មជ្ឈដ្ឋានមួយចំនួន ទំនងជាធុញទ្រាន់ ទៅនឹងអ្នកនយោបាយ ដែលស្ទើពេញមួយអាណត្តិមកនេះ បង្កើតតែរឿងប្តឹងផ្តល់គ្នា ច្រើនជាងចាប់ដៃគ្នាពិភាក្សាទល់មុខ ស្វែងរកការឯកភាពជាតិ ឈានទៅដោះស្រាយបញ្ហារបស់ប្រជាជនដែលកំពុងជួបប្រទះ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននីរទេសខ្លួនទៅក្រៅប្រទេសម្តងទៀត កាលពីចុងឆ្នាំ២០១៥ គេចចេញពីការតាមចាប់ខ្លួន របស់តុលាការ ក្រោយពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច លោក ហោ ណំាហុង សើរើបណ្តឹងចាស់ ក្នុងសំណុំរឿងបរិហាកេរ្តិ៍។
បើគិតត្រឹមថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ លោក សម រង្ស៊ី បានជាប់បណ្តឹងយ៉ាងតិច ចំនួន៥ទៀត ដែលភាគច្រើន ប្តឹងទាំងនោះ ប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បណ្តឹងទាំងនោះ មានករណីរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន ការរិះគន់ថា រដ្ឋាភិបាលនៅពីក្រោយ ការបាញ់សម្លាប់លោក កែម ឡី ការផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ ការរិះគន់ប្រធានរដ្ឋសភា លោក ហេង សំរិន និងសំណុំរឿងថ្មីចុងក្រោយនេះ គឺលោក ហ៊ុន សែន កំពុងឲ្យមេធាវីរៀបចំពាក្យបណ្តឹង ប្តឹងពីបទបរិហាកេរ្តិ៍ដោយទារសំណងជម្ងឺចិត្ត១លានដុល្លារ ទាក់ទិននឹងលោក សម រង្ស៊ី និយាយតាមឯកសាបែកធ្លាយមួយថា លោក ហ៊ុន សែន សន្យាផ្តល់លុយឲ្យកញ្ញា ធី សុវណ្ណថា ១លានដុល្លារ សម្រាប់រៀបគម្រោងបំបែកបំបាក់បក្សប្រឆាំង។
ប៉ុន្តែកន្លងទៅបើទោះបីជាតុលាការធ្លាប់កាត់ទោសឲ្យលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំក៏ដោយ តែលោក សម រង្ស៊ី មិនដែលបានមកទទួលទោសម្តងណាទេ។តែផ្ទុយទៅវិញអំឡុងឆ្នាំ២០១៣លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រលើកលែងទោស ឲ្យបានចូលប្រលូកក្នុងឆាកនយោបាយឡើងវិញ។
តើការបន្តប្តឹងលោក សម រង្ស៊ី ឆ្លុះបញ្ចាំងដូចម្តេចពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថា វាមិនមែនជារឿងថ្មីទេ ដែលប្រព័ន្ធច្បាប់នៅកម្ពុជា មិនអាចដាក់ទោសអ្នកមានឥទ្ធិពលមួយចំនួនបាននោះ។ ប៉ុន្តែលោកវិភាគថា ការដែលលោក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី មួយរណីទៀត ទៅតុលាការពេលនេះ លោកថាជាល្បែងចាស់ ដែលពលរដ្ឋភាគច្រើន បានចាត់ទុកថាជារឿងកំប្លុកកំប្លែង របស់អ្នកនយោបាយ ។
លោក មាស នី វិភាគទៀតថា បើរដ្ឋាភិបាល នៅបន្តលេងល្បែងបែបនេះ លោកថា នឹងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿកាន់តែខ្លាំង ទៅស្ថាប័នកំពូលៗ របស់ជាតិ ដូចជាស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងតុលាការ ថាមិនប្រឹងប្រែងជួយទប់ស្កាត់ភាពអយុត្តិធម៌សង្គម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖រហូតដល់ការវាយដំសភា [តំណាងរាស្ត្រ]បក្សប្រឆាំង ដកលោក កឹម សុខា ប្តឹងសភា ដោយមិនទាន់ដកអភ័យឯកសិទ្ធិអីជាដើមហ្នឹង វាសុទ្ធតែអត់ត្រូវនឹងអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ហើយនៅក្នុងកាលៈទេសៈដែលរដ្ឋាភិបាលមួយ លែង យើងធ្វើអី យើងលែងមើលពីគោលការណ៍ច្បាប់ហើយ យើងធ្វើអីទៅតាមដែលយើងនឹកឃើញ ។អាហ្នឹងយើងអាចនឹងត្រូវបានគេចោទថា យើងក្បត់រដ្ឋធម្មនុញ្ញ»។
លោក មាស នី វិភាគទៀតថា បើរដ្ឋាភិបាល នៅតែបន្តលែងល្បែងបែបនេះទៀតនោះ លោកថានឹងធ្វើឲ្យផ្ទៃក្នុងរបស់កម្ពុជាប្រឈមនឹងការបែកបាក់ បាត់បង់ឱកាសបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ ប្រកួតប្រជែងជាមួយប្រទេសជាសមាជិកអាស៊ាន ហើយទីបំផុត ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា នឹងពឹងតែលើប្រទេសជិតខាង ។
លោកថា៖«ចុងបំផុតមានតែច្រកមួយទេ គឺរស់នៅក្រោមស្លាបនៃប្រទេសជិតខាងទាំងពីរ ។ហើយនៅពេលហ្នឹង បើប្រទេសយើងស្ថិតនៅក្នុងអាណានិគមន៍សេដ្ឋកិច្ចនៃស្លាបប្រទេសជិតខាងហើយ គឺកម្លាំងពលកម្ម ចំណាកស្រុកដែលយើងឃើញសព្វថ្ងៃនេះ នឹងអាចមានកាន់តែច្រើនតទៅទៀត។
ហើយទីចុងបំផុតពលរដ្ឋខ្មែរគ្រាន់តែជាកម្លាំងមួយគ្រាន់តែគេយកទៅប្រើជាពលករ របស់គេ សម្រាប់អភិវឌ្ឍសម្រាប់ប្រទេសគេ រីឯប្រទេសយើង គ្រាន់តែជាតំបន់មួយ ដែលអ្នកមានៗគេមកហែកចែកគ្នាតែប៉ុណ្ណឹង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការរិះគន់បែបស្ថាបនា និងតុលាការឯករាជ្យ ជាគោលការគ្រឹះនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក លោក សូ ចន្ថា លើកឡើងទៀតថា ការដែលលោក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី ទៅតុលាការជាថ្មីទៀតនេះ លោកវិភាគថា ជាការព្យាយាមពង្រឹងអំណាច តាមសេនារីយូបំបែកបំបាក់ ជាជាងស្វែងរកការបង្រួបបង្រួមជាតិ ឈានទៅដោះស្រាយបញ្ហានានា ដែលពលរដ្ឋកំពុងជួបប្រទេះ ។
លោកថា៖«នៅក្នុងសង្គមមួយ បើមេដឹកនាំហាក់មិនខ្វល់ខ្វាយ ពីមតិរិះគន់ពីឯករាជ្យភាពរបស់ស្ថាប័នជាតិ នៅពេលនោះហើយវាឆ្លុះបញ្ចាំងថា មេដឹកនាំនោះធ្វើអ្វីក៏ដោយឲ្យតែបានសម្រេចគោលដៅ បើទោះបីប្រើមធ្យោបាកខ្វក់ ធម្យោបាយដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិក៏ដោយ។អញ្ចឹងតាមរយៈរុញតុលាការមិនឯករាជ្យបែបនេះ ខ្ញុំគិតថាវាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិដ៏ធ្ងន់ធ្ងរ»។
លោក សូ ចន្ថា វិភាគទៀតថា បើរដ្ឋាភិបាលនៅតែបន្តប្រើសេណារីយូនេះ ជម្លោះផ្ទៃក្នុងកាន់តែរីកខ្លាំង ហើយអ្នកទួលផលពីជម្លោះផ្ទៃក្នុងរបស់កម្ពុជានេះ គឺប្រទេសជិតខាង។
លោកថា៖«ខ្ញុំចង់ឲ្យមេដឹកនាំកម្ពុជាបើកចិត្តឲ្យទូលាយជាងនេះ ហើយគិតពីស្ថានភាពនៅខាងក្រៅ។ មានន័យថាបើយើងគិតតែប្រកួតប្រជែងចាត់ទុកគ្នាជាសត្រូវ ហើយប្តឹងផ្តល់គ្នា ហើយចាប់អ្នកនេះ ឬអ្នកនោះដាក់គុក មានន័យថា យើងឈ្នះតែជាមួយខ្មែរគ្នាឯង ។
ប៉ុន្តែបើយើងក្រឡេកមើលបដិបទខាងក្រៅ យើងចាញ់ប្រៀបបរទេសឆ្ងាយណាស់ មានន័យថា បរទេសអាចជ្រៀតចូល អាចកេងចំណេញផលប្រយោជន៍ខ្មែរ ជៀសមិនផុតទេ»។
អ្នកវិភាគវ័យក្មេង លោក រិទ្ធា មេតា វិភាគថា បើប្រព័ន្ធយុត្តិធម៌នៃប្រទេសមួយមិនឯករាជ្យ ការសមេ្រចរបស់ចៅក្រម បានទៅលើ អ្នកនយោបាយដែលមានឥទ្ធិពលឬបក្សកំពុងគ្រប់គ្រងអំណាច។ លោកវិភាគថា ការដែលលោក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី ទៅតុលាការបន្តទៀតនេះ លោកថា អាចជាការគំរាមថ្មីទៀត ទៅដៃគូប្រកួត កុំឲ្យបន្តរិះគន់ ដើម្បីងាយស្រួលក្នុងការបន្តគ្រប់គ្រងអំណាច តាមរយៈពង្រឹងអំណាច ដោយមិនចាំបាច់ធ្វើកំណែទម្រង់ពិតប្រាកដ ដូចការទាមទារ របស់ម្ចាស់ឆ្នោត ។
ប៉ុន្តែលោក រិទ្ធា មេតា វិភាគថា យុទ្ធសាស្ត្រពង្រឹកងអំណាចបែបនេះ មិនបានជួយពង្រឹងយន្តការប្រជាធិបតេយ្យនៅកម្ពុជាទេ តែផ្ទុយទៅវិញលោកថា បានផ្តល់គំរូអាក្រក់ទៅវិញទេ ដល់ក្មេងជំនាន់ក្រោយ។
លោកថា៖«គាត់ឃើញមេៗគាត់កាច់គ្នា គាត់កុងគ្នាអញ្ចឹងគាត់[យុវជន] ចូលទៅគាត់កុងគ្នាដែរ ។ អញ្ចឹងអ្នកនយោបាយដែលចង់ដឹកនាំប្រទេសហ្នឹង គាត់អត់បានសាមគ្គីគ្នា អត់បានឯកភាពគ្នាទេ គឺមានតែការកាច់មួលគ្នា និងការបែកបាក់ទេ ។ អញ្ចឹងហើយវាជាគំរូអាក្រក់ ដែលអ្នកចង់ជួយជាតិ ឬក៏អ្នកដែលមានទឹកចិត្តស្នេហាជាតិ ចង់ឲ្យប្រទេសយើងរីកចម្រើន កុំឲ្យមានអ្នកក្រ អ្នកសុំទាន មានអ្នកចំណាកស្រុកអីហ្នឹង អត់មានកន្លែងដែលធ្វើឲ្យគាត់ចង់ជួយបាន ។អញ្ចឹងថាចង់ឲ្យយុវជនចូលបម្រើជាតិយ៉ាងម៉េច បើឃើញតែឈ្លោះគ្នាអញ្ចឹង»។
ទោះជាយ៉ាងណាលោក ហ៊ុន សែន ធ្លាប់អះអាងញឹកញាប់ថា រដ្ឋាភិបាលគ្មានអំណាចណាមួយ ជ្រៀតជ្រែកប្រព័ន្ធតុលាការ ក្រោមហេតុផលនយោបាយទេ ហើយក៏បានបញ្ជាក់ផងដែរថា នៅកម្ពុជាក៏គ្មានអ្នកទោសនយោបាយទេ។
សរុបជារួម អ្នកវិភាគយល់ថា ការយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ ដើម្បីការពារផលប្រយោជន៍ក្រុមគ្រួសារ និងបក្ខពួក ហើយភ្លេចគិត រកយុទ្ធសាស្ត្រដោះស្រាយបញ្ហាពលរដ្ឋនៅតាមព្រំដែន ភ្លេចគិតពីបញ្ហាអត់ការងារធ្វើរបស់ពលរដ្ឋនៅក្នុងស្រុក បញ្ហាជម្លោះដីធ្លី អយុត្តិធម៌សង្គមជាដើមនោះ ពួកគេព្រមានថា បក្សកាន់អំណាច អាចនឹងបន្តបាត់បង់អសនៈបន្ថែមទៀត ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ៕