សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកា សំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលប្ដឺងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់២៥លានរៀល ទាក់ទងការរិះគន់ Facebook លោក ហ៊ុន សែន ថាទិញចំនួនអ្នកចុច Likes។
បន្ទាប់ពីសនវការជាង ២ ម៉ោង នៅអង្គារនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រៈ លោក សំរិទ្ធ សុផល សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃ ៩ ខែកុម្កៈ ខាងមុខនេះ ។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺ លោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មានថា លោកប្ដឹងជំទាស់មកសាលាឧទ្ធរណ៍នេះ ដោយយល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោកទេ។ លោក សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុទ្ធធម៌ឲ្យកូនក្ដីលោក ។
តំណាងលោកនាយករដ្ឋមន្ត្រី គឺលោក សោម សឿន ជាមន្ត្រីខុទ្ទការល័យគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមសវនាកា បានលើកឡើងថា លោកមិនបានទិញអ្នកគាំទ្រ ឬអ្នក Like ដូចលោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុកនោះឡើយ ។ លោក ចាត់ទុកថា ការលើកឡើង របស់លោក សម រង្ស៊ី នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំ និងរូបលោកជាប្រធានក្រុមការងារផ្នែកគ្រប់គ្រងគេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញអ្នកគាំទ្រ ឬអ្នក Like ក្លែងក្លាយ ដើម្បីប្រាប់ទៅសាធារណជនថា ខ្លួនមានប្រជាប្រិយភាព ។