គ.ជ.ប​ បន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោត ខណៈអ្នកទៅចុះឈ្មោះនៅបន្តកើនឡើងខ្លាំង

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសឲ្យបន្ថែមមួយថ្ងៃទៀត សម្រាប់ដំណើរការចុះធ្វើបញ្ជីបោះឆ្នោតថ្មី ពោលគឺរហូតដល់ថ្ងៃទី៣០ ទើបបិទបញ្ចប់ ខណៈថ្ងៃគ្រោងបិទបញ្ចប់នៅថ្ងៃអង្គារនេះ អ្នកទៅចុះឈ្មោះបោះឆ្នោត នៅបន្តហក់ឡើងខ្លាំង។

តាមគម្រោង គ.ជ.ប នឹងបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ វេលាម៉ោង៥និង៣០នាទីល្ងាច។

ប៉ុន្តែអាជ្ញាធរនិងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយមួយចំនួន អះអាងថា នៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ការិយាល័យមួយចំនួន ចំនួនអ្នកទៅចុះឈ្មោះបោះបោះឆ្នោត បន្តហក់ឡើងច្រើនជាង៤ដង។

ចៅសង្កាត់ផ្សារដើមស្កូវ លោក ហែម  សុផាត អះអាងថា ចំនួនអ្នកមកចុះឈ្មោះប៉ុន្មានថ្ងៃនេះ មានការកើតឡើងប្រហែកជា៤ដង បើប្រៀបធៀបនឹងថ្ងៃធម្មតា។

លោកថា៖ «កើនស្មើនឹងថ្ងៃទី១និងទី២ បើកណ្តាលខែ យើងបាន១ថ្ងៃប្រហែលជា៥០នាក់ ប៉ុន្តែពីរថ្ងៃនេះយើង[ចុះបាន]ប្រហែលជាង២០០ក្នុងមួយថ្ងៃ បាទ កើនៗខ្លាំង»។

ភ្នាក់ងារសង្កេតការណ៍របស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាប លោក ឃិន វណ្ឌី អះអាងប្រហាក់ប្រហែលដែរថា ការិយាល័យចុះឈ្មោះមួយចំនួននៅខេត្តនេះ ចំនួនអ្នកទៅចុះឈ្មោះបានហក់ឡើង ពីជាង២០០នាក់ ទៅជាង៥០០នាក់។

លោកថា៖ «ខេត្តសៀមរាមហ្នឹងមានពីរសង្កាត់ដែលច្រើនជាងគេ គឺសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គុំ សង្កាត់ពីរហ្នឹងដែលពលរដ្ឋសម្រុកមកចុះច្រើន ច្រើនតាន់តាប់»។

មន្ត្រីជាន់ខ្ពស់របស់សង្គ្រោះជាតិម្នាក់ទៀតប្រចាំខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត អះអាងថាដែរ ចំនួនអ្នកទៅចុះឈ្មោះនៅប៉ោយប៉ែតនិងនៅមង្គលបូរី បានហក់ឡើងពី៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ ឡើងដល់ជាង៥០០នាក់ក្នុងមួយថ្ងៃ។

លោកថា៖ «យើងលើកយកតែប៉ោយប៉ែតទេ ដែលកើនឡើងខុសគេ គឺកើនឡើងចន្លោះពី៣០នាក់ មក១២០នាក់ក្នុងមួយថ្ងៃ។ ប៉ោយប៉ែតនេះកើតឡើងមួយអាទិត្យហើយ ដោយសារប៉ោយប៉ែតមានអ្នកធ្វើការនៅកាស៊ីណូនិងនៅផ្សាឡុងគឿ សម្រុកមក»។

បើតាមលោក សោ ចាន់ ដេត បើ គ.ជ.ប បន្ថែមចំនួនថ្ងៃតិចពេល លោកថាពលរដ្ឋមួយចំនួនអាចបាត់សិទ្ធិបោះឆ្នោត។

កន្លងទៅ សម្ព័ន្ធកំណែទម្រង់បោះឆ្នោត ERA ធ្លាប់ស្នើឲ្យ គ.ជ.ប បន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោត ដោយថា ដើម្បីទុកពេលឲ្យពលរដ្ឋមួយចំនួនដែលគ្មានឯកសារគ្រប់គ្រាន់ បានមកចុះឈ្មោះបោះឆ្នោត ដើម្បីបានអនុវត្តសិទ្ធិជ្រើសរើសមេដឹកនាំ ដោយថាការយឺតយ៉ាងមកចុះឈ្មោះរបស់ពួកគេ ដោយសារតែកង្វះព័ត៌មាននិងការបង្កការលំបាកលើការបំពេញបែបបទបំពេញឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោត និងការមិនលើកទឹកចិត្តពីអាជ្ញាធរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ