មន្រ្តីយោធាពីរនាក់និងស្រ្តីត្រូវបានបាញ់សម្លាប់នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសមត្ថកិច្ចសន្និដ្ឋានថា ជារឿងជម្លោះស្នេហា។
យោងតាមវីដេអូបង្ហោះនៅលើហ្វេសប៊ុក លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ជាវរសេនីយ៍ឯក បានបាញ់សម្លាប់លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស និងស្រ្តីម្នាក់ដែលគេថាជាស្រីស្នេហ៍។ នារីរងគ្រោះបានស្លាប់ ក្រោយបញ្ជូនទៅព្យាបាលមន្ទីរពេទ្យកាល់ម៉ែត្រ។
សមត្ថកិច្ចអះអាងថា បន្ទាប់ពីបាញ់ជនរងគ្រោះទាំង២នាក់ហើយ ជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯង។
នៅក្នុងវីដេអូនោះដែរ លោក រ័ត្ន ស៊្រាង បានបញ្ជាក់ថាមូលហេតុនាំឲ្យមានការបាញ់ប្រហារ ដោយសារជនដៃដល់បានបបួលនារីរងគ្រោះទៅខាងក្រៅកាលពីយប់មិញ ប៉ុន្តែនាងមិនព្រម ព្រោះជាប់នៅជាមួយជនរងគ្រោះឈ្មោះ អ៊ុំ សុធា ទើបឈានទៅដល់ការទាស់ទែងគ្នានិងបាញ់ប្រហារតែម្តង៕