ពលរដ្ឋជាង១០០០គ្រួសាររស់នៅផ្លូវរទេះភ្លើងក្នុងរាធានីភ្នំពេញបារម្ភខ្លាចត្រូវបានបណ្ដេញចេញទាំងបង្ខំ ដូចសហគមន៍ដទៃទៀត ខណៈដែលរដ្ឋាភិបាលបើកការដ្ឋានសាងសងផ្លូវបេតុងកាត់សហគមន៍របស់ពួកគេនៅព្រឹកនេះ ដោយមិនបានដោះស្រាយពីផលប៉ះពាល់ជាមុន។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ចាប់ពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវទំនប់៧០ មានប្រវែង ៤.៥១០ម៉ែត្រ ទទឹង៧ម៉ែត្រសងខាងផ្លូវដែក ដែលត្រូវសង់ឲ្យហើយក្នុងរយៈពេល៥ខែ។
តំណាងសហគមន៍ផ្លូវរទេះភ្លើងទួលសង្កែ A លោក ឡុង ចាន់ឌី ប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធររាជធានីមិនទាន់បានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលប៉ះពាល់ពីការធ្វើផ្លូវនេះនៅឡើយ។
លោកថា៖ «ពេលនេះតើគាត់មានការដោះស្រាយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងស្រុងដោយមានតម្លាភាពអត់ ព្រោះនៅជាក្រុម គាត់អត់ឲ្យយើងសួរ អត់មានការចោទសួរគ្នាដើម្បីជារឿងមួយដែលយើងគិតថា សេចក្ដីបារម្ភរបស់ប្រជាពលរដ្ឋដែលខំប្រឹងមក ហើយគាត់គ្រាន់តែមកចឹង ហើយថាចាំទៅដោះស្រាយជាក្រុមៗ ចាំទៅដល់កន្លែងណាប៉ះ ចាំដោះស្រាយត្រង់ហ្នឹង។ ប្រជាពលរដ្ឋខ្លះ គាត់មិនមានការយល់ដឹងថា គាត់ភ័យមកដល់ថ្ងៃនេះគាត់ភ័យ ហើយចាប់ផ្ដើមធ្វើហើយ ៥ខែឲ្យហើយ តើគាត់គិតមើល តើគាត់រស់នៅយ៉ាងម៉េច ដោយការភ័យព្រួយ។ ចង់ឲ្យបកស្រាយរឿងហ្នឹងថា បើសិនជាគណៈកម្មការដែលចុះទៅធ្វើការដោះស្រាយក៏គួរតែធ្វើឲ្យបានឆាប់ដែរ មិនមែនចាំតែប៉ះហើយបានធ្វើទេ ទៅរួចអត់»។
តំណាងពលរដ្ឋម្នាក់ទៀត លោក ស៊ីម វីៈ លើកឡើងដែរថា លោកមិនជំទាស់ចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែលោកថាមុននឹងធ្វើការអភិវឌ្ឍ អាជ្ញាធរគួរតែធ្វើការដោះស្រាយជាមួយពួកគាត់សិន មុនសម្រចធ្វើផ្លូវនេះ។ លោកថា ពួកគាត់ព្រួយ បានខ្លាចអាជ្ញាធបណ្ដេញពីលំនៅឋានដូចសហគមន៍ផ្សេងៗទៀត។
លោកថា៖ «សាលារាជធានីបង្ហាញកម្ចប់(ថវិកា)ទីតាំងដីនៅចម្ងាយឆ្ងាយ ដឹងប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ប្រជាពលរដ្ឋមិនមែនជាជនអគតិទេ ប្រជាពលរដ្ឋចូលចំណែកក្នុងការអភិវឌ្ឍជាមួយសាលារាជធានី ប៉ុន្តែសាលារាជធានីមានតម្លាភាពនិងយុត្តិធម៌ជូនប្រជាពលរដ្ឋ ថាតើប្រជាពលរដ្ឋអាចទទួលយកបានអត់សំណងហ្នឹង សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែមានការភ័យព្រួយ ប៉ុន្តែជាការភ័យព្រួយរបស់ប្រជាពលរដ្ឋលូវវាឡើង ទ្វេរដង ព្រោះការមកប្រជុំថ្ងៃនេះ អត់មានលទ្ធផលបានទទួលព័ត៌មានអ្វីសោះ។ គាត់ថាគាត់នឹងធ្វើឆាប់ៗ រយៈពេល៥ខែឲ្យហើយ ហើយឲ្យអាត្រាក់ទៅឈូកកន្លែងណាដែលមានដីទំនេរ អត់មានផ្ទះ ហើយចំពោះផ្ទះប្រជាពលរដ្ឋ គាត់មិនឲ្យប៉ះពាល់ ប៉ុន្តែចាំក្រុមការងារគេចុះទៅជួបពលរដ្ឋតែម្ដង»។
ទាក់ទងរឿងនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលបានចុះទៅបើកការដ្ឋានលើកឡើងថា សាលារាជធានីមិនអាចដោះស្រាយមុនបានទេ ព្រោះពលរដ្ឋខ្លះប៉ះពាល់តិច ហើយពលរដ្ឋខ្លះប៉ះពាល់ច្រើន ដូចនេះលោកថា លោកនឹងឲ្យក្រុមការងារចុះសិក្សាទៅតាមសហគមន៍នីមួយៗសិន។
លោកថា៖ «អ្នកដែលប៉ះពាល់មានទន្និភាពខុសៗគ្នា បើយើងយករឿងមួយមកនិយាយសម្រាប់អ្នកទាំងអស់គ្នា មិនត្រូវ ចឹងសូមទុកពេលឲ្យក្រុមការងារជាមួយប្រជាពលរដ្ឋគេដោះស្រាយនៅនឹងកន្លែង។ សហគមន៍ណាធ្វើការជាមួយសហគមន៍ហ្នឹង សង្កាត់ធ្វើការជាមួយសង្កាត់ហ្នឹង បើចឹងយើងដោះរួមៗមិនបានទេ»។
មន្រ្តីទទួលបន្ទុកផ្នែកតាំងទីលំនៅថ្មី នៅវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ណន អូនី មានប្រសាសន៍ថា ការអភិវឌ្ឍណាមួយរដ្ឋត្រូវគិតពីផលប៉ះពាល់និងផ្តល់សំណងដល់ពលរដ្ឋឲ្យមានតម្លាភាព។
លោកថា៖ «គំនិតខ្ញុំគិតថា សាលារាជធានីភ្នំពេញគួរតែកោះអញ្ជើញប្រជាពលរដ្ឋហើយនិងសង្គមស៊ីវិលដែលធើ្វការបញ្ហាផ្លូវរថភ្លើង ចូលរួមដើម្បីស្ដាប់និងផ្ដល់ជាយោបល់រកដំណោះស្រាយជូនដល់ប្រជាជននិងសាលាក្រុងទាំងអស់គ្នា។ ដូចអី្វដែលយើងចង់បានផ្លូវនេះ គឺត្រូវបានធើ្វឡើងបម្រើផលប្រយោជន៍សាធារណៈ ប្រជាពលរដ្ឋរងគ្រោះក៏ត្រូវទទួលបានផលប្រយោជន៍ដូចគ្នា គាត់អាចទទួលបានទីតាំងថី្មឬគាត់អាចទទួលបានកញ្ចាប់ថវិកាមួយ គាត់អាចយកទៅទិញដីទិញផ្ទះដើម្បីផ្លាស់ប្ដូរទីលំនៅ បាទ»។
បើតាមពលរដ្ឋ ពួកគេដែលរងផលប៉ះពាល់ទាំងស្រុងមានជាង៤០០គ្រួសារ ហើយពលរដ្ឋដែលប៉ះពាល់ពី១ទៅ ៧ម៉ែត្រ មានជាង៩០០គ្រួសារ។
កន្លងទៅការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញមានការបណ្ដេញពលរដ្ឋចេញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយបើកផ្លូវឲ្យក្រុមហ៊ុនចូលអភិវឌ្ឍ ហើយមកដល់ពេលនេះអ្នកខ្លះមិនទាន់បានសំណងនៅឡើយ៕