មន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប ជាប់ឃុំរំលឹកភាពមិនឯករាជ្យរបស់តុលាការប្រាប់ចៅក្រម

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

មន្ត្រីសិទ្ធិមនុស្ស៤រូប និង មន្ត្រី គ.ជ.ប ដែលជាប់ឃុំដោសារការចោទប្រកាន់ថាចាប់ពាក់ព័ន្ធរឿងសូកប៉ាន់សាក្សីរឿងស្នេហាលោក កឹម សុខា បានរំលឹកពីភាពមិនឯករាជ្យរបស់ប្រព័ន្ធតុលាការនៅមុខចៅក្រមតុលាការកំពូលហើយថា បើតុលាការនៅតែបន្តឃុំខ្លួនពួកគេទៀតមិនបានចំណេញអ្វីឡើយ គឺមានតែការរិះគន់លើស្ថាប័នឯករាជ្យមួយនេះកាន់តែខ្លាំងឡើង។

មន្ត្រីការពារសិទ្ធិមនុស្ស៤ រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីដើមខែឧសភា ដោយតុលាការចោទពីបទសូកប៉ាន់ សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីទាក់ទងសំណុំរឿង លោក កឹម សុខា។ក្រោយពីមានការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលទាំង៤ រូប និងមន្ត្រី គ.ជ.ប ១រូបបានដាក់ពាក្យប្ដឹងសាទុក្ខមកលសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនិងការឃុំខ្លួនរបស់ពួកគាត់ តែត្រូវបានសាលាឧទ្ធរណ៍ច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធី ដោយសំអាងថាការដែលតុលាការមិនដោះលែងឲ្យនៅក្រៅឃុំ ខ្លាចបង្កចលាចលនៅក្នុងសង្គម។

នៅក្នុងបន្ទប់សវនាការនៅតុលាការកំពូលនាថ្ងៃនេះ លោក នី សុខា ប្រាប់ចៅក្រមជំនុំជម្រះនៃតុលាការកំពូលថា តុលាការថ្នាក់ក្រោមបានឃុំខ្លួនលោកដោយមិនមានមូលដ្ឋានច្បាស់លាស់ ដោយតុលាការគ្រាន់តែលើកយកមាត្រាប្រាប់ហើយធ្វើការឃុំខ្លួន ដោយមិនមានសំអាងហេតុនិងភស្តុតាងអ្វីឲ្យសមស្រមឡើយ។

លោកថា៖ «មាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនឃាត់ខ្លួនទុកទាំងអស់ទេ វាទាល់តែមានហេតុផលច្បាស់លាស់ រវាងហេតុផល (ស្រប)ទៅហ្នឹងមាត្រា ក៏ប៉ុន្តែនៅតុលាការក្រុងមាត្រា២០៥ឃាត់ខ្លួន »

យ៉ាងក៏ដោយ លោកថាប្រសិនបើតុលាការនៅតែមិនដោះលែងពួកគាត់ឲ្យនៅក្រៅឃុំទេ វាអាចបង្កចលាចលទៅនៅក្នុងសង្គម ព្រោះបច្ចុប្បន្នពលរដ្ឋសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិបាននាំគ្នាតវ៉ា ដោយរិះគន់ទៅលើប្រព័ន្ធតុលាការខ្លាំង។

លោកថា៖ «ផ្ទុយទៅវិញការឃុំខ្លួនពួកខ្ញុំគឺធ្វើឲ្យបញ្ហាអសន្តិសុខជាពិសេសទីក្រុងភ្នំពេញតែម្ដង ពលរដ្ឋតដើរតវ៉ា ពីមួយថ្ងៃទីមួយថ្ងៃ រហូតដល់មានចាប់អ្នកធ្វើថ្ងៃចន្ទព័ណ៌ខ្មៅដាក់ទុកទៀត។ ដូចជាក្រមចៅសាលាដំបូងក្ដី សាលាឧទ្ធរណ៍ក្ដីយកមាត្រា២០៥ […]។ តើមានអ្វីចម្រូងចម្រាសនៅក្នុងសង្គមយើង ពលរដ្ឋភាគច្រើនយល់ថាប្រព័ន្ធតុលាការមិនឯករាជ្យ  រហូតដល់តំណាងអង្គការសហប្រជាជាតិគាត់ក៏បានវាយតម្លៃទៅលើប្រព័ន្ធតុលាការ និងសង្គមអន្តរជាតិផងដែរ »

លោក យី សុខសាន្ត បានលើកឡើងនៅក្នុងអង្គសវនាការថា  ការឃុំខ្លួនពួកលោកនិងធ្វើឲ្យសហគមន៍អន្តរជាតិវាយកាន់តែខ្លាំងទៅមកប្រព័ន្ធយុត្តិធម៌ថាមិនឯករាជ្យ ដោយសារ តុលាការឃុំខ្លួនដែលមន្ត្រីការពារសិទ្ធិមនុស្ស ទាំងមិនកំហុស ។

លោកថា៖ « […] និងធ្វើឲ្យបរទេសមើលមកថា ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះ »

ពួកគាត់ស្នើឲ្យតុលាការពិចារណា ចំពោះករណីនេះ ហើយអនុញ្ញាតឲ្យពួកគាត់បាននៅក្រៅឃុំ ដោយពួកគាត់សុខចិត្តដាក់ប្រាក់តម្កល់និងឲ្យតុលាការដកយកឯកសារព័ន្ធដើម្បីជាការធានាអះអាង។ បន្ទាប់ចេញពីបន្ទប់សវនាការ រយៈពេលមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកស្រី គិម សត្ថាវី បានលើកឡើងថា សាលាដីកាលើសំណុំរឿងសុំមោឃភាពនីតិវិធីនេះ និងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុននេះ។

ក្រោយបិទសវនាការ លោក ណៃ វ៉ង់ដា មានប្រសាសន៍ថាលោកនិងបាននៅក្រៅឃុំ នៅថ្ងៃប្រកាសសាលដីកាខាមុខនេះ ។

លោកថា៖ «បើសិនជាតុលាការយុតិ្តធម៌អាណិតខ្ញុំ ខ្ញុំសង្ឃឹមបើសិនតុលាការធើ្វការដោយឯករាជ្យ ដោយប្រសិទិ្ធភភាពខ្ញុំសង្ឃឹមហើយខ្ញុំសង្ឃឹមថាតុលាការហឹ្នងផ្ដល់យុត្តិធម៌ដល់ពួកខ្ញុំដែលជាអ្នកធើ្វការត្រឹមត្រូវតាមផ្លូវច្បាប់ ត្រឹមត្រូវតាមផ្លូវច្បាប់»

មេធាវីការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប ១រូប គឺលោក  សំ សុគង់ មានប្រសាសន័ថាលោកសង្ឃឹមថាតុលាការកំពូលនិងយុត្តិយុត្តិធម៌ឲ្យកូនក្ដីលោក ខណៈដែលតុលាការបានឃុំខ្លួនកូនក្ដីលោករបស់រយៈពេលជាង៧ខែមកហើយ តែរកមិនមានកំហុស។

លោក៖ «ថាតុលាការកំពូលនេះជាតុលាការជាន់ខ្ពស់នៃប្រទេសកម្ពុជាហឹ្នងហើយតុលាការកំពូលក៍ជាការសម្រេចមួយជាគំរូនិងជាយុទ្ធសាស្រ្តតុលាការជាន់ទាបក៍ដូចជាតុលាការផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាហឹ្នងហើយអី្វដែលយើងសួរការដេញដោយហឹ្នងក៍ដូចជាការជជែក ការសន្និដ្ឋានហឹ្នងនៅពេលសវនាការនេះក្រុមមេធាវីយល់ឃើញថាការឃុំខ្លួនរបស់ជនជាប់ចោទទាំង៥នាក់នេះពុំមានភាពចាំបាច់អីទេហើយក្រុមមេធាវីយល់ឃើញថាតុលាការកំពូលហឹ្នងផ្ដល់នូវភាពត្រឹមត្រូវមួយ យុតិ្តធម៌មួយនិងសម្រេចឲ្យកូនកូនខ្ញុំបាននៅក្រៅឃុំជាបណ្ដុះអាស្នននៅថៃ្ងទី៣០ខែវិចិ្ឆកា២០១៦ខាងមុខនេះ»។

ក្រោយពីការឃុំខ្លួនមន្ត្រីសិទ្ធិរយៈពេល៧ខែនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់លើប្រព័ន្ធយុត្តិធម៌ថាមិនឯករាជ្យ និងបានរិះគន់ថាចំណាក់ការនេះធ្វើឡើងបញ្ជាកអ្នកនយោបាយ ។

កាលពីថ្ងៃទី២ ខែឧសភា លោក ណៃ វ៉ង់ដា និងមន្ត្រីអាដហុកបីរូបផ្សេងទៀតមានលោក យី សុខសាន្ត លោក នី សុខា និងលោកស្រី លឹម មុនី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំនៅមន្ទីរឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ