កម្មកររោងចក្រមួយនៅរាជធានីភ្នំពេញនាំគ្នាតវ៉ានៅថ្ងៃពុធនេះ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់តំណាងរបស់ ពួកគេ។
កម្មករផ្នែកដេរអ្នកស្រី សុខ វណ្ណ ប្រាប់វីអូឌីថា កម្មកររោងចក្រ ហ្វឺស ហ្គាវ័ន ប្រមាណ៣០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ ដោយទាមទារឲ្យថៅទទួលយកតំណាងរបស់ពួកគេម្នាក់ឈ្មោះ ឃឹម មករា ឲ្យចូលធ្វើការវិញនិងទាមទារឲ្យបើកប្រាក់បំណាច់ឆ្នាំជូនកម្មករ។
អ្នកស្រីបន្តថា ក្រុមហ៊ុនបានបញ្ឈប់លោក ឃឹម មករា ដោយសារតំណាងកម្មកររួបនោះបានដឹកនាំការតវ៉ាទាមទារលក្ខខណ្ឌការងារ។
អ្នកស្រីបន្តថា៖ “ខាងក្រុមហ៊ុនគេចោទថាតំណាងបងនាំកម្មករបះបោដើរបិទភ្លើងមិនឲ្យកម្មករធ្វើការ តាមការពិតកម្មករទាំងអស់គ្នាស្មគ្រចិត្តបិទភ្លើង ដោយសារខឹងថៅកែរោងចក្រនិយាយមិនពិត ហើយមិនបើកប្រាក់បំណាច់ឆ្នាំឲ្យកម្មករ”។
កម្មករម្នាក់ទៀត អ្នកស្រី សាត សំណាង និយាយថាករណីរោងចក្របញ្ឈប់តំណាងពួកគេនេះ គឺជាការរើសអើងសហជីព។
អ្នកស្រីថា បើមិនមានដំណោះស្រាយទេ កម្មករនៅតែបន្តតវ៉ានិងនាំគ្នាទៅរកអន្តរាគមន៍ពីក្រសួងការងារបន្តទៀត។
អ្នកស្រីបន្តថា៖ “គាត់[ថៅក្រុមហ៊ុន]ធ្វើអញ្ចឹងអត់ត្រឹមត្រូវទេ ព្រោះកម្មករតែអត់តំណាងគាត់ម្នាក់ហ្នឹង ក្រុមហ៊ុននឹងធ្វើការគាបសង្កត់ គាបសង្កត់ដូចថាឲ្យថែមម៉ោង ដល់ពេលកម្មករអត់ថែមម៉ោង អញ្ចឹងថៅហៅទៅស្តីឲ្យ ហើយពេលសុំច្បាប់ក៏អត់បាន អញ្ចឹងកម្មករមិនចង់ឲ្យតំណាងឈប់ទេ”។
ប្រធានរដ្ឋបាលរោងចក្រ ហ្វឺស ហ្គាវ័ន លោក ម៉ៃ និមិត្ត សុំមិននិយាយអ្វីនោះទេ ចំពោះករណីនេះដោយលោកថាថៅកែជាអ្នកសម្រេច។
ប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រនោះ លោក ឃឹម មករា មានប្រសាសន៍ថា ករណីក្រុមហ៊ុនបញ្ឈប់លោក នេះគឺខុសច្បាប់ស្តីពីការងារ ដោយលោកថាមិនបានជូនដំណឹងមុន។
លោកបន្ថែមថា៖ “ការបញ្ឈប់របស់គាត់នេះ គឺល្មើសនឹងច្បាប់ ព្រោះរាល់ក្រុមហ៊ុនមុនរើសបុគ្គលិកនិងបញ្ឈប់ក្រុមហ៊ុនត្រូវជូនដំណឹងទៅក្រសួងឬបុគ្គលិកយ៉ាងតិច១៥ថ្ងៃ ប៉ុន្តែក្រុមហ៊ុនបញ្ឈប់ភ្លាមៗតែម្តង ហើយការបញ្ឈប់ខ្ញុំនេះ ដោយសារខ្ញុំនៅក្នុងរោងចក្រនេះ ខ្ញុំបង្កើតសហជីព ហើយខ្ញុំការពារសិទ្ធិនិងផលប្រយោជន៍កម្មករដល់អញ្ចឹងក្រុមហ៊ុនគាត់ធ្វើអ្វីមិនកើត គាត់បញ្ឈប់ខ្ញុំតែម្តង”។
លោកបន្ថែមថា ករណីក្រុមហ៊ុនបញ្ឈប់លោកពីការងារនេះ គឺជាការរើសអើងសហជីព មិនឲ្យមាននៅក្នុងក្រុមហ៊ុន។
មាត្រា១២ នៃច្បាប់ស្តីពីការងារចែងថា និយោជក(ថៅកែ)មិនអាចយកលេស ដើម្បីបញ្ឈប់កម្មករនិយោជិតឬការដាក់ពិន័យឬការផ្តាច់កិច្ចសន្យាការងារ ដោយសារការបង្កើតសហជីពឬចូលជាសមាជិកសហជីពបានឡើយ។
ច្បាប់នោះចែងទៀតថា រាល់ការដាក់ទណ្ឌកម្មរបៀបនេះ ត្រូវចាត់ទុកជាមោឃៈ ហើយនិយោជកត្រូវពិន័យជាប្រាក់ទៅតាមការកំណត់របស់ច្បាប់៕