សកម្មជនដីធ្លីថារដ្ឋាភិបាលគួរឈប់យកលុយជាតិចំណាយទៅចៅក្រមដែលកាត់ក្ដីមិនយុត្តិធម៌

អតីតស្ត្រីបឹងកក់ អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅតំបន់បឹងកក់ដែលជាប់ពន្ធនាគារលើកឡើងថា រដ្ឋាភិបាលគួរឈប់យកថវិកាជាតិចំណាយទៅលើចៅក្រមទាំងឡាយណាដែលកាត់ក្តីមិនយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ខណៈដែលឆ្មាំពន្ធនាគារបាននាំអ្នកស្រី ទេព វន្នី មកការពារបណ្ដឹងសុំនៅក្រៅឃុំនៅតុលាការកំពូលនាថ្ងៃនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលចូលសវនាការ អ្នកស្រី ទេព វន្នី លើកឡើងថា អ្នកស្រីមិនមានជំនឿទៅលើចៅក្រ​មថានឹងផ្ដល់យុត្តិធម៌ឲ្យអ្នកស្រីទេ ដោយសារថា​តុលាការបច្ចុប្បន្នស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយ។

អ្នកស្រីថា៖ «ខ្ញុំសូមផើ្ញសារទៅចៅក្រមឲ្យហើយ បើសិនអស់លោកហឹ្នងណាទាំងតុលាការដំបូង តុលាការឧទ្ធរណ៍ តុលាការកំពូលក៏ដោយ បើគ្មានសិទិ្ធសូមឲ្យតាមឆន្ទានុសិទិ្ធរបស់ខ្លួនឯងកាត់កី្ដដោយសុក្រឹត្យយុតិ្តធម៌ជូននាងខ្ញុំទេ មិនបាច់ហៅនាងខ្ញុំមកតុលាការទៀតទេ។ ហៅនាងខ្ញុំមកនាំតែអស់ពេលវេលានិងខូចបង់ពេលវេលាមន្រី្តពន្ធធនាគារ ហើយជាពិសេសខាតនូវថវិការបស់រដ្ឋនូវចំណាយចាក់សាំងអត់ប្រយោជន៏ដឹកនាងខ្ញុំមកទេ នាំថវិកាជាតិយកទៅបម្រើផលប្រយោជន៍ជាតិ យកបម្រើផលប្រយោជន៍ពលរដ្ឋ»។

នៅក្នុងបន្ទប់សវនាការ អ្នកស្រី ទេព វន្នី ទទួចឲ្យចៅក្រមដោះលែងអ្នកស្រីឲ្យមានសេរីភាព ដោយគាត់មិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់ឡើយ។

បន្ទាប់ពីសវនាការប្រហែលជា១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី គឹម សត្ថាវី បានប្រកាសថា សាលដីកានឹងប្រកាសនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។

ទោះជាយ៉ាងណា អ្នកស្រី ទេព វន្នី លើកឡើងក្រោយបញ្ចប់សវនាការថា អ្នកស្រីមិនមានសង្ឃឹមអាចបាននៅក្រៅឃុំនោះទេ ខណៈដែលគណបក្សទាំងពីរលុបចោលជំនួបចរចាជាមួយគ្នាដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខាងមុខនេះ។ ​អ្នកស្រីចាត់ទុកការឃុំខ្លួនអ្នកស្រីមកដល់ពេលនេះថាជារឿងនយោបាយ។

អ្នកស្រីថា៖ «ប្រព័ន្ធតុលាការគ្រាន់តែជាឧបករណ៏មួយសម្រាប់អ្នកនយោបាយដែលកាន់អំណាចតែប៉ុណ្ណោះឯង មិនមានជាតុលាការដែលត្រឹមត្រូវឯករាជ្យកាត់ទោសដោយសុក្រឹតយុតិ្តធម៌ដូចតុលាការប្រទេសអាមេរិកឬមហាអំណាចផ្សេងៗនៅលើពិភពលោកទេ ចឹងអី្វដែលជាកី្ដសង្ឃឹមរបស់យើងខ្ញុំនេះ គឺសង្ឃឹមទៅលើគណបក្សទាំងពីរចរចាគា្នឲ្យត្រូវ គឺដោះលែងខ្ញុំឲ្យមានសេរីភាពឡើងវិញហើយ។ នាងខ្ញុំក៏សូមបញ្ជាក់ថា សូមឲ្យរដ្ឋាភិបាលដែលកាន់អំណាច៥អណតិ្តសព្វថៃ្ងនេះ កុំយកប្រជាពលរដ្ឋណាដែលស័្មគ្រត្រង់រងគ្រោះដោយសារការអភិវឌ្ឍរបស់ខ្លួនហើយយកទៅចោទប្រកាន់ដាក់ទោសធើ្វជាទាសករនយោបាយទៀត។ ក៏ដូចជាអ្នកការពារសិទិ្ធមនុស្សមន្រី្ត គ.ជ.ប ក៏ដូចជាអ្នកសេ្នហាជាតិទាំងអស់ហឹ្នងធើ្វជាទាសករក្នុងការដោះដូរនយោបាយរបស់ខ្លួនឯង»។

មេធាវីការពារអ្នកស្រី ទេព វន្នី គឺ លោកស្រី  សាម  សុគន្ធា សង្ឃឹមថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោកស្រីនៅពេលខាងមុខនេះ ដោយសំអាង​​កូនក្ដីគាត់មិនបានប្រព្រឹត្តបទល្មើសដូចតុលាការក្រុងភ្នំពេញចោទប្រកាន់ឡើយ។

លោកស្រីថា៖ «សំណុំរឿងនេះ គឺជាបទមជ្ឈឹម ហើយមិនមែនជាបទមជ្ឈឹមជាក់ស្ដែងទេ គឺជាបទមជ្ឈឹមមិនជាក់ស្ដែងដែលគ្មានភាពចាំបាច់ណាមួយក្នុងការឃុំខ្លួនគាត់ទេ។ បទមជ្ឈឹមជាក់ស្ដែងគឺមិនតម្រូវចាំបាច់ឃុំខ្លួនគាត់ទេ បទល្មើសតាំងពីឆ្នាំ២០១៣ ហើយទើបតែឃុំខ្លួន២០១៦ ចឹងឃើញថា វាប៉ះពាល់ការមានសេរីភាពរបស់គាត់»។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការឃុំខ្លួនសកម្មជនដីធ្លី មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.បកន្លងមកនេះ ជារឿងនយោបាយ ដោយលោកថា អ្នកនយោបាយគួរតែរកវិធីដោះស្រាយគ្នាជាជាងយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយបែបនេះ។

លោកបន្តថា៖ «បើសិនជារឿងនឹងវាថ្កល់ជាប់រឿងនយោបាយវាជៀសមិនផុតទេ បើសិនគ្មានដំណោះស្រាយនយោបាយណាមួយកើតឡើង គឺពួកគាត់មិនអាចនៅក្រៅឃុំទេ ទាំងអ្នកស្រី ទេព វន្នី ទាំងសកម្មជនការពារសិទ្ធិមនុស្សទាំង៥នាក់»។

គួរបញ្ជាក់ថា អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣លើកហើយ ដោយលើកទីមួយនៅឆ្នាំ២០១២ ឃុំខ្លួនបាន១ខែ៣ថ្ងៃ។ លើកទី២នៅឆ្នាំ២០១៤ឃុំខ្លួនបាន៥ខែ១ថ្ងៃ និងលើកទី៣ឃុំខ្លួនបានជិត៥ខែហើយ។

ការចាប់ឃុំខ្លួនអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារជាចុងក្រោយនេះ ធ្វើឡើងចំពេលដែលស្ត្រីរូបនោះបន្តដឹកនាំអ្នកភូមិធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ