សកម្មជនដីធ្លីដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ ទទូលឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធមនុស្ស៤រូប មន្ត្រី គ.ជ.ប និងតំណាងពួកគេ ដោយថាការចាប់អ្នកទាំង៦រូបធ្វើជាចំណាប់ខ្មាំង មិនបានចំណេញអ្វីដល់គណបក្សនយោបាយឡើយ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការចាប់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់គំនាបទៅគណបក្សប្រឆាំងនោះ មិនបានចំណេញអ្វីទៅបក្សកាន់អំណាចឡើយ មានតែធ្វើឲ្យអំណាចកាន់តែបាត់សន្លឹកឆ្នោតបន្តទៀត។ អ្នកស្រីអំពាវនាវឲ្យលោក ស ខេង ដែលពេលនេះលោកជានាយករដ្ឋមន្រ្តីស្តីទីផងនោះ ត្រូវដោះលែងអ្នកជាប់ឃុំចំនួន៥នាក់ដូចអ្វីដែលបានលើកឡើងជាសាធារណៈថា នឹងដោះលែងតាំងពីចុងឆ្នាំ២០១៦។
អ្នកស្រីថា៖ «ប្រសាសន៍ឧបនាយករដ្ឋមន្ត្រី ស ខេង គាត់និយាយថ្ងៃក្រោយគ្មានន័យទៀតទេ ព្រោះអីគាត់ជាថ្នាក់ដឹកនាំទាំងមូល ហើយគាត់បានសន្យាជាសាធារណៈ ហើយដល់ពេលគាត់សន្យាហើយមិនអាចធ្វើបាន ចឹងថ្ងៃក្រោយទៀត កិច្ចមួយដែលប្រទេសទាំងមូល ដែលកំពុងរងចាំគាត់បម្រើប្រជាពលរដ្ឋ នោះមិនអាចធ្វើការអីកើតទេ។ កិច្ចការដែលតូចបំផុតសម្រាប់គាត់បែរជាគាត់ធ្វើមិនបាន អានេះជាជម្លោះផ្ទៃក្នុងរបស់ពួកគេ ព្រោះគាត់ចរចាផ្សេង គាត់និយាយក្រៅផ្សេង …ក្នុងនាមជាថ្នាក់ដឹកនាំមួយនិយាយហើយត្រូវគោរពសន្យារបស់ខ្លួន»។
អ្នកស្រីបន្តថា អ្នកដែលជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបែរជាត្រូវជាប់គុក ហើយអ្នកដែលធ្វើខុសបែរជាមានសេរីភាពទៅវិញ។
សកម្មជនដីធ្លីបុរីកីឡា អ្នកស្រី ស សន ដែលបានទៅចូលរួមតវ៉ាជាមួយសហគមន៍បឹងកក់ លើកឡើងថា អ្នកស្រីចង់ឲ្យរដ្ឋាភិបាល បង្ហាញកាំម៉េរ៉ាសុវត្ថិភាពនៅក្នុងស្តារម៉ាត ស្តុបបូកគោ ដែលជាកន្លែងឃាតករសម្លាប់ លោក កែម ឡី ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប. លោក នី ចរិយា កំពុងស្ថិតនៅក្រោមការឃុំខ្លួនរហូតមកដល់ពេលនេះ ចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនកាលពីដើមខែឧសភាឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងរបស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេទម្លាយថា មានស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។
ចំណែកតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីពាក់កណ្ដាលខែសីហាឆ្នាំមុន ក្រោមការចោទថា សកម្មជនរូបនេះ បានជេរប្រមាថមន្ត្រីរាជការសាធារណៈ ខណៈ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាត ក្នុងការ៉ាស់សាំងកាល់តិច ស្ថិតនៅម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំមុន។
ថ្ងៃចន្ទ ទី១៦ ខែមករានេះ ជាសប្តាហ៍ទី៣៧ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនោះ និងរកយុត្តិធម៌ជូនលោក កែម ឡី៕