ថ្មីត្បិតតែរដ្ឋធម្មនុញ្ញបានចែងថាកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការក៏ដោយ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងវិញ ត្រូវបានគេសង្កេតឃើញថា មិនដូចនូវអ្វីដែលមានចែងក្នុងច្បាប់កំពូលនេះទេ។
អ្នកតាមដានសង្គមជាច្រើនអះអាងថា សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ត្រូវបានគេរិតត្បិតឬបើកទូលាយ អាស្រ័យលើឆន្ទៈនយោបាយ។ រីឯការអនុវត្តច្បាប់វិញក៏មិនខុសគ្នាដែរ។
ជាក់ស្តែងនៅពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅជាង១ឆ្នាំមកនេះ គេសង្កេតឃើញសកម្មជនបក្សប្រឆាំងជិត២០រូប ត្រូវបានតុលាការកាត់ទោស ខ្លះរហូតដល់២០ឆ្នាំ។ ចំណែកអ្នកការពារសិទ្ធិមនុស្សដ៏លេចថ្លោ៤រូបនៅសមាគមអាដហុកនិងមន្រ្តី គជប ម្នាក់ត្រូវបានរដ្ឋាភិបាលប្តឹង ហើយពេលនេះពួកគេកំពុងជាប់ពន្ធនាគារជិត៨ខែ ដែលមតិជាតិនិងអន្តរជាតិចាត់ទុកថា ចំណាត់ការរបស់តុលាការនោះ ក្រោមសម្ពាធអ្នកនយោបាយ។
ប៉ុន្តែអ្វីជាការកត់សម្គាល់ ស្ថានការណ៍នយោបាយពេលនេះហាក់បានចុះកម្តៅបន្តិចវិញ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានចាប់ដៃរលាក់ដាក់គ្នាឡើងវិញក្នុងសភានាដើមខែធ្នូឆ្នាំ២០១៦។
ជំនួបរលាក់ដៃរបស់មេដឹកនាំទាំងពីរនោះជំរុញឲ្យមានជំនួបកំពូលដ៏កម្រមួយរវាងលោក ហ៊ុន សែន និងលោក កឹម សុខា។
ក្រោយមកលោក ហ៊ុន សែន បានប្រកាសយកលោក កឹម សុខា ធ្វើជាដៃគូសន្ទនាជំនួសលោក សម រង្ស៊ី ដែលទើបនឹងបែកបាក់ ដើម្បីបន្តដោះស្រាយបញ្ហាជាតិដែលនូវសេសសល់។
បើទោះបីជាបញ្ហាដែលនូវសេសសល់នោះ មិនត្រូវបានគេទម្លាយឲ្យដឹងថាមានអ្វីខ្លះក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច លោក ស ខេង បង្ហើបប្រាប់អ្នកសារព័ត៌មានថា បញ្ហាមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំអាចនឹងមានដំណោះស្រាយតាំងពីខែធ្នូចុងឆ្នាំ២០១៦។
ពិតណាស់ថា ការបង្ហើបពីយន្តការឈានទៅដោះលែងមន្ត្រីសិទ្ធិមនុស្សនៅចុងឆ្នាំ២០១៦នោះ មិនត្រូវបានធ្វើឡើងដូចការអះអាងក៏ពិតមែន ប៉ុន្តែប៉ុន្មានថ្ងៃនេះ មានលិខិតឆ្លើយឆ្លងរវាងលោក ស ខេង ដែលជាតំណាងមតិភាគច្រើនក្នុងសភារបស់គណបក្សប្រជាជន និងលោក កឹម សុខា តំណាងមតិភាគតិចក្នុងសភារបស់គណបក្សសង្គ្រោះជាតិថា ពួកគេមានគម្រោងជួបគ្នា ដោយមិនកំណត់ពេល គិតពីក្រោយថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០១៧នេះទៅ។
តើជំនួបថ្មីនោះនឹងឈានទៅដោះលែងអ្នកការពារសិទ្ធិមនុស្សដូចការរំពឹងទុកទេ?
អ្នកវិភាគនិងមន្ត្រីឃ្លាំមើលការអនុវត្តច្បាប់អះអាងប្រហាក់ប្រហែលគ្នាថា កិច្ចជំនួបរបស់មេដឹកនាំកំពូលនៅពេលខាងមុខនេះ ពួកគេរំពឹងថាអ្នកទោសមនសិកាដែលកំពុងជាប់ឃុំទាំងនោះ អាចនឹងមានសេរីភាពវិញ បើកិច្ចពិភាក្សានោះ បក្សកាន់អំណាចមានឆន្ទៈពិតចង់បង្រួបបង្រួមជាតិ តម្កល់ប្រយោជន៍ជាតិជាធំ មិនបង្កប់ល្បិចកល់នយោបាយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា គេពិបាកទស្សទាយថា ជំនួបរបស់អ្នកនយបោយនៅពេលខាងមុខនេះ នឹងឈានទៅដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបក្សប្រឆាំងឬក៏យ៉ាងណា។
ប៉ុន្តែលោក មាស នី វិភាគថា បើពិនិត្យពីការផ្លាស់ប្តូរឥរិយាបថរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរដែលឈានទៅចាប់ដៃគ្នាក្នុងសភារួចព្រមនិយាយទល់មុខគ្នាឡើងវិញ ក្នុងបន្ទប់បិទជិត ឈានទៅប្រើប្រាស់វប្បធម៌សន្ទនាឡើងវិញនៅពេលថ្មីៗនេះ លោកថាជាសញ្ញាវិជ្ជមានសម្រាប់ការដោះលែងអ្នកទោសមនទោសមនសិកា បើទោះបីកូនសោពន្ធនាគារស្ថិតនៅលើដៃគណបក្សប្រជាជនកម្ពុជាក៏ដោយ។
លោកថា៖ «យើងដឹងស្រាប់ហើយក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ តួនាទីរបស់តុលាការនិងអ្នកនយោបាយហ្នឹងវារួមគ្នាតែមួយ។ ដល់អញ្ចឹងទៅវាធ្វើឲ្យស្ថានការណ៍ហ្នឹងវាកាន់តែអាក្រក់មើលថែមទៀត។ ខ្ញុំគិតថារឿងអ្នកដែលជាប់ឃុំហ្នឹងឥឡូវនេះ គេទុកឲ្យនៅ ដើម្បីធ្វើជារបៀបជាចំណាប់ខ្មាំងក៏បាន។ រឿងវាអត់មានពិបាកអីសោះសម្រាប់ការដោះស្រាយរឿងហ្នឹង តែបើមិនមានឆន្ទៈនយោបាយទេ អ្នកជាប់ឃុំចេះតែជាប់ទៅ គេមានពិបាកអីមន្ត្រីធំៗគេប្រើអំណាចរបស់គេ គេមានទៅខ្វល់អីព្រោះគេមានជាប់គុកអី។ គ្រួសារជនរងគ្រោះទេដែលពិបាក»។
សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើមានការចរចានយោបាយកើតឡើងនៅពេលខាងមុខដូចការគ្រោងទុកមែន លោកវិភាគថាអាចនឹងមានលទ្ធផលពីរផ្ទុយគ្នាកើតឡើងក្រោយជំនួប។
លោក សូ ចន្ថា វិភាគថា លទ្ធផលទី១ អ្នកទោសមនសិកាទាំងនោះ នឹងត្រូវដោះលែងដូចការរំពឹងទុក បើគណបក្សកាន់អំណាចមិនយកអ្នកជាប់ឃុំទាំងនោះធ្វើជាចំណាប់ខ្មាំងនិងមិនចាត់ទុកអ្នកទោសមនសិកាទាំងនោះជាសត្រូវ។ លោកថា បើបក្សកាន់អំណាចយកកិច្ចពិភាក្សានេះគ្រាន់តែជាឈ្នាន់នយោបាយដើម្បីឈានទៅបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រឆាំង ដូចដែលគណបក្សនេះធ្លាប់ធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិចរបូតអាសនៈអស់ពីក្នុងសភានោះ លោកថាអ្នកទាំងនោះនឹងនៅតែបន្តជាប់ឃុំដដែល។
លោកថា៖ «អញ្ចឹងហើយអ្វីដែលខ្ញុំចង់ឃើញនោះ គឺចង់ឃើញអ្នកនយោបាយឈប់ប្រើវប្បធម៌ចាស់ ឈប់ប្រើវប្បធម៌យកគ្នាជាសត្រូវ ហើយចាប់យកវប្បធម៌ថ្មីពីការឯកភាពជាតិ ការរួបរួមដើម្បីឆ្ពោះទៅរកការអភិវឌ្ឍជាតិប្រកបដោយចេរភាពនោះបាទ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងដែរថា បើតុលាការនៅកម្ពុជាឯករាជ្យ លោកថា សកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គជប មិនត្រូវជាប់ឃុំរហូតដល់ពេលនេះទេ។
លោក អំ សំអាត មានជំនឿថា កិច្ចពិភាក្សារបស់អ្នកនយោបាយនៅពេលខាងមុខ អាចនឹងឈានទៅដោះលែងអ្នកទោសមនសិកាឲ្យមានសេរីភាពវិញ ដោយលោកកត់សម្គាល់ការចរចាផ្នែកនយោបាយមានប្រសិទ្ធភាពជាងការអនុវត្តច្បាប់ និងម្យ៉ាងវិញទៀតលោកគិតថារដូវបោះឆ្នោតជិតមកដល់ផងនោះ អាចជាឱកាសដែលគណបក្សនយោបាយនាំគ្នាធ្វើខ្លួនឲ្យល្អ ដើម្បីទាក់ទាញប្រជាប្រិយភាពពីម្ចាស់ឆ្នោត។
លោកថា៖ «អ្នកដែលជាប់ឃុំដោយសាររឿងនយោបាយហ្នឹង វាគ្មានអ្វីក្រៅពីកិច្ចចរចាផ្នែកនយោបាយនោះទេ ដែលធ្វើឲ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លិ សកម្មជនគណបក្សនយោបាយ។នេះជាអ្វីដែលយើងឃើញទម្លាប់កន្លងមកនោះបាទ»។
សរុបជារួម អ្នកវិភាគគិតថាយុទ្ធសាស្ត្របំបែកបំបាក់ដៃគូប្រកួត ញុះញង់ឲ្យគេឈ្លោះគ្នា ដើម្បីបានប្រៀបក្តោមអំណាចបន្តនោះ ពួកគេថាហាក់គ្មានប្រសិទ្ធភាពទេក្នុងសម័យកាលនេះ ដោយថាដៃគូប្រកួតបានដឹងមុនពីមេរៀននេះពីអតីតកាល គួបផ្សំនឹងការរីកធំនៃប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមដែលបានឆ្លុះបញ្ចាំងការពិតដែលកើតឡើងក្នុងសង្គម។
បើតាមអ្នកវិភាគ អ្វីដែលបក្សកាន់អំណាចអាចស្តាប្រជាប្រិយភាពឡើងវិញបាននោះ គឺការរកទីផ្សារឲ្យកសិករ បង្កើតការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលសមរម្យ ធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌សង្គម លើកស្ទួយសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕