សកម្មជនដីធ្លីរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីដោះលែងអ្នកស្រីទេព វន្នី

សកម្មជនដីធ្លីតំបន់បឹងកក់ សុង ស្រីលាភ​និង​បូវ សោភា កាលពីកន្លងទៅ​

សកម្មជនដីធ្លីក្នុងតំបន់បឹងកក់រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យដោះលែងតំណាងរបស់ពួកគេគឺអ្នកស្រីទេព វន្នី ដែលត្រូវតុលាការឃុំខ្លួនបន្ទាប់ពីដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ។

សកម្មជនដីធ្លីទាំងនោះប្រមាណ៣០នាក់នៅថ្ងៃព្រហស្សតិ៍ទី៣វិច្ឆិកានេះ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសុំឲ្យបញ្ឈប់ប្រើប្រព័ន្ធតុលាការមកគៀបសង្កត់អ្នកតវ៉ា និងដោះលែងអ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ ក្រោយមកតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទថាសកម្មជនដីធ្លីរូបនោះបានជេរប្រមាថរាជការសាធារណៈទាក់ទិននឹងសំនុំរឿងចាស់ ដែលអ្នកស្រី ទេព វន្នី ដឹកនាំតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣។

តំណាងអ្នកតវ៉ាម្នាក់ទៀតគឺអ្នកស្រី បូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិរួចថាអ្នកស្រីទេពវន្នីមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ ដោយថា អ្នកស្រី ទេពវន្នីមិនបានប្រើអំពើហិង្សារលើសមត្ថកិច្ច។

អ្នកស្រីថាបន្ថែមថា៖ «វាជារឿងមួយគួរឲ្យអាម៉ាសមែនទែនដែលពួកគាត់សុទ្ធតែស្រីៗថាបើហិង្សារលើសមត្ថកិច្ច។

ខ្ញុំជឿជាក់ថានឹងមានយុត្តិធម៌សម្រាប់ពួកខ្ញុំ ហើយលោកនាយករដ្ឋហ៊ុនសែនមិនទុកឲ្យបុគ្គលថ្នាក់ក្រោមដូចជាអាចក់អាចែមគាត់ហ្នឹងទាញកៅអៅរបស់គណបក្សប្រជា ជនធ្លាក់សម្លេងឆ្នោតបន្តទៀតទេ ព្រោះថ្នាក់ក្រោមដូចជាសណ្តាប់ធ្នាប់ខណ្ឌដូចពេញហ្នឹងគាត់ បានធ្វើលោកនាយករដ្ឋមន្រ្តីហ៊ុនធា្លក់សន្លឹកឆ្នោតមែនទែន ដោយសារតែការប្រើហិង្សារ និងការធ្វើលើសបទបញ្ឈរបស់គាត់[លោកហ៊ុនសែន]»

អ្នកស្រីបន្ថែមថាការចាប់ខ្លួនអ្នកស្រីទេពវន្នី ដោយសារតែសកម្មជនដីធ្លីរូបនោះសកម្មក្នុងការចេញមុខដឹកនាំការតវ៉ាប្រឆាំងការបណ្តេញចេញពីលំនៅឋាន។ ហើយអ្នកស្រីមានសង្ឃឹមថា ប្រសិនបើលោកនាយករដ្ឋមន្រ្តីបានទទួលបានញត្តិរបស់ពួកគាត់នេះ អ្នកស្រីទេពវន្នីនឹងមាន ការដោះលែង។

មន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុនសែន លោក គង់ ចំរើនបានទទួលញត្តិពីសកម្មជន ដីធ្លីទាំង ប៉ុន្តែលោកមិនឆ្លើយតបអ្វីជាមួយអ្នកសារព័ត៌មានសួរនោះទេ។

ពលរដ្ឋនៅតំបន់បឹងកក់ម្នាក់អ្នកស្រី ឈិន ណាវី អះអាងថា ចាប់តាំងពីចេញដើរតវ៉ាទាមទារ សិទ្ធិដីធ្លីជាមួយអ្នកស្រីទេពវន្នីមក មិនដែលឃើញតំណាងរបស់ខ្លួនជេរប្រមាណ ឬប្រើហិង្សារ លើអាជ្ញាធរនោះ ដោយថាមានតែអាជ្ញាធរទេដែលតែងតែប្រើហិង្សារលើពលរដ្ឋវិញ។

អ្នកស្រីថាបន្ថែមថា៖ «ចាប់តាំងពីនាំគ្នាតវ៉ាមកមិនដែលប្រជាជនណា ទេព វន្នីណា ធ្វើអំ ពើហិង្សារទៅលើពួកអាជ្ញាធរទេ »

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាចំណាត់ការលើមន្ត្រីសង្គមស៊ីវិលនិងជនសង្ស័យមួយចំនួនទៀត លោកថាជាចំណាត់ការរបស់តុលាការ ហើយថារដ្ឋាភិបាលអាចពិចារណាដោះលែងបាន លុះណាតែសំណុំរឿងនោះផុតពីដៃតុលាការ ទើបរដ្ឋាភិបាលមានលទ្ធិភាពដាក់សំណើទៅព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោសបាន។

គួរំលឹកថា អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣លើកហើយ ដោយលើកទីមួយនៅឆ្នាំ២០១២ឃុំខ្លួនបាន១ខែ៣ថ្ងៃ។ លើកទី២នៅឆ្នាំ២០១៤ឃុំខ្លួនបាន៥ខែ១ថ្ងៃនិងលើកទី៣ឃុំខ្លួនបានជា២ខែហើយគិតត្រឹមថ្ងៃទី៣ខែវិច្ឆិកានេះ។

ការចាប់ឃុំខ្លួនអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារជាចុងក្រោយនេះធ្វើឡើងចំពេលដែលស្ត្រីរូបនោះបន្តដឹកនាំអ្នកភូមិធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ