ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទូចឲ្យម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ស្នើសុំច្បាប់សាងសង់ពីអាជ្ញាធរជាមុន ដោយព្រមានថានឹងមិនពិនិត្យសំណើសុំនាំចូលគ្រឿងសម្ភារៈគ្រឿងសំណង់របស់ពួកគេឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសយ៉ាងដូច្នេះ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកឃើញថាមានក្រុមហ៊ុនមួយចំនួនបាន និងកំពុងដំណើរការគម្រោងរបស់ខ្លួនដោយពុំមានលិខិតអនុញ្ញាតឲ្យសាងសង់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់នោះត្រូវរួសរាន់រៀបចំបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ ដោយថាបើពុំដូច្នោះទេ ក្រុមប្រឹក្សានឹងមិនពិនិត្យលើសំណើសុំនាំចូលគ្រឿងសម្ភារៈសម្រាប់គម្រោងសាងសង់ ដែលគ្មានការអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។
VOD បានព្យាយាមទាក់ទងទៅលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំព័ត៌មានបន្ថែម ប៉ុន្ដែទូរសព្ទចុចចូល គ្មានអ្នកទទួល៕