គណបក្សសង្គ្រោះជាតិថាអាជ្ញាធរស្រុកមង្គលបូរីមិនឲ្យរៀបចំវេទិកាសាធារណៈ  

ប្រភពរូបភាពពីហ្វេសប៊ុក លោក ស ចាន់ដេត

គណបក្សសង្គ្រោះជាតិ ចោទអាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យថា បានរារាំង និងដកយកឧបករណ៍បំពងសំលេងរបស់ពួកគាត់ ដោយមិនពួកគាត់ឲ្យរៀបចំវេទិការសាធារណៈជាមួយប្រជាពលរដ្ឋ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក  ស  ចាន់ដេត  មានប្រាប់វីអូឌីនៅថ្ងៃនេះថា  លោកបានរៀបចំវេទិការសាធារណៈចំនួនពីកន្លែងនៅក្នុងស្រុកមង្គលបូរី តែវេទិការទាំងពីកន្លែងត្រូវបានអាជ្ញាធររារាំងពួកគាត់មិនឲ្យរៀបចំឡើយ ។ លោកថា អាជ្ញាធរតម្រូវឲ្យពួកគាត់សុំច្បាប់ តែលោកគណបក្សបានជូនដំណឹងទៅអាជ្ញាធរមុននឹងរៀបចំវេទិការនេះ  ។

លោកថា៖”គាត់និយាយថាមានសុំច្បាប់ៗ ហើយយើងអត់មានសុំច្បាប់ព្រោះនៅក្នុងនីតិវិធី  គេឲ្យតែជូនដំណឹងតើ គេអតឲ្យសុំច្បាប់ទេ ហើយណាមួយយើងធ្វើនៅទីស្នាក់ការយើង ស្នាក់ការបក្សរបស់យើងមានស្លាក់ទាំងអស់ ហើយគេគ្រាន់តែឲ្យជូនដំណឹង តែគេថាយើងអត់សុំច្បាប់ គេនិយាយតែប៉ុណ្ណឹងថា អត់សុំច្បាប់ សំអាងគេតែប៉ុណ្ណឹង”។

លោក  ស  ចាន់ដេត  បន្តថា បន្ទាប់ពីមានការរាំងពួកគាត់ក៏នាំគ្នាមកប្រជុំនៅទីស្នាក់បក្សវិញ តែត្រូវអាជ្ញាធរស្រុកមករំខាន ដោយមិនឲ្យពួកគាត់ប្រជុំឡើយ។

លោកថា ៖”លូវគេមិនឲ្យប្រជុំទៀត ចៅហ្វាយស្រុកអីគេនៅអង្គុយព្រាតនៅក្នុងអង្គប្រជុំយើង ហើយទៅប្រជុំម៉េចកើត យើងប្រជុំផ្ទៃក្នុងរបស់យើងហ្នឹង ចឹងឲ្យសូមឲ្យមតិជាតិ និងអន្តរជាតិ មើលទៅថាស្ថានការ លូវមិនស្រួលទេ ហើយពីព្រឹកមិញខ្ញុំយល់ថា ប្រហែលជាមកពី អាជ្ញាធរនៅហ្នឹង គាត់អត់យល់ ប៉ុន្តែបើលើកនេះមិនមែនទេ គឺជាផែនការរបស់គណបក្សប្រជាជនដែលគេធ្វើចឹងហើយ”។

មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ លើកឡើងថា អាជ្ញាធរបានរារាំង ដកយកមេក្រូ និងបាននិយាយគំរាម ដោយមិនឲ្យរៀបចំវេទិការសាធារណៈនេះទៀត ។

លោកថា៖”   គេមកគំរាមកំហែងយើង រារាំងបីថ្ងៃជាប់គ្នាហើយ ព្រឹកគេមករំខានភូមិផ្សេង  ហើយវេទិការហ្នឹងគឺជូនដំណឹងដើម្បីជូបជាមួយប្រជាពលរដ្ឋ ម្ចាស់ឆ្នោត ដែលគាត់មានបញ្ហាអ្វីមួយចឹងយើងឲ្យគាត់មកជួយគ្នាដែលមានអ្នកតំណាងរាស្រ្តជាសមាជិកព្រឹទ្ធផងដែរ”។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីមន្រ្តីអាជ្ញាធរស្រុកមង្គលបូរីបាននៅឡើយទេ។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចាន់គា សម្ដែងការសោកស្ដាយចំពោះករណីនេះ ដោយលោកចាត់ទុកការរារាំងរបស់អាជ្ញាធរធ្វើឡើងដោយខុសច្បាប់។

លោកថា៖”សូមឲ្យអាជ្ញាធរ ជាពិសេសភ្នាក់ងារបស់រដ្ឋគឺពិនិត្យទៅលើច្បាប់បាតុកម្មដោយសន្តិវិធី ច្បាប់ហ្នឹងមិនមែនឲ្យសុំការអនុញ្ញាទេ គឺអនុញ្ញាតឲ្យជូនដំណឹង ឲ្យអ្នកដែលធ្វើជូនដំណឹងប៉ុន្តែបើធ្វើនៅក្នុងកន្លែងរបស់ខ្លួនទីកន្លែងរបស់ខ្លួន ទីកន្លែងរបស់បក្សអីហ្នឹង គឺជាឯកជន គឺអត់ត្រូវអ្នកណាមួយទៅយាយីទៅរារាំង ទេ មិនឲ្យគេធ្វើទេ។ ចឹងបើសិនជាការធ្វើ ហើយបើគេធ្វើហើយត្រូវបានយើងទៅរារាំង ទៅយាយីទៅបំភិតបំភ័យ ឬទៅប៉ះពាល់កន្លែងគេ មានន័យថាទី១ ទៅលើរំលោភសិទ្ធិឋានរបស់គេ ទី២ ខ្លួនបានប្រើអំណាច រដ្ឋាបាលហួសហេតុមានន័យថាផ្ដាច់ការហើយ”។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ