយរោគាពាធ។ បច្ចុប្បន្ននេះសពតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរូបនេះ កំពុងតម្កល់នឹងធ្វើបុណ្យតាមប្រពៃណីគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។

លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ ហើយលោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ ប៉ុន្តែក្រោយមក លោកត្រូវបានវៀតណាមចាប់ដាក់គុក១០ឆ្នាំ ដោយសារតែអ្វីដែល លោក ប៉ែន សុវណ្ណ បញ្ជាក់ថា មកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ