ក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីស អ៊ិនវេសមិន ឌឺវេឡុបមិន គឺជាក្រុមហ៊ុនចុងក្រោយដែលទទួលបានសិទ្ធិគ្រប់គ្រង និងជាម្ចាស់កម្មសិទ្ធិលើដីរបស់សាលាខណ្ឌដូនពេញក្នុងទំហំ ១ ៤៨៦ម៉ែត្រការ៉េ រីឯផ្ទៃដីទំហំ៦០០ម៉ែត្រការ៉េទៀត ជាកម្មសិទ្ធិរបស់សាលាខណ្ឌដូនពេញ។
មន្ដ្រីសាលាក្រុងបង្ហើបថាក្រុមហ៊ុនវិនិយោគបានស្នើឱ្យសាលាខណ្ឌដូនពេញប្ដូរពីទីតាំងចាស់ទៅទីតាំងថ្មីជាបណ្ដោះអាសន្ន ដើម្បីងាយស្រួលដល់ក្រុមហ៊ុនអាចសាងសង់អាគារថ្មី។
បើតាមកិច្ចព្រមព្រៀងទិញ-លក់ ធ្វើឡើងរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីស អ៊ិនវេសមិន ឌឺវេឡុបមិន កាលពីខែមិនា ឆ្នាំ២០១៦ សាលាខណ្ឌដូនពេញនឹងត្រូវរើចេញពីការិយាល័យចាស់ ដែលមានទីតាំងនៅកែងផ្លូវលេខ៦១ និងផ្លូវលេខ៩០ ហើយរុះរើទៅទីតាំងថ្មី នៅអតីតសាលាន័រតុន ស្ថិតនៅកែងផ្លូវលេខ១១៨ និងផ្លូវលេខ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលសាលាក្រុងភ្នំពេញ បានឲ្យវីអូឌីដឹងនៅថ្ងៃច័ន្ទនេះថា ការប្ដូរទីតាំងនេះធ្វើឡើងតែមួយរយៈប៉ុណ្ណោះ ដើម្បីឲ្យក្រុមហ៊ុនវិនិយោគអាចធ្វើប្រតិបត្តិការការដ្ឋាន និងសាងសង់អាគារថ្មី។
លោកថា៖ «ក៏ប៉ុន្ដែ ដើម្បីឲ្យយើងអាចសាងសង់បាន យើងត្រូវតែផ្លាស់ប្ដូរទីតាំងកន្លែងធ្វើការហ្នឹងចេញសិនហើយ ដើម្បីហ៊ុមព័ទ្ធអាហ្នឹងធ្វើជាការដ្ឋានដើម្បសាងសង់។ តែអាគារថ្មី របស់សាលាខណ្ឌគឺនៅទីតាំងនឹងដដែលទេ»។
លោកបន្ថែមថា បើតាមកិច្ចសន្យា សាលាខណ្ឌដូនពេញនឹងត្រូវប្ដូរទីតាំងជាបណ្ដោះអាសន្ន នៅដើមខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការរុះរើ និងសង់អគារថ្មីកម្ពស់៦ជាន់ ជូនសាលាខណ្ឌដូនពេញវិញ។ ចំណែកអាគារសាលាខណ្ឌចាស់នឹងត្រូវវាយកម្ទេចចោលទាំងស្រុង។
យ៉ាងណាមិញ លោកថា លោកមិនទាន់អាចបកស្រាយលម្អិតទាក់ទងនឹងតម្លៃនៃការទិញ-លក់ដីសាលាខណ្ឌដូនពេញ និងលក្ខខណ្ឌនៅក្នុងកិច្ចសន្យាឡើយ។ ប៉ុន្ដែលោកថា នឹងព្យាយាមស្វែងរកពត៌មានបន្ថែមពីលោក មាស ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បន្ទាប់ពីលោកប្រជុំចប់៕