អាជ្ញាធរថាពលរដ្ឋចូលរួមបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ គឺដោយសារទទួលបានលាភសក្ការៈជាថ្នូរ

មន្ដ្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិលើកឡើងថាពលរដ្ឋភាគច្រើនដែលចូលរួមបាតុកម្មរៀបចំដោយគណបក្សសង្គ្រោះជាតិគឺដោយសារទទួលបានផលប្រយោជន៍ ខណៈបក្សប្រឆាំងបដិសេធដោយថាពួកគេចូលរួមដោយស្ម័គ្រចិត្ត។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញដល់កងអន្តរាគមន៍ពិសេសនៅស្នងការដ្ឋាននគរខេត្តកំពង់ចាម នាថ្ងៃអង្គារនេះ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អះអាងថាពលរដ្ឋដែលចូលរួមបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិដើម្បីតវ៉ាលទ្ធផលបោះឆ្នោតក្នុងឆ្នាំ២០១៣  គឺមួយចំនួនធំទទួលបានលាភសក្ការៈជាថ្នូរ និងថាមានមួយចំនួនតូចប៉ុណ្ណោះទៅចូលរួមដោយឆន្ទៈ។ នេះដោយយោងតាមហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ។

លោកថា៖ «នេះចង់បង្ហាញថា ប្រជាជនរាប់ម៉ឺននាក់ដែលទៅធ្វើបាតុកម្មនៅភ្នំពេញ មិនមែនទៅដោយបរិសុទ្ធ ដោយសុទ្ធចិត្តទាំងអស់ទេ។ មានមួយចំនួន ប៉ុន្តែខ្ញុំគិតថា ភាគច្រើនដោយសារថា ទី១គេអោយលុយ មួយថ្ងៃប៉ុន្មានអ៊ីចឹងទៅ ទី២ ការសន្យា ថាបើគេឈ្នះ អាចធ្វើប្រធានឃុំ ប្រធានភូមិ ឬមួយនគរបាល អ៊ីចឹងទៅក្រែងលោ ឈ្នះនឹងគេ»។

លោកបន្ថែមថាមូលហេតុដែលនាំឲ្យពលរដ្ឋចូលរួមបាតុកម្ម គឺដោយសារចាញ់ល្បិចកលបោកបញ្ឆោត និងការញុះញង់របស់មេដឹកនាំបក្សប្រឆាំង ព្រមទាំងកង្វះការយល់ដឹងរបស់ពលរដ្ឋខ្លួនឯង។

លោកថា៖ «ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត […] ក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ វាមានបក្សច្រើន អ៊ីចឹង មានបក្សដែលគាំទ្រ និងបក្សប្រឆាំង។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងអស់ដែលខ្ញុំបានលើកឡើង គួបផ្សំនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ គេឆ្លៀតឪកាសដើម្បីញុះញង់បំផុសបំផុលប្រជាពលរដ្ឋ»។

លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្ដិ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានច្រានចោលការលើកឡើងនេះ ដោយលោកថាការធ្វើបាតុកម្មកាលនោះគឺដើម្បីតវ៉ាលទ្ធផលនៃការបោះឆ្នោតដែលមានភាពមិនប្រក្រតី និងដោយសារពលរដ្ឋទាមទារចង់ឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធបោះឆ្នោតសព្វថ្ងៃ។

លោកថា៖ «អត់មានទទួលលាភសក្ការៈពីនរណាទេ ហើយគណបក្សសង្គ្រោះជាតិក៏មិនបានទៅផ្ដល់លុយលាភសក្ការៈឲ្យនរណាទៅធ្វើបាតុកម្មទេ […] ប្រជាពលរដ្ឋទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោត ហើយឥឡូវយើងឃើញថាមានការកែទម្រង់មួយចំនួនធំហើយ គឺថាផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបទបញ្ជានីតិវិធីមួយចំនួនដែលកំពុងតែអនុវត្តនៅចំពោះការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ»។

មន្ដ្រីនាំពាក្យគណបក្សប្រឆាំងរូបនេះបន្ថែមថា បាតុកម្មដឹកនាំដោយបក្សសង្គ្រោះជាតិគឺមានភាពត្រឹមត្រូវតាមនីតិវិធី និងបទបញ្ញត្តិច្បាប់ជាធរមាន។

លោកនិយាយថា៖«អត់មានធ្វើអីខុសច្បាប់ទេ គឺបានធ្វើទៅតាមច្បាប់ជូនដំណឹង ជូនអីតាមធម្មតា ដូច្នេះអត់មានធ្វើអីខុសច្បាប់»។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ មានប្រសាសន៍ថា បើសិនជាបាតុកម្មនោះកើតចេញពីឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ នោះជារឿងត្រឹមត្រូវដែលមានចែងដោយរដ្ឋធម្មនុញ្ញ។

លោកនិយាយថា៖ «ការដែលធ្វើការតវ៉ា ឬក៏បាតុកម្មដោយសន្ដិវិធីណាមួយចេញអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ អាហ្នឹងជារឿងសិទ្ធិសេរីភាពរបស់ពួកគាត់ដែលបានធានាដោយរដ្ឋធម្មនុញ្ញ»។

លើសពីនេះ លោកបានទទូចឲ្យគណបក្សទាំងពីរឈប់លាបពណ៌គ្នាទៅវិញទៅមក និងគួរដោះស្រាយបញ្ហាជាតិ និងការខ្វែងគំនិតគ្នាដោយសន្ដិវិធី។

លោកថា៖ «យើងស្នើថាសូមគណបក្សទាំងពីរកុំមានការលាបពណ៌ដាក់គ្នា។ ហើយបញ្ហានយោបាយនេះ អ្នកនយោបាយ ខ្ញុំគិតថាគួរតែដោះស្រាយគ្នាតាមបែបនយោបាយ កុំយកបញ្ហាផ្សេងៗ ធ្វើជាបញ្ហាដើម្បីឲ្យមានការខ្វែងគំនិតគ្នានោះបាទ»។

គួរបញ្ជាក់ថាក្រោយប្រកាសលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានគៀងគរក្រុមអ្នកគាំទ្ររបស់ខ្លួនរាប់លាននាក់ឲ្យចូលរួម «មហាបាតុកម្មអហិង្សា» នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យគណបក្សកាន់អំណាចបើកការស៊ើបអង្កេតមិនលម្អៀងលើការបោះឆ្នោតជាតិដែលខ្លួនចោទថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ