ខណៈការបោះឆ្នោតជិតមកដល់និងមានការគំរាមជាបន្តបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចនោះ មេដឹកនាំបក្សប្រឆាំងមួយរូបបានផ្ញើសារនយោបាយថាមានតែការអត់ធ្មត់មិនតបតនិងពង្រឹងផ្ទៃក្នុងទេ ទើបអាចឈានទៅឈ្នះការបោះឆ្នោតនាពេលខាងមុខ។
ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវោហាសាសន៍វាយបកទៅលើមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសជាបន្តបន្ទាប់។
ជម្លោះពាក្យសម្តីជាបន្តបន្ទាប់នេះ លោក ហ៊ុន សែន ជំរុញឲ្យកែច្បាប់គណបក្សនយោបាយ ដោយថាដើម្បីផាត់ លោក សម រង្ស៊ី ចេញពីឆាកនយោបាយទៀតផង។
ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែកុម្ភៈ ក្រោយពីចុះជួបសកម្មជនរបស់ខ្លួននៅខេត្តកណ្តាលអះអាងដូចនេះថា៖ «ដើម្បីឈានទៅយកជ័យជម្នះតាមរយៈការបោះឆ្នោតនាពេលខាងមុខ សូមឲ្យបងប្អូនផ្ដោតលើកិច្ចការរបស់យើងជាជាងភ្ញាក់ផ្អើលនូវអ្វីដែលគេបង្កបង្កើតដើម្បីរំខានយើង។ យើងស្ទើរតែមិនចាំបាច់និយាយច្រើនពីគេពេកទេ ព្រោះសាធារណៈមតិ ទាំងជាតិនិងអន្ដរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរបានឃើញ បានឮ និងបានយល់អស់ហើយ តើអ្នកណាបានធ្វើនូវអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិឬប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរនោះ។ ភាពជោគជ័យរបស់យើង គឺអាស្រ័យលើការរួបរួមគ្នា តម្កល់ផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋខ្មែរជាធំ។ ការដឹកនាំជាក្រុម ជាប្រព័ន្ធ មិនមែនស្រេចតែលើបុគ្គលឬបក្សពួក។ នោះហើយដែលមិនអាចធ្វើឲ្យយើងបែកបាក់បាន»។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៊ូ បញ្ញា លើកឡើងថា បក្សប្រឆាំងពេលនេះហាក់ដើរដល់ផ្លូវមួយគ្មានជម្រើសក្រៅពីថ្នមស្ថានការណ៍នយោបាយកុំឲ្យឡើងកម្តៅពន្យារដល់ថ្ងៃបោះឆ្នោត។
លោក ប៊ូ បញ្ញា លើកឡើងទៀតថាការបង្កើនធនធានមនុស្សនិងការពង្រឹងផ្ទៃក្នុងរបស់បក្សដែលមិនទាន់បានគ្រប់គ្រងអំណាចមួយនេះ អាចជាការទាក់ទាញប្រជាប្រិយភាព ខណៈពលរដ្ឋភាគច្រើនមិនពេញចិត្តនឹងភាពអសកម្មរបស់រដ្ឋាភិបាលរួមទាំងឃាតកម្មបាញ់សម្លាប់លោក កែម ឡី។
លោកថា៖ «គណបក្សប្រឆាំងហ្នឹងមិនខ្លាំងប៉ុន្មានទេ ខ្ញុំមើលទៅដោយសារតែគណបក្សកាន់អំណាចខ្លួនឯងទេវាអន់។ អន់យ៉ាងម៉េច អន់ត្រង់ថាធ្វើចំនុចអវិជ្ជមានជាច្រើនឲ្យប្រជាពលរដ្ឋដឹង ឲ្យប្រជាពលរដ្ឋឃើញ ឲ្យសាធារណជនឃើញ ឲ្យអន្តរជាតិឃើញ។ ដោយសារខ្លួន[បក្សកាន់អំណាច]ហ្នឹងប្រឹងពេក ប្រឹងអាការងារណាមិនល្អ។ អញ្ចឹងហើយបានជាខ្ញុំគិតថា បានធ្វើឲ្យប្រជាពលរដ្ឋ អ្នកដែលគ្មានជម្រើសហ្នឹង គឺបោះឆ្នោតឲ្យបក្សប្រឆាំងហើយ។ ខ្ញុំគិតថាអញ្ចឹង»។
បើតាមលោក ប៊ូ បញ្ញា ភាពអត់ការងារធ្វើ អំពើពុករលួយ បក្ខពួកនិយម ការរឹបអូសយកដីធ្លីពីអ្នកក្រ ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ មិនវែកមុខអ្នកពាក់ព័ន្ធមកផ្តន្ទាទោស អយុត្តិធម៌សង្គម និងបញ្ហាបូរណភាពទឹកដីជាដើម លោកថាទំនងជាប្រធានបទសម្រាប់ជាជម្រើសរបស់ពលរដ្ឋក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មីនៅថ្ងៃបោះឆ្នោតខាងមុខ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា លើកឡើងថា បើគណបក្សមួយមានឥទ្ធិពលចេះតែបន្តរុញគណបក្សមួយទៀតជាដៃគូប្រកួតឲ្យទល់ជញ្ជាំងមិនអាចធ្វើអីកើតរហូតនោះ លោកថាជម្លោះផ្ទៃក្នុងនឹងអាចកើតឡើងដោយជៀសមិនរួច បើភាគីម្ខាងខ្វះការអត់ធ្មត់។
លោក វង់ សុធារ៉ា លើកឡើងទៀតថាជាមេរៀនប្រវត្តិសាស្ត្រ កាលណាកម្ពុជាមានជម្លោះផ្ទៃក្នុង លោកថាអ្នកដែលរងគ្រោះពីជម្លោះនយោបាយគឺពលរដ្ឋនិងសកម្មជននយោបាយ មិនមែនមេដឹកនាំកំពូលទេ។ លោកថារីឯអ្នកទទួលផលពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា គឺប្រទេសជិតខាង។
លោកថា៖ «បើសិនជាម្ខាងទៀតនៅស្ងៀមមិនមាត់មិនក ដោយសារខ្លាចស្រុកហ្នឹងវាអសន្តិសុខ មិនអីទេ។ ប៉ុន្តែបើសិនជានៅបន្តតទៅទៀត ស្រាប់តែមានបរទេសនៃប្រទេសជិតខាងឈ្លៀតឱកាសគាំទ្រពីក្រោយខ្នងទៀតទៅ ធ្វើម៉េចទៅ ស្រុកយើងមិនធ្លាក់ក្នុងសង្គ្រាមទៀត មិនអាចជៀសរួច។ ហើយធម្មតា កាលណាគេនៅពីក្រោយខ្នងនៃក្រុមណាមួយ ក្រុមហ្នឹងមុខតែធ្វើអីមួយដើម្បីគេវិញហើយ មុខនឹងលះបង់ស្អីខ្លះដើម្បីគេវិញហើយ។ ហើយយើងដឹងហើយថា អ្នកជិតខាងគេចង់បានអីពីយើង យើងដឹងទាំងអស់គ្នា ទី១គឺសេដ្ឋកិច្ច ទី២គឺទឹកដីហ្នឹងតែម្តង។ បើខាងកើត[វៀតណាម]វិញត្រូវការទឹកដី ទាំងទឹកដីទាំងសេដ្ឋកិច្ច ហើយខាងលិច[ថៃ]ក៏ដូចតែគ្នាដែរ ច្រឹបយកគ្មានសល់»។
បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនោះ អ្វីដែលធ្វើឲ្យពលរដ្ឋខ្មែរទទួលបានសន្តិភាពយូរអង្វែងរស់នៅក្នុងសង្គមខ្មែរតែមួយ លោកថាត្រូវធ្វើឲ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ គ្មាននិន្នាការនយោបាយ។
ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូប គឺលោក លឺ ឡាយស្រេង លើកឡើងដែរថា បច្ចុប្បន្នលោក ហ៊ុន សែន អាចបញ្ជាទៅស្ថាប័នកំពូលណាមួយរបស់ជាតិឲ្យធ្វើអ្វីក៏បាន។ ប៉ុន្តែលោកព្រមានថា ប្រជាប្រិយភាពនឹងធ្លាក់ទៅលើបក្សប្រឆាំងវិញ បើការរធ្វើកំណែទម្រង់ឬការស្នើឲ្យកែច្បាប់នោះ មិនបានធានាដល់ប្រយោជន៍ម្ចាស់ឆ្នោតនោះនិងប្រទេសជាតិ៕