ពលរដ្ឋថា ​រដ្ឋាភិបាលមិនឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅវត្តបុទុមវត្តី​ជាការរើសអើងនយោបាយ

បច្ឆាបូជាសព​លោក​ប៉ែន សុវណ្ណ​នៅព្រឹកនេះ

ប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែសពលោក ប៉ែន សុវណ្ណ នៅព្រឹកថ្ងៃនេះ បានចាត់ទុកការបដិសេធរបស់សាលារាជធានីភ្នំពេញមិនឲ្យបូជាសពអតីតនាយករដ្ឋមន្ត្រីរូបនេះនៅមុខវត្តបទុមវតី ជាការរើសអើងនយោបាយ។

ដំបូងឡើយ គណបក្សសង្គ្រោះជាតិ បានស្នើសុំបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបុទុមវត្តី ដោយសំអាងថា លោកជាអតីតនាយករដ្ឋមន្ត្រីមានគុណសម្បត្តិច្រើនដល់ជាតិ និងរហូតដល់ពេលទទួលមរណភាពលោកជាតំណាងរាស្ត្រ ប៉ុន្តែ សាលារាជធានីមិនព្រម ដោយសម្អាងថា លោក ប៉ែន សុវណ្ណ មិនមែនជាឥស្សរជនរបស់ជាតិ។

យុវតី ទី តាភូ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមុខបច្ឆាបូជាសពនៅក្នុងវត្តឫស្សីសាញ់ ស្ថិតក្នុងខណ្ឌដង្កោ នាថ្ងៃទីអាទិត្យ ទី៦ ខែវិច្ឆិកានេះថា គាត់លះបង់ពេលវេលា ថវិកា និងឆ្លងកាត់ដំណក់ទឹកភ្លៀងស្រិចៗ ដើម្បីចូលរួមកម្មវិធីបុណ្យបូជាសពលោក ប៉ែន សុវណ្ណ ដោយសារលោកជាវីរៈបុរសខ្មែរស្នេហាជាតិ រើបំរាស់ពីនឹមត្រួតត្រារបស់វៀតណាម។ ប៉ុន្តែយុវតីរូបនោះថា អ្វីដែលគួរឲ្យសោកស្តាយ គឺសាលារាជធានីភ្នំពេញ មិនអនុញាតឲ្យបូជានៅវត្តបុទុមវត្តី ជាការរើសអើងនយោបាយ។

យុវតី ទី តាភូ និយាយថា៖គួរតែទទួលបានកិត្តិយសក្នុងការបូជានៅវត្តបុទុម ព្រោះវត្តបុទុមជាកន្លែងមួយដែលគេបូជាសម្រាប់អ្នកដែលគេមានឋានៈ។ គាត់សមនឹងទទួលឋានៈបូជានៅវត្តបុទុម តែជាក់ស្តែងយើងទទួលបានការខកចិត្ត នៅពេលដែលយើងឮដំណឹងថា គេមិនអនុញ្ញាតឲ្យបូជានៅវត្តបុទុម យើងមានអារម្មណ៍ថា គេបដិសេធគាត់ ខ្ញុំគិតថា អាចចូលនយោបាយខ្លះដែរ”។

លោក អ៊ុំ ពុំ ដែលទៅចូលរួមកម្មវិធីបុណ្យបូជាសពថា លោក ប៉ែន សុវណ្ណ ជាបុគ្គលលិចធ្លោប្រឆំាងនឹងវៀតណាម កាលដែលលោកធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១។ លោកថា ដើមចមដែលអាជ្ញាធររដ្ឋាភិបាលមិនអនុញាតឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅវត្តបុទុមវត្តី ដោយសាររដ្ឋាភិបាលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់វៀតណាម។

លោក អ៊ុំ ពុំ៖ឃើញខ្មែរយើងសពថ្ងៃក្រល្ហេមល្ហាម វាថាខ្មែរមានគ្រប់ស៊ី គ្រប់អស់ទៅហើយ វាធ្វើអ្វីតាមតែអំពើចិត្តដែលហៅរាស្ត្រទៅសួរទេ យកដីទៅឲ្យយួនក្រុមហ៊ុន យកទៅឲ្យយួន៩៩ឆ្នាំ ដែលប្រាប់រាស្ត្រ ត្រង់ហ្នឹងហើយដែលយើងមានបញ្ហាជាមួយរដ្ឋាភិបាល”

យុវតី លី ចាន់វត្តី ដែលចូលរួមបូជាសពបានលើកឡើងថា វិធានការរបស់រដ្ឋាភិបាលដែលមិនអនុញាតឲ្យបូជាសពលោក ប៉ែន សុវណ្ណនៅវត្តបុទុមវត្តី ធ្វើឲ្យបក្សកាន់អំណាចកាន់តែបាត់បង់ការគំាទ្រពីប្រជាពលរដ្ឋ។

យុវតីរូបនេះនិយាយថាបើតាមខ្ញុំមើលឃើញ គឺមិនធ្វើឲ្យចំណេញស្អីទេ វារឹតតែធ្វើឲ្យគណបក្សប្រជាជន ខាតបាត់បង់សន្លឹកឆ្នោតវិញ ហើយរឹតតែឲ្យបងប្អូនខ្មែរយើងឆ្លុះបញ្ចំាងថា គាត់ធ្វើអញ្ចឹងរើសអើង ឲ្យគេកាន់តែដឹងថា សង្គមខ្មែរយើងមានការគៀបសង្កត់ អត់មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធធ្វើអត្ថាធិប្បាយចំពោះករណីនេះ ដោយលោកប្រាប់ឲ្យសួរទៅខាងសាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានប្រាប់ វីអូឌី(VOD) កាលពីថ្ងៃ៣១ តុលាថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវតី នោះទេ ដោយលោកថា ទីតាំងនោះរក្សាទុកតែថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ។

លោក មាន ចាន់យ៉ាដា ប្រាប់ថា៖“ជាទូទៅ តំណាងរាស្ត្រ យើងមិនទាន់បានអនុញ្ញាតឲ្យមានការបូជាសពនៅកន្លែងនោះទេ ដូចសពឯកឧត្ដម និងលោកជំទាវដែលស្លាប់កន្លងមក តំណាងរាស្ត្រ ក្នុងនាមតំណាងរាស្ត្រ គឺយើងមិនបានអនុញ្ញាតឲ្យធ្វើនៅមុខវត្តបទុមវត្តីនោះទេ”។

លោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១នោះ បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ៕

ក្រោយការទទួលមរណភាពបក្សប្រឆាំង និងអ្នកគាំទ្រមួយចំនួនចាត់ទុកលោក ប៉ែន សុវណ្ណ ជាវីរបុរសរបស់ជាតិ ដែលហ៊ានប្រឆាំងវៀតណាមឈ្លានពានទោះប្រឈមគ្រោះថ្នាក់ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ចាត់ទុក លោក ប៉ែន សុវណ្ណ ដែលប្រឆាំងគោលនយោបាយរបស់វៀតណាម មិនមែនជាអ្នកស្នេហាជាតិទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ