លោក ហ៊ុន​ សែន គំរាមលោក​ មាស នី និងបក្សប្រឆាំង

លោក មាស នី និងលោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមចំៗទៅលើអ្នកវិភាគនិងមន្ត្រីបក្សប្រឆាំង ដែលបានរិះគ​ន់លោកក​រ​​ណី​​ស្នើ​ឲ្យ​កែ​ច្បាប់រំលាយប្រធានក្រុមមតិភាគតិចក្នុងសភានិងការ​រារាំង​មិនឲ្យ​មន្ត្រីរបស់​លោកចូ​​ល​បំ​​ភ្លឺ​ក្នុ​​​​ង​ស​ភា តបតាមគម្រោងស្នើសុំរបស់តំណាងរាស្ត្របក្សប្រឆាំង។

កាល​ពីថ្ងៃទី៣១ ខែមករា តំណាងរាស្ត្រគណបក្សប្រឆាំងធ្វើពហិកាមិនចូលរួមកែបទបញ្ជាផ្ទៃក្នុងឲ្យរំ​លា​​​យ​ប្រធានក្រុ​មមតិ​ភាគ​តិចនិងភាគច្រើនក្នុងសភាទេ ព្រមទាំងធ្វើសន្និសិទសារព័ត៌មាននៅ​ស្នាក់​ការបង្ហា​​​ញជំហរថា ការធ្វើវិសោធនកម្មរំលាយតួនាទីប្រធានក្រុមមតិភាគតិច​នោះ​​​​​​ ធ្វើឲ្យបាត់តុល្យភាពអំណាច​ក្នុងសភា និង​ថា​បានជំរុញឲ្យយ​ន្តការប្រជា​ធិប​​តេយ្យ​​​ដើរថយក្រោយ។

ក្នុងសន្និសីទនោះដែរ បក្សប្រឆាំងអះអាងថា ការដែលតំណាងរាស្ត្ររបស់ខ្លួនមិន​ចូលប្រជុំ​សភាពេ​ញ​អង្គ​​​ដើម្បីធ្វើវិសោធនកម្មកែបទបញ្ជាផ្ទៃក្នុងនោះ មិនមែនមានន័យថាបក្សខ្លួនមិនចូលធ្វើការក្នុងសភាទេ ពោ​ល​​គឺថា សមាជិ​កសភាទាំងអស់ក្នុង​គណៈ​កម្ម​ការនឹងនៅបំពេញការងារដូចធម្មតា។

បក្សប្រឆាំងពេលនោះក៏អះអាងដែរថា តាមរយៈគណៈកម្មការនេះ ពួកគេនឹងកោះហៅរដ្ឋមន្ត្រីយ៉ា​ងតិច៣​រូបឲ្យចូលភ្លឺក្នុងសភា ដូច​ជារ​ដ្ឋ​​មន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រី​ក្រសួ​ងការពារជាតិ លោ​​ក ទៀ បាញ់ ដើម្បី​សួ​រដេញដោយពីភាពមិនប្រក្រតីមួយចំនួន ដែលជា​ការទទួ​លខុសត្រូ​វរបស់​ស្ថាប័​ន​នោះ​​។

មួយ​​ថ្ងៃ​ក្រោយមក លោក ហ៊ុន សែន បានប្រកាសថា លោកមិនអនុញ្ញាតិឲ្យរ​ដ្ឋមន្ត្រីដែល​បក្សប្រ​ឆាំ​ងគ្រោ​​​ងកោះហៅនោះ ចូល​​​​​​ទៅ​បង្ហា​ញខ្លួននៅក្នុងសភាទេ បើបក្សប្រឆាំ​ងបន្តធ្វើព​ហិ​កា​មិ​នចូលប្រជំសភាពេញអង្គនោះ។

បន្ថែ​មពីនេះទៀត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែកុម្ភៈនេះ លោក ហ៊ុន សែន ព្រមានថា បើប្រធានរដ្ឋសភា លោក ហេង សំរិន ប្រកាសសុពលភាពនៃការលុបចោលតួនាទីប្រធានក្រុមមតិភាគតិចនោះ ហើយ បក្ស​​ប្រ​ឆាំ​​​​ង​​​នៅតែមិនទទួលស្គាល់ទៀត លោកថារដ្ឋាភិ​​បាលនឹងប្រើវិធានការក្តៅ។

លោកថា៖ «ទី១ ផ្តាំទៅលោក សុន ឆ័យ លោកចង់សាកលោកធ្វើលមើល រដ្ឋនេះគឺរដ្ឋ លោកកុំបង្កើតរដ្ឋក្នុងរដ្ឋ កុំបង្កើតសភា២ សភាមួយនៅចាក់អង្រែ សភាមួយនៅត្រង់នេះ[សង្កាត់ទន្លេបាសាក់ ខណ្ឌចំ​ការមក​]កុំយ​ក​​វេ​ទិកា​រប្រជុំ​កាសែតធ្វើរបៀបហ្នឹង លោកសាកមើល បើលោកចិត្តជាកូនប្រុស។ ក្រោយពេ​លដែល​សម្តេ​ចប្រធានសភា លុបប្រកាសនេះហើយ លុបចោលអាការតែងតាំងទាំងឡាយ ហើយលោ​ក​ដើរ​ប្រកាសខ្លួនឯងទៅ លោកសាកលមើល ប្រយ័ត្ន ធ្វើម៉េចក៏ដោយ កុំឲ្យចូ​លបទ​ល្មើ​ស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង អាហ្នឹងគេចាប់អត់មានពេលថយក្រោយទេ»។

មន្ត្រីជា​ន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ លើកឡើងថា ធម្មតាច្បា​ប់ណា​ដែលចូល​​ជាធ​រមា​ន​ សមាជិកសភាត្រូវតែ​គោរព។ ប៉ុន្តែលោកថា​ការធ្វើសន្និ​សីទសារព័​ត៌មាននៅទីស្នាក់​ការគណប​ក្ស លោ​​​កថានៅតែបន្តធ្វើ បើមានករណីចំបាច់។

លោកថា៖ «ការធ្វើសន្និសីទកាសែតជាការងារធម្មតា ដើម្បីបង្ហាញជំហររបស់យើង ដើម្បីកុំឲ្យគេឆ្ងល់ថា ហេតុពីបានជាមិនទៅប្រជុំព្រឹកមិញ ដូចនេះយើងពន្យល់គេពីហេតុផលទៅគេថា​មកពី​ហេតុនេះ។ អាហ្នឹ​ង​ជា​​សិ​​ទ្ធិរបស់យើង។ យើងមិនដឹងថាវាខុសអី ព្រោះវាជាសិទ្ធិសេរីភាពជាធរមាន អាហ្នឹងជា​សិទ្ធិផ្តាច់មុ​ខរ​បស់​យើង។ ខ្ញុំចេះរកនឹកពីកំហុសមិនឃើញ»។

បន្ទាប់ពីព្រមានបក្សប្រឆាំង លោក ហ៊ុន សែន ក៏បានព្រមានចំៗទៅកាន់អ្នកវិភាគនយោបាយមួយរូបដែ​លជាដៃគូវិភាគជាមួយលោក កែម ឡី គឺលោកបណ្ឌិត មាស នី ដោយលោក ហ៊ុន សែន ហាក់​បាន​ស្តី​ប​ន្ទោ​​​សថា មិនបាច់លើកយកមា​ត្រា៩៧នៃ​រដ្ឋ​ធ​ម្ម​នុ​​ញ្ញ​មករិះគន់លោក ពេលលោករារាំងមិនឲ្យ​​រដ្ឋមន្ត្រី​​របស់​លោ​ក រួមទាំងលោក ទៀ បាញ់ផងចូលបំភ្លឺនោះទេ។ លោ​ក ហ៊ុន សែន ថ្លែងបែបឌឺដងថា លោក​មិនមែ​នជា​បណ្ឌិតទេ តែលោកជាឪបណ្ឌិត។

លោកថា៖ «នែលោក មាស នី ខ្ញុំផ្តាំទៅលោក។ លោកឲ្យល្មមៗបានហើយ ខ្ញុំចេះដែរតើ ព្រោះខ្ញុំ​ឪបណ្ឌិ​តដែរតើ ខ្ញុំមិនអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំវាមានបណ្ឌិត ហើយបណ្ឌិតហ្នឹង​ប្រហែលជាមិន​អន់ជាងលោកទេ សេដ្ឋ​កិច្ចក៏មាន នយោបាយក៏មាន ហើយបណ្ឌិតខាងផ្នែកយោធា មិនមែនវិភាគអីតែលោក»។

មាត្រា៩៧ចែងថា៖ «គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ចើញរដ្ឋមន្ត្រីមកបំភ្លឺ​អំពីបញ្ហាអ្វីមួ​យដែ​ល​ពា​​ក់ព័ន្ធ​និងវិស័យទទួលខុសត្រូវរបស់ខ្លួន»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំឈ្មោះលោកនៅពេលនេះ លោកថាសញ្ញាណព្រួ​យបារម្ភ​មួយ បើពិនិ​​ត្យមើលពីឃា​ត​ក​ម្ម​​លើលោក កែម ឡី ដែលបានកើតឡើងជិតកន្លះឆ្នាំមក។ ប៉ុន្តែលោកថាការបារម្ភនោះ មិនទាន់​ជំរុញ​ឲ្យ​​​លោ​កគិតថានឹងចេញទៅក្រៅប្រទេស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ។

លោកថា៖ «មានបទពិសោធគ្រប់គ្រាន់ដែលធ្វើឲ្យយើងមានការភ័យខ្លាច ប៉ុន្តែសម្រាប់រូបខ្ញុំនេះ អត់ត្រូវ​កា​រភា​​​សខ្លួនអីទៅទីណាទេ ព្រោះខ្ញុំជាអ្នករស់នៅជាពលរដ្ឋសាមាញ់ម្នាក់ ដើរទៅណាក៏​ខ្ញុំដើរទៅតែម្នាក់ឯង។​ ហើយពិសេសកា​រងាររបស់ខ្ញុំបច្ចុ​ប្បន្ន តែងតែតត្រុ​កទៅតាមជនប​ទដាច់ស្រយា​ល។ អញ្ចឹងក្នុងកា​លៈទេ​សៈដែល​គេចង់ធ្វើអីយើងឬក៏នរណាមួយប៉ុនប៉ងធ្វើអីយើង ខ្ញុំថាខ្ញុំហ្នឹងដូច​ជាកូ​នក​ង្កែប​ ដែ​ល​គេ​អាចធ្វើ​អីពេលណាក៏បានដែរ។ អញ្ចឹងវាមិនមែនមានន័យថា ខ្ញុំហ្នឹងមិនខ្លាចទេ ប៉ុន្តែខ្ញុំមា​នមូ​លហេ​តុ​​នៃការភ័យខ្លាចរបស់ខ្ញុំ»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងបើកផ្លូវឲ្យ​​​មន្ត្រីរបស់លោកចូលទៅបំភ្លឺក្នុងសភាតាម​កា​រកោះអញ្ចើញរបស់តំណាងរាស្ត្របក្សប្រឆាំងដូចពេលមុនៗ ដោយដាក់លក្ខខណ្ឌថា ដរាបណាតំ​ណា​ង​រា​ស្ត្រ​បក្សប្រឆាំងចូ​​លធ្វើការពេញលេញក្នុងសភាឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ