ប្រធានអង្គការសង្គមស៊ីវិលមួយអះអាងថាមានការធ្វើអាជីវកម្មបូមខ្សាច់យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តកោះកុង ខណៈក្រសួងរ៉ែនិងថាមពលថា ឲ្យបង្ហាញភស្ដុតាងច្បាស់លាស់ជាមុនសិន។
លោក ម៉ូត គឹមរី ស្ថាបនិកអង្គការមាតាធម្មជាតិ បានឲ្យដឹងក្រោយកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងធនធានរ៉ែ និងក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃសុក្រនេះ ថា ទោះបីជារាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសផ្អាកការធ្វើអាជីវកម្មបូមខ្សាច់នាំចេញទៅក្រៅប្រទេសក៏ដោយ ប៉ុន្ដែលោកថាការបូមខ្សាច់នៅតែបន្ដកើតមានក្នុងខេត្តកោះកុង។
លោកថា បើតាមប្រភពពីប្រជាពលរដ្ឋនិងការចុះទៅអង្កេតជាក់ស្ដែង គឺពិតជាមានការបូមខ្សាច់នៅពេលយប់ ដោយលោកថាពេលខ្លះមានសាឡង់ពី២ទៅ៣ កំពុងធ្វើសកម្មភាពបូមខ្សាច់ដោយអនាធិបតេយ្យ។
លោកថា៖ «ប៉ុន្ដែយើងបានព័ត៌មាន ហើយយើងបានចុះទៅពិនិត្យជាក់ស្ដែង មានការលួចបូមខ្សាច់នៅពេលយប់ និងមានការលួចលាក់បូមខ្សាចមួយចំនួនទៀត [……] ខុសច្បាប់មួយចំនួននៅកោះកុង ដែលយើងផ្ទៀងផ្ទាត់ទៅនឹងអាជ្ញាប័ណ្ណដែលចេញដោយក្រសួង ហើយនឹងធាតុពិតជាក់ស្ដែងទៅមានការរំលោភលើអាជ្ញាប័ណ្ណ»។
លោក ម៉េង សក្ដិធារ៉ា អគ្គលេខាធិការក្រសួងរ៉ែ បានឆ្លើយតបដោយសុំឲ្យមានការផ្ដល់ទិន្នន័យច្បាស់លាស់ និងភស្ដុតាងត្រឹមត្រូវ ដោយលោកសន្និដ្ឋានថាក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំងនោះ អាចជាក្រមហ៊ុនធ្វើសកម្មភាពស្របច្បាប់ ឬជាការយល់ច្រឡំផ្នែកបច្ចេកទេសប៉ុណ្ណោះ។
លោកថា៖ «ដាក់ភ្នាក់ងារនៅសហគមហ្នឹងដែរថា ឥឡូវជួយតាមដានពេលយប់ទៀត ព្រោះខ្លាចលោថាគេអត់ចល័តពេលថ្ងៃ គេចល័តពេលយប់។ គ្រាន់តែសាឡង់ ដែលគេចល័តកុំអាលចោទគេថាគេធ្វើអាជីវកម្មភ្លាម ព្រោះជួលកាលគេចល័តក្នុងគោលដៅរើទីតាំងពីត្រង់នេះទៅត្រង់នោះ មិនមែន កុំចេះតែថា យើងចេះតែថាវាអត់មានអីច្បាស់លាស់»។
យ៉ាងណាមិញ ប្រធានអង្គការមាតាធម្មជាតិលើកឡើងថាក្រុមការងារអង្គការរបស់លោកបានចុះត្រួតពិនិត្យដល់កន្លែងផ្ទាល់ និងបានផ្ដិតយកសកម្មភាពរបស់ក្រុមហ៊ុនទាំងនោះថែមទៀតផង។
លោកថា៖ «ប៉ុន្ដែការបូមខ្សាច់នេះ គឺយើងបានជួបប្រទះ គឺយើងមានភស្ដុតាងគ្រប់គ្រាន់ យើងមានរូបភាព យើងមានវីដេអូឯកសារ ដែលបង្ហាញពីការបូមខ្សាច់ហ្នឹង»។
លោក គឹមរី ក៏បានសំដែងការព្រួយបារម្ភដោយថាសកម្មភាពបូមខ្សាច់នៅក្នុងខេត្តនេះ បានធ្វើឲ្យកម្ពុជាបាត់បង់កោះចំនួន២ គឺកោះស្រឡៅ និងកោះកាបុង។
លោកថា៖ «រហូតដល់មានការបាត់បង់កោះដល់ទៅ២ដែលនៅក្នុងទឹកដីកោះស្រឡៅ យើងឃើញថាមានកោះកាបុង ហើយនិងកោះក្រហមហ្នឹងដែលបាត់ចេញផែនទីខ្មែរយើង។ យើងនៅតែមានការព្រួយបារម្ភ បើមានការបូមខ្សាច់អនាធិបតេយ្យបន្ដទៀត»។
ពាក់ព័ន្ធករណីនេះ ក្រសួងរ៉ែ បានស្នើឲ្យអង្គការសង្គមស៊ីវិលចូលរួមសហការ ដោយថាក្រសួងថានឹងផ្ដល់សិទ្ធិដល់អង្គការមាតាធម្មជាតិដើម្បីឃ្លាំមើលសកម្មភាពបូមខ្សាច់ខុសច្បាប់ក្នុងខេត្តនេះ ប្រសិនបើមានមែន។
តាមរបាយការណ៍ពីក្រសួងរ៉ែ បង្ហាញថានៅក្នុងខេត្តកោះកុងមានក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ចំនួន៤ និងទទួលបានអាជ្ញាប័ណ្ណសរុប៧កន្លែង៕