អ្នកឃ្លាំមើលថានឹងគៀងគរកប្រាក់ឧបត្ថម្ភដើម្បីដាក់អ្នកសង្កេតការណ៍បោះឆ្នោត

ក្រុមអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត (ពេជ្រ ចំរុង)

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា (ERA)អះអាងថា ខ្លួនកំពុងស្វែងការបរិចាគថវិកា ពីអង្គការ​សង្គមស៊ី​វិល​ជា​​ដៃគូ ដើម្បីបានដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោត នៅទូទាំងប្រទេស ដោយថាដើម្បីជួ​យកាត់បន្ថ​យជ​​ម្លោះ​​ន​យោ​​​​​បាយក្រោយការបោះឆ្នោតនៅពេលខាងមុខ។

ច្រើនអាណត្តិមកនេះ ការបោះឆ្នោតនៅកម្ពុជា តែងតែកើតមានជម្លោះនយោបាយ ជាបន្តបន្ទាប់ ដោ​យ​​សារ​កន្លងទៅប្រព័ន្ធបោះឆ្នោត មិនបានផ្តល់ជំនឿដល់សាធារណៈជនទូទៅ និង​គណ​បក្សនយោបាយ មួយ​​ចំនួន ​ដែលបានចូលរួមប្រកួតប្រជែង។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល និងជាសមាជិក របស់ERA ឲ្យVOD​ដឹងនៅ​ថ្ងៃទី​២០ខែមករានេះថា ដើម្បីកាត់បន្ថយជម្លោះនយោបាយក្រោយការបោះឆ្នោត លោកថា ERA កំពុង​ពង្រី​ក​កិច្ច​សហការ ជាមួយដៃគូ ជាអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

លោក គល់ បញ្ញា បញ្ជាក់ថា កិច្ចសហការនោះ ERA នឹងស្វែងរកការបរិចាគថវិកាដើម្បីបានដាក់​អ្នកស​ង្កេត​ការណ៍ ឲ្យ​បា​ន​​គ្រប់ការិយាល័យ​បោះឆ្នោតនៅ​ទូទាំងប្រ​ទេស​។ លោកថា ធ្វើបែបនេះអាចជួយតាម​ដានពី​ដំ​​ណើ​​​រការបោះឆ្នោត ប្រ​មូ​ល​ភ​ស្តុ​តាង ដើម្បី​កា​ត់​​​​​ប​ន្ថយជ​ម្លោះន​យោ​បាយ ​ក្រោ​​យកា​របោះ​ឆ្នោត។

លោកថា៖ «សុំឲ្យមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលហ្នឹងឲ្យបានច្រើន ដើម្បីធានា​ថាយើងប្រាក​ដជាដាក់គ្រប់ទីក​ន្លែង។ អាហ្នឹងដែលយើងខំប្រឹងសហការគ្នា ព្រោះការដាក់គ្រប់​ហ្នឹងដើម្បីជួយទប់ស្កា​ត់ទំ​នាស់​ ទាក់ទិននឹងលទ្ធផលបោះឆ្នោត និងបញ្ហាបោះឆ្នោតនានា ព្រោះថាបើមានអ្នក​សង្កេតការណ៍គ្រ​ប់ជ្រុងជ្រោ​យ​​ទៅ យើងអាចផ្ទៀងផ្ទាត់ ជួយបង្ហាញព័ត៌មានផ្សេងដើម្បីឲ្យគេដឹង ពីដំណើរការបោះឆ្នោត និងពីល​ទ្ធផ​ល​បោះ​ឆ្នោត»។

បើតាមលោក គល់ បញ្ញា ការបោះឆ្នោតកន្លងទៅ អង្គការលោ​កបានដាក់​អ្នកសង្កេតការណ៍ បាន​តែពា​ក់ក​ណ្តា​​ល​ប៉ុណ្ណោះ ដោយសារតែថាខ្វះថវិកា។លោកថា ការបោះឆ្នោតខាងមុខនេះ អង្គការ​លោក​នឹងដាក់អ្ន​ក​​ស​​​​ង្កេ​តការណ៍ឲ្យបានជាង២ម៉ឺនការរិយាល័យ នៅទូទាំងប្រទេស តាមរយៈរក​ប្រាក់​ឧ​បត្ថ​ម្ភ​ពីអង្គការ​ជាដៃ​គូ​។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយទៀតហៅកាត់ថា NICFEC និងជាសមាជិកERA ផងដែរគឺ លោក សំ គន្ធាមី បើមានអ្នកសង្កេតការណ៍នៅ គ្រប់ការិយាល័យបោះឆ្នោត ស្របពេលដែល​ប្រព័ន្ធប​ច្ចេ​​ក​​វិ​ទ្យាទំនើប ដូច​បច្ចុប្បន្ននេះ លោកថា អ្នកសង្កេតការណ៍ទាំងអស់ មានឱកាសថត​រូប​ភាព​នៃ​​​ដំ​ណើរ​កា​របោះ​ឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោត សម្រាប់​ជាឯកសារ ដែលលោ​កគិតថា ជាកា​រជួយជំ​រុញត​ម្លា​ភាពនៃការបោះឆ្នោត។

លោក សំ គន្ធាមី ឲ្យទៀតថា តាមការពិភាក្សជំហ៊ានដំបូង អ្នកសង្កេតការណ៍ម្នាក់ ត្រូវការចំ​ណាយ​ប្រាក់២​២​ដុ​ល្លារ បូកទាំងថ្លៃហូបចុក និង​​ស្នា​ក់​នៅ ។ប៉ុន្តែលោកថា សប្បុរសជន ដែលចង់ចូលរួមអាច ផ្តល់​ថ​វិកា​​ស​ម្រាប់​​​​អ្នកសង្កេតការណ៍ម្នាក់ ពីរនាក់ ឬ៣នាក់ តា​​​ម​​លទ្ធ​​ភាព និងតាមការស្ម័គ្រចិត្ត។

ប៉ុន្តែ លោក សំ គន្ធាមី ឲ្យដឹងថា ព័ត៌លំអិតពី​គម្រោង​ស្វែងរកថវិ​កាសម្រា​ប់ផ្គត់ផ្គ​ង់ដល់អ្ន​កស​ង្កេតកា​​រ​បោះ​​​​​​​​​​ឆ្នោតនេះ ER​A នឹងប្រ​កាសជា​ផ្លូវកា​រនៅ​ខែកុម្ភៈ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា អះអាងដែរថា ការ​ដែល​ក្រុមអង្គការសង្គមស៊ីវិល បង្កើតឲ្យមានការគៀងគរកថវិកាបែបនេះ លោកថា ដើម្បីឲ្យ​ពលរដ្ឋ​ចេះតាមដាន​ស្ថា​​ន​​កា​រណ៍បោះឆ្នោតទាំងអស់គ្នា និងចូលរួមពិនិ​ត្យមើលថា តើដំណើការបោះឆ្នោតនៅពេលខាងមុខនេះ មា​ន​​​​​ត​​​​​ម្លា​​ភាពក​ម្រិតណា ជៀសវាង​​ជឿ​តាម​តែ​កា​របកស្រាយរបស់អ្នកនយោបាយ ដើម្បីដឹងថា បញ្ហា​កន្លង​ទៅកើតឡើងពីមូលហេតុអ្វី ។

លោកថា៖ «អ្វីដែលជាគំនិតបង្កើតឲ្យមានអ្នកសង្កេតការណ៍នៅគ្រប់ការរិយាល័យហ្នឹង ហើយយើងព្យាយាមពិនិ​ត្យដើ​ម្បីឲ្យប្រជាព​លរដ្ឋហ្នឹងបានចូលរួមធ្វើជាសាក្សីលទ្ធផលនៃការបោះឆ្នោតហ្នឹង ហើយលទ្ធផលវាចេញម​កថាបក្សណាឈ្នះ ឲ្យប្រាកដថាបក្សហ្នឹងពិតជាឈ្នះមែន។ ខ្ញុំជឿថាបើសិនជាប្រជា​​ពលរដ្ឋចូ​លរួម​​​ទាំងអស់គ្នា តាមដានមើលគ្រប់ការរិយាល័យបោះឆ្នោត ហើយយើ​ង​មើ​​លគ្រប់ការរិយាល័យបោះឆ្នោត យើងយកមកបូករួមគ្នាទៅ ខ្ញុំជឿថា អាលទ្ធ​ផលហ្នឹងវា​ពិតជាឆ្លុះ​បញ្ជាំង​ពី​កា​រពិត»។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានស្វាគមន៍ពីគម្រោងដាក់អ្នកសង្កេតការណ៍​នៅទូទាំង​ប្រទេស​នេះ ប៉ុ​​ន្តែ​​លោ​កបារម្ភថា បើអ្នកអង្កេតការណ៍នោះ មិនបានបណ្តុះបណ្តាលពង្រឹង​សមត្ថភាព​ឲ្យបាន​គ្រប់​គ្រាន់​ទេ លោ​​​ក​​ថា អា​ចនឹង​បង្កការលំបាកទៅវិញ ។

លោកថា៖ «គ.ជ.ប ស្នើសុំឲ្យមានការបណ្តុះបណ្តាល ដើម្បីឲ្យមានសមត្ថភាព ទើបអាច​វាយតម្លៃ​ស្ថានកា​រ​ណ៍នេះ​​បាន»។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA មានអង្គការជាសមាជិកជាង២០ចូលរួម ។ប៉ុន្តែពួកគេថា ERA នឹងពង្រីក​ដៃ​​​គូ​​ប​ន្ថែមទៀត ឲ្យបានជាង៤០អង្គការ ដើម្បីបានចូលរួមតាមដានដំណើរការបោះឆ្នោត និង​ស​ហ​កា​រ​ស្វែ​​ង​រក​ថវិកា ដាក់ពង្រាយអ្នកអង្កេតការណ៍ឲ្យបានជាង២ម៉ឺនការរិយាល័យនៅទូទាំងប្រទេស សម្រាប់តាម​​ដាន​ដំ​ណើ​រ​ការបោះឆ្នោត ជ្រើ​ស​រើ​ស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើង​នៅថ្ងៃទី៤​ខែមិថុ​នា​ឆ្នាំ២​០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ