សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យអះអាងថា អាជ្ញាធរពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តនេះបានអនុវត្តខុសនីតិវិធីអំឡុងធ្វើបញ្ជីបោះឆ្នោតថ្មី ដោយថាការបិទបញ្ជីឈ្មោះដំបូងនេះ ពួកគេរកឃើញថាពលរដ្ឋមួយចំនួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែគ្មានរូបថតសម្រាប់បញ្ជាក់អត្តសញ្ញាណ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់ប្រកាសថា លក្ខខណ្ឌអាចចុះឈ្មោះបោះឆ្នោតបាន គឺត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងត្រូវទៅបង្ហាញមុខនៅចំពោះមុខមន្ត្រីចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនរស់នៅ។
ប៉ុន្តែសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំអូស្រឡៅ ស្រុកម៉ាឡៃ លោក កង រិទ្ធិ អះអាងថា ការបិទបញ្ជីឈ្មោះដំបូងនៅក្នុងឃុំនេះ លោកថាក្រុមការងារលោកបានរកឃើញថា មានពលរដ្ឋបីនាក់នៅភូមិផ្សេងគ្នា មានឈ្មោះក្នុងបញ្ជី តែគ្មានរូបថត។ លោកថា ករណីនេះជាការអនុវត្តផ្ទុយនឹងនីតិវិធីរបស់ គជប។
លោកថា៖ «មានភូមិបឹងរាំងម្នាក់ និងភូមិថ្មីពីរនាក់ [ក្នុងឃុំអូស្រឡៅ ស្រុកម៉ាឡៃ]។ អញ្ចឹងមានភាពមិនប្រក្រតីហើយ។ ធម្មតាយើងទៅចុះឈ្មោះទាល់តែយើងទៅបានចុះបាន តែនេះទៅជាអត់មានមនុស្សបែរជាថតអត្រានុពលដ្ឋានដាក់ អញ្ចឹងវាមិនប្រក្រតីហើយ។ អញ្ចឹងបានខ្ញុំទៅសុំពាក្យបណ្តឹងរបស់គាត់ម៉ិញ ហើយឃុំក៏គេមិនសួរដេញដោយអីដែរ គាត់គ្រាន់តែឲ្យពាក្យបណ្តឹងយើងមក»។
VOD មិនទាន់អាចទាក់ទងមេឃុំអូស្រឡៅ លោក ឃុត ហឿន ដើម្បីបញ្ជាក់ពីមូលហេតុនេះ បាននៅឡើយទេនៅថ្ងៃអង្គារនេះ។
ប៉ុន្តែបើតាមមន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេកំពុងឲ្យក្រុមការងារចុះជួបពលរដ្ឋដែលបានចុះឈ្មោះ ហើយតែមិនបានថតរូបទាំងនោះ ដោយថាដើម្បីស្វែងរកព័ត៌ពិតពីករណីនេះ។
អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា លើកឡើងថា គជប លើកទឹកចិត្តឲ្យអ្នកដែលរកឃើញភាពមិនប្រក្រតីដាក់ពាក្យបណ្តឹងមក គជប។
លោក ហង្ស ពុទ្ធា បញ្ចាក់ថា ករណីនេះបើរកទៅឃើញថាមិនមែនជាកំហុសបច្ចេកទេស លោកថាមន្ត្រីពាក់ព័ន្ធនៅក្នុងឃុំនោះ នឹងទទួលការពិន័យផ្នែករដ្ឋបាល។
លោកថា៖ «យើងមិនទាន់ថាយ៉ាងម៉េចដោយសាចាំពិនិត្យមើលរឿងហ្នឹង ឲ្យបានច្បាស់ថាមកពីហេតុអី។ ប៉ុន្តែក្រុមអ្នកចុះឈ្មោះបោះឆ្នោតត្រូវតែទទួលខុសត្រូវ ព្រោះគាត់មិនអាចថត សៀវភៅដាក់អញ្ចឹងទេ គាត់ត្រូវតែថតមនុស្សផ្លាល់ ហើយបើ គជប ស្រាវជ្រាវទៅរកឃើញថា អត់មានមនុស្សវិញ អាហ្នឹងគាត់ត្រូវទទួលពិន័យហើយ ពិន័យផ្នែករដ្ឋបាល»។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា គិតត្រឹមថ្ងៃអង្គារនេះ គជប មិនទាន់ទទួលបានពាក្យបណ្តឹងពីរាជធានីខេត្តផ្សេងទៀត ដូចករណីនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនោះនៅឡើយទេ ។
បើតាម គជប គណបក្សនយោបាយ ដែលជាភាគីពាក់ព័ន្ធ មានសិទ្ធិប្តឹងជំទាស់ រយៈពេល១០ថ្ងៃ បើពួកគេរកឃើញភាពមិនប្រក្រតី នៃបញ្ជីបោះឆ្នោតនេះ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៧៕