បុរសវាយតំណាងរាស្ត្របក្សប្រឆំាងត្រូវបានដំឡើងស័ក្តដល់ផ្កាយមួយ

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

បុរសម្នាក់ទៀតដែលគេឃើញថាបានព្រួតគ្នាវាយតំណាងរាស្ត្រ​គណបក្ស​ប្រឆំាងកាល​ពីឆ្នាំ​២០១៥​នោះ ត្រូវ​បានតំឡើងឋានន្តរស័ក្តិពីស័ក្ត៥ទៅដល់ផ្កាយមួយ ខណៈ​បុរសរូបនោះត្រូវបានកាត់ទោស៤ឆ្នាំ តែទោសនៅសល់៣ឆ្នាំត្រូវបាន​ភ្ជួរទោស។

កាលពីចុងឆ្នាំ២០១៥​ មានបុរសមួយក្រុមក្នុងនោះ ដែលគេស្គាល់ថា មានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៣នាក់​ គឺលោក សុត វណ្ណី និងលោក ម៉ៅ ហឿន និងលោក ឆាយ សារិទ្ធ បានចេញមុ​ខ​សារ​ភាពថា ពួកគេបានព្រួត​គ្នាវាយ​ទាត់ធាក់អ្នកតំណាងរាស្ត្រពីររូបរបស់គណប​ក្សស​ង្គ្រោះ​​​ជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន។

ក្រោយពីតុលាការដោះលែង លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្លើ​ង​ឋា​នន្តរស័ក្តិ ពីថ្នាក់វរសេនីយ៍ទោ(ស័ក្ត៤កន្លះ) ទៅ​វរ​​​​សេនី​យ៏​ឯក(ស័ក្ត៥)។

បន្ថែមពីនេះទៀត ក្នុងព្រះរាជក្រឹត្យកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលទើបត្រូវបានផ្សព្វផ្សាយថ្មីៗនេះ បង្ហាញថា លោក ឆាយ សារិទ្ធ ត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯក(ស័ក្ត៥)ទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ខណៈតុលាការ​កាត់ទោ​ស៤ឆ្នាំ តែព្យួរទោស៣​ឆ្នាំទៀ​ត បន្ទាប់ពីជាប់ពន្ធ​នាគារ​​បានតែ​មួយ​ឆ្នាំ​​។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាការដំឡើងឋានន្តរស័ក្តិ​ដល់អង្គរក្សលោក ហ៊ុន​ សែន ម្នាក់ទៀត ជាការផ្តួចផ្តើមពីមន្ត្រីថ្នាក់ក្រោម ដោយលោកថានេះ​បង្ហាញ​ឲ្យ​ឃើញ​ពីគំរូមិនល្អ នឹងធ្វើឲ្យពលរដ្ឋអស់​ជំនឿលើក​ការដឹក​នាំ​របស់​រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ «ការដំឡើងឋានៈដែលផ្តល់ជូនដោយជនដែលធ្លាប់ប្រព្រឹត្តអំពើហិង្សាជាសាធារណៈ គឺជាគំរូអាក្រក់មួយ ហើយនាំឲ្យមហាជនគេមើលឃើញអំពីចំណុចខ្សោយនៅក្នុងការដឹកនាំ នៅក្នុងជួរកងប្រដាប់អាវុធ»។

មេធាវី សុក សំអឿន មានប្រសាសន៍ថានៅក្នុងច្បាប់មិនបានចែងហាមមិនឲ្យដំឡើងដំឡើងឋានន្តរស័ក្តិដល់បុគ្គលដែលត្រូវបានតុលាការកាត់ទោសនោះទេ ប៉ុន្តែលោកថាការដំឡើងឋានន្តរស័ក្តិដល់អង្គរក្សរបស់លោក ហ៊ុន សែន នៅពេលនេះអាចធ្វើ​​ឲ្យ​ពលរដ្ឋមួយចំនួនពិចារណាក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ​នេះ។ លោកយល់ថា៖ «រឿងចឹងវាអាចធ្វើឲ្យមានការប៉ះពាល់ មានឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោត អ្នកបោះឆ្នោតអាចមានការដូរចិត្ត ជួនកាលសន្លឹកឆ្នោតថយចុះ អាចធ្វើឲ្យអ្នកនយោបាយចាប់ផ្តើមគិតរឿងហ្នឹង ហើយធ្វើអ្វីត្រូវមានការប្រុង ប្រយ័ត្ន គោរពច្បាប់ច្បាស់លាស់»។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​ មនុស្សមួយក្រុម​ដែលគេស្គាល់ថាជាអ្នកគាំទ្រគ​ណប​ក្ស​​ប្រ​ជាជនកម្ពុជា បានប្រមូលផ្តុំគ្នាមុខមន្ទីររដ្ឋសភា ធ្វើបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញ​ពី​អនុប្រ​ធានទី១នៃរដ្ឋសភា។

ជាមួយគ្នានោះ មានបុរសមួយក្រុមក្នុងនោះមានអង្គរក្សលោក ហ៊ុន សែន ៣នាក់ បានព្រួតគ្នា​វាយ​ទាត់ធាក់​អ្នកតំណាងរាស្ត្រពីររូបរបស់គណប​ក្សស​ង្គ្រោះ​​​ជាតិគឺលោក គង់ សភា និងលោក ញ៉យ ចំរើន​ ពេល​ពួកគេ​ចេញ​ពីប្រជុំនៅ​មន្ទីរ​រដ្ឋសភា។

ហិង្សានោះបានបង្កឲ្យខូចខាតរថយន្តនិងបង្កឲ្យជនរងគ្រោះជាតំណាងរាស្ត្របក្សប្រឆាំង បែកឈា​មពេ​ញ​​​​ផ្ទៃមុ​ខ​និងសន្លប់​ដេកដួ​ល​​នៅ​លើដី និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ